ភាគីនានាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សាជាផ្លូវការ

(VOVWORLD) - នៅព្រឹកថ្ងៃទី ១៧ មករា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា តំណាងអ៊ីស្រាអែល ចលនាហាម៉ាសអ៊ីស្លាម សហរដ្ឋអាមេរិក និងកាតា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

កាសែត Jerusalem Post បានរាយការណ៍ថា ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងដូហា (កាតា) បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលអ៊ីស្រាអែលនឹងពន្យារពេលសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតលើបញ្ហានេះ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា។ ដូច្នេះការដោះលែងចំណាប់ខ្មាំងបីនាក់ដំបូងនឹងត្រូវពន្យារពីថ្ងៃទី ១៩ មករា ដល់ថ្ងៃ ២០ មករា។ យោងតាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានជូនដំណឹងអំពីកិច្ចព្រមព្រៀងនេះ។ កិច្ចប្រជុំរដ្ឋាភិបាលដើម្បីអនុម័តផែនការពាក់ព័ន្ធនឹងធ្វើឡើងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនយោបាយ-សន្តិសុខ។

ភាគីនានាចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សាជាផ្លូវការ - ảnh 1ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាអបអរបន្ទាប់ពីក្រុមហាម៉ាស និងអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។ រូបថត៖ THX/TTXVN

មុននោះ កាលពីថ្ងៃទី១៥ ខែមករា អេហ្ស៊ីប កាតា និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah El-Sisi បានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងមានបីដំណាក់កាល ដោយចាប់ផ្តើមពីថ្ងៃទី ១៩ ខែមករា។ ដំណាក់កាលទីមួយនឹងមានរយៈពេល ៤២ ថ្ងៃ ក្នុងអំឡុងពេលដែលកងទ័ពអ៊ីស្រាអែលនឹងដកខ្លួនចេញពីតំបន់ដែលមានប្រជាជន ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរចំណាប់ខ្មាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ