លោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថា មិនចង់បន្តដំឡើងពន្ធសម្រាប់ចិនទេ

(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា (ម៉ោងក្នុងស្រុក) ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅក្នុងការិយាល័យរាងពងក្រពើ លោកប្រធានាធិបតីត្រាំបានឲ្យដឹងថា លោកមិនចង់បន្តបង្កើនកម្រិតពន្ធនោះទេ ហើយបាននិយាយបញ្ចិតបញ្ចៀងថា លោកអាចពិចារណាបន្ថយកម្រិតពន្ធនេះ។ 

លោកត្រាំ ក៏បាននិយាយផងដែរថា មន្ត្រីដែលលោកជឿថាតំណាងឱ្យមេដឹកនាំចិន លោកស៊ី ជីនពីង បានព្យាយាមចាប់ផ្តើមកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។

សូមរំលឹកឡើងវិញថា សហរដ្ឋអាមេរិកនិងចិនបាននិងកំពុងដំឡើងពន្ធនាំចូលរបស់គ្នាទៅវិញទៅមកជាបន្តបន្ទាប់នៅក្នុងការប្រឈមមុខគ្នាផ្នែកសេដ្ឋកិច្ចរវាងប្រទេសមហាអំណាចទាំងពីរ ដែលជាផ្នែកនៃរលកពន្ធដ៏ធំទូលាយដែលលោកប្រធានាធិបតី ត្រាំ បានព្យាយាមដាក់លើដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ លោក ត្រាំ បានដំឡើងពន្ធថ្មីដល់ចំនួនសរុប ១៤៥% លើការនាំចូលរបស់ចិនភាគច្រើន ខណៈដែលទីក្រុងប៉េកាំងបានតបតវិញ ជាមួយនឹងពន្ធ ១២៥% លើសហរដ្ឋអាមេរិក។ បើទោះជាពន្ធគយរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតក៏ដោយ ក៏ភាគីទាំងពីរនៅតែបង្ហាញជំហររឹងប៉ឹង។ សេតវិមានជឿជាក់ថា ប្រទេសចិនគួរតែប្រកាន់យកគំនិតផ្តួចផ្តើមដើម្បីចូលទៅជិតជាមុន ខណៈដែលទីក្រុងប៉េកាំងនិយាយថា មិនច្បាស់លាស់អំពីសំណើជាក់ស្តែងពីភាគីអាមេរិក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បាននិយាយថា លោកនឹងពន្យារពេលកិច្ចព្រមព្រៀងអំពី TikTok៕

ប្រតិកម្មទៅវិញ

ផ្សេងៗ