អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម
(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះ នៅទីក្រុងហាណូយ ការិយាល័យមជ្ឈិមបក្សបានរៀបចំពិធីបើក ការដ្ឋានសាងសង់ គម្រោងសារមន្ទីរបក្សកុម្មុយនិស្តវៀតណាម។ អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ត្រឹន កឹម ទូ។
អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀត ចូលរួមពិធីបើកការដ្ឋានសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ថុង ញ៉ាត់/TTXVN) |
ជាមួយនឹងការរចនាស្ថាបត្យកម្មដែលតំណាងឱ្យ "បន្ទាយដែកកំពុងងើបឡើង" រួមផ្សំជាមួយបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតសារមន្ទីរឆ្លាតវៃ និងទំនើបឈានមុខគេលើពិភពលោក គម្រោងនេះនឹងមិនត្រឹមតែជាកន្លែងសម្រាប់ថែរក្សា អភិរក្ស និងបង្ហាញឯកសារ និងសម្ភារៈប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់បក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់បង្ហាញ និងឆ្លុះបញ្ចាំងពីដំណើរបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជាតិវៀតណាមយ៉ាងពិតប្រាកដ និងរស់រវើកផងដែរ។
អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតអនុវត្តន៍ពិធីបើកការដ្ឋានសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
សារមន្ទីរនេះនឹងក្លាយជាអាស័យដ្ឋានក្រហម សម្រាប់អប់រំអំពីប្រពៃណីបដិវត្តន៍ រួមចំណែកដល់ការពូនជ្រុំជំនឿជាក់ ឧត្តមគតិ និងក្រមសីលធម៌បដិវត្តន៍សម្រាប់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ។ នេះក៏នឹងក្លាយជាកន្លែងមួយដើម្បីណែនាំដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ តួនាទី និងការចូលរួមចំណែកដ៏ធំធេងរបស់បក្សកុម្មុយនិស្ត វៀតណាមចំពោះបុព្វហេតុនៃបដិវត្តន៍រំដោះជាតិទូទាំងពិភព លោក។
សារមន្ទីរនេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៩ ហើយនឹងត្រូវបានសម្ពោធ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតបក្ស (៣ កុម្ភៈ ២០៣០)៕