ការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន មានអត្ថន័យសំខាន់ពិសេស
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាមប្រចាំនៅចិន លោកសាស្ត្រាចារ្យ Zhu Zhenming មកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ (ទីក្រុងគុនមីង ប្រទេសចិន) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ គឺជាការបង្ហាញយ៉ាងរស់រវើកនៃការអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនវៀតណាមនិងការចូលរួមក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។
លោកសាស្ត្រាចារ្យ Zhu Zhenming មកពីវិទ្យាស្ថានស្រាវជ្រាវអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ (ទីក្រុងគុនមីង ប្រទេសចិន)។ (រូបថត៖ TTXVN) |
លោកសាស្ត្រាចារ្យ Zhu Zhenming ចាត់ទុកថា ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋាភិបាល
វៀតណាមបានអនុវត្តន៍កំណែទម្រង់សំខាន់ៗជាច្រើន ដូចជាការកែសម្រួលអង្គភាពរដ្ឋបាល ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការបង្រួមក្បាលម៉ាស៊ីនរដ្ឋបាល។ នៅក្នុងបរិបទនោះ ការដឹកនាំប្រកបដោយឯកភាពរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមជ្ឈិមនិងមូលដ្ឋាន រវាងបណ្ដាក្រសួង ស្ថាប័ន វិស័យ រួមជាមួយនឹងការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល បានរួមចំណែកធានាឲ្យការបោះឆ្នោតត្រូវបានធ្វើឡើងប្រកបដោយសណ្ដាប់ធ្នាប់និងប្រសិទ្ធភាព។
អ្នកជំនាញអំពីអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍រូបនេះ ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ការបោះឆ្នោតទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងយ៉ាងសកម្មពីប្រជាជនគ្រប់មជ្ឈដ្ឋានលើទូទាំងប្រទេស។ អ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោត ដោយបង្ហាញពីស្មារតីប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់ពលរដ្ឋ តាមនោះរួមចំណែកដល់ការជ្រើសតាំងបុក្គលដ៏សក្តិសមដែលតំណាងឲ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន៕