នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអនុប្រធាន អគ្គនាយកសកលនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor
(VOVWORLD) - នារសៀលថ្ងៃនេះ (១២ តុលា) នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Ji Rong Rip អនុប្រធាន អគ្គនាយកសកលនៃ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor (សហរដ្ឋអាមេរិក កូរ៉េខាងត្បូង)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអនុប្រធាន អគ្គនាយកសកលនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor (រូបថត៖ VNA) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាម និងអាមេរិកទើបតែបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយបានឯកភាពធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភថ្មីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ កូរ៉េខាងត្បូងក៏បានក្លាយជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាមលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ដូច្នេះ ក្នុងបរិបទ FDI សកលបន្តបង្វែរទិស វៀតណាមមានបំណងទាក់ទាញទុនវិនិយោគប្រកបដោយគុណភាពខ្ពស់ ជាពិសេសសហគ្រាសឈានមុខដូចជា Amkor ក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក ឈីប semiconductor ។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងស្រាវជ្រាវ និងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស រួមជាមួយនឹងស្ថាប័ន គោលនយោបាយ និងយន្តការសមស្រប ដើម្បីទាក់ទាញសហគ្រាសផលិត និងរចនា semiconductor របស់ពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចូលមកវៀតណាម។
អនុប្រធានអគ្គនាយក Amkor លោក Ji Rong Rip បានបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុននឹងបន្តវិនិយោគនៅវៀតណាម បង្កើតប្រព័ន្ធ semiconductor របស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាម។ ជាការកត់សម្គាល់ លោកបានបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន Amkor ចង់បង្កើនការប្រើប្រាស់វិស្វករ និងបុគ្គលិកដែលមានសមត្ថភាពខ្ពស់នៅវៀតណាម គួបផ្សំនឹងការកៀរគរវិស្វករ និងអ្នកជំនាញដែលមានសមត្ថភាពខ្ពស់មកពីមូលដ្ឋានដទៃរបស់សម្ព័ន្ធក្រុមហ៊ុននៅជុំវិញពិភពលោក៕