វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាកត្តាសម្រេចនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ ខែមករា នៅសាលប្រជុំយៀន ហុង (Dien Hong) វិមានរដ្ឋសភា លេខាធិការដ្ឋានមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានបើកសន្និសីទទូទាំងប្រទេសស្តីពី របកកំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ។ 
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាកត្តាសម្រេចនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់វៀតណាម - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋបានទៅទស្សនាតំបន់តាំងពិព័រណ៌ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា  នវានុវត្តមន៍ ការផ្លាស់ប្តូរឌីជីថល (រូបថត៖ VOV)

ចូលរួមសន្និសីទនេះមានវត្តមានអគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។ សន្និសីទនេះត្រូវបានធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណេត តភ្ជាប់បណ្តាញ ទៅកាន់ទីតាំងចំនួន ១៥.០០០ កន្លែងលើទូទាំងប្រទេស ដោយមានប្រតិភូជិត ៩៨០.០០០ នាក់ចូលរួមផងដែរ។

សន្និសីទនេះមានគោលបំណង វាយតម្លៃការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងផ្សព្វផ្សាយ និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧  ចុះថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ បង្កើតការផ្លាស់ប្តូរដ៏ជោគជ័យក្នុងការយល់ដឹង និងការអនុវត្ត។ នៅក្នុងសន្និសីទនេះ គណៈកម្មាធិការចាត់តាំងមជ្ឈិមបានប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយក្នុងការបង្កើតគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា - នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្រោមឧិវាទការិយាល័យនយោបាយ ដែលដឹកនាំដោយអគ្គលេខាបក្ស លោក តូ ឡឹម ជាប្រធានគណៈកម្មាធិការដឹកនាំ។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋតែងតែចាត់ទុកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកត្តាសម្រេចនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ ហើយជាគោលនយោបាយជាតិកំពូល។

“ជាមួយនឹងគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ យើងត្រូវចាត់ទុកវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងជំរុញដ៏សំខាន់។ នេះគឺជាគន្លឹះមាស ដែលជាកត្តាស្លាប់រស់ដើម្បីជម្នះអន្ទាក់ចំណូលមធ្យម និងហានិភ័យនៃការធ្លាក់ពីក្រោយ ក៏ដូចជាការសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រទេសជាតិសម្រាប់ភាពរឹងមាំ និងវិបុលភាព”។

លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមកំពុងនៅចំពោះមុខឱកាសដ៏ធំធេងមួយដើម្បីស្ទុះឈានទៅមុខ ដូច្នេះចាំបាច់ត្រូវប្តេជ្ញាអនុវត្តបដិវត្តន៍អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីកុំឲ្យរំលងឱកាសនេះទាល់តែសោះ៖

“ខ្ញុំសូមអំពាវនាវឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល សាមគ្គីគ្នា និងដោយមានភាពច្នៃប្រឌិត ដើម្បីអនុវត្តប្រកបដោយជោគជ័យភារកិច្ច នាំសេចក្តីសម្រេចចិត្តលេខ ៥៧ ឈានចូលក្នុងជីវភាពរស់នៅប្រចំាថ្ងៃ  កសាងប្រទេសវៀតណាមប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងខ្លាំងមាំមួន។ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល មិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីនៃការរស់រានមានជីវិតផងដែរ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវចាត់ទុកនេះជាកិច្ចការនយោបាយដ៏សំខាន់; អ្នកវិទ្យាសាស្ត្រ និងធុរកិច្ចគួរតែចូលរួមចំណែក និងមានភាពច្នៃប្រឌិត; ប្រជាជនត្រូវរួមដំណើរ រៀនសូត្រ និងលើកកម្ពស់ជំនាញឌីជីថល”។

មុននោះ នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានយល់ជ្រួតជ្រាបរាល់ខ្លឹមសារ និងស្មារតីនៃកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧; ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានបង្ហាញនូវគោលនយោបាយ និងដំណោះស្រាយលើរបៀបរបបច្បាប់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ