វៀតណាមនិងចិន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ថ្មីៗ

(VOVWORLD) - នារសៀលថ្ងៃទី ៣ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជូនដំណឹងពីលទ្ធផលនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន។

វៀតណាមនិងចិន ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ថ្មីៗ - ảnh 1លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាបេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន។ (រូបថត៖ កាសែត nhandan)

ក្នុងជំនួបពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការអនុវត្តគោលមាគ៌ា គោលដៅទូទៅ ភារកិច្ចសំខាន់ៗ និងរបកគំហើញយុទ្ធសាស្ត្រដែលមហាសន្និបាតលើកទី១៤របស់បក្សបានដាក់ចេញ សំដៅនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍តាមទិសដៅសង្គមនិយម។

លោករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់; ពន្លឿនការតភ្ជាប់ផ្លូវគមនាគមន៍យុទ្ធសាស្ត្រ ជាពិសេសផ្លូវដែក; ពង្រឹងការវិនិយោគដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងចីរភាព ពង្រីកការនាំចូលទំនិញ ជាពិសេសកសិផល និងជលផលពីវៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ សុខាភិបាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាដើម។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្នើឱ្យប្រទេសទាំងពីរអនុវត្តន៍ឲ្យមានប្រសិទ្ធភាពថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំង ដោយផ្តោតលើការអនុវត្តខ្សែរថភ្លើងស្តង់ដារដែលតភ្ជាប់ប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍកម្លាំងផលិតកម្មថ្មីដែលមានគុណភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ