សហភាពអឺរ៉ុបអនុម័តបទប្បញ្ញត្តិជាផ្លូវការ ដើម្បីលុបបំបាត់ការនាំចូលឧស្ម័នពីរុស្ស៊ីជាបណ្តើរៗ
(VOVWORLD) - ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានប្រកាសនាថ្ងៃទី ២៦ ខែមករាថា ប្រទេសចំនួន ២៧ នៃប្លុកនេះបានអនុម័តលើបទប្បញ្ញត្តិជាផ្លូវការ សំដៅលុបបំបាត់ជាបណ្តើរៗ ការនាំចូលឧស្ម័នពីរុស្ស៊ី រួមទាំងឧស្ម័នដឹកជញ្ជូនតាមបំពង់បង្ហូរ និងឧស្ម័នធម្មជាតិរាវ (LNG)។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់ថា បទប្បញ្ញត្តិនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការសម្រេចគោលដៅ REPowerEU សំដៅបញ្ជប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលរបស់រុស្ស៊ី។ បទប្បញ្ញត្តិថ្មីក៏រួមបញ្ចូលវិធានការដើម្បីបង្កើនការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព និងធ្វើពិពិធកម្មប្រភពថាមពលផងដែរ។
ការហាមឃាត់នេះនឹងចូលជាធរមានក្រោយរយៈពេលប្រាំមួយសប្តាហ៍ បន្ទាប់ ពីបទប្បញ្ញត្តិនេះចូលជាធរមាន។ កិច្ចសន្យាដែលមានស្រាប់នឹងមានរយៈពេលអន្តរកាល។ វិធីសាស្រ្តជាជំហានៗនេះនឹងកំណត់ផលប៉ះពាល់លើតម្លៃនិងទីផ្សារ។ ការហាមឃាត់ទាំងស្រុងនឹងចូលជាធរមានលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ចាប់ពីដើមឆ្នាំ ២០២៧ និងលើការនាំចូលឧស្ម័នបំពង់បង្ហូរប្រេងចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៧។ ការរំលោភលើបទប្បញ្ញត្តិថ្មីអាចបណ្តាលឱ្យមានការពិន័យយ៉ាងហោចណាស់ ២,៥ លានអឺរ៉ូ (២,៩៦ លានដុល្លារអាមេរិក) សម្រាប់បុគ្គល និងយ៉ាងហោចណាស់ ៤០ លានអឺរ៉ូសម្រាប់ក្រុមហ៊ុន។ គណៈកម្មការអឺរ៉ុបក៏មានគម្រោងស្នើចេញច្បាប់ដើម្បីលុបបំបាត់ការនាំចូលប្រេងពីប្រទេសរុស្ស៊ីជាបណ្តើរៗ នៅចុងឆ្នាំ ២០២៧៕