ឥណ្ឌានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនាវាចរណ៍និងជួយសង្គ្រោះគ្រោះមហន្តរាយ
(VOVWORLD) - នាវា INS Kiltan របស់កងទ័ពជើងទឹកឥណ្ឌា កាលពីថ្ងៃទី២៤ ខែធ្នូ បានចូលចតនៅកំពង់ផែ Nha Rong ទីក្រុងហូជីមិញ ដោយដឹកទំនិញជួយ សង្គ្រោះមនុស្សធម៌ចំនួន១៥តោនជូនចំពោះប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅតំបន់ភាគកណ្ដាល។
នាវា INS Kiltan នៅកំពង់ផែ Nha Rong។
(រូបថត៖ Twitter) |
ដំណើរទស្សនកិច្ចរបស់នាវា INS Kiltan ក៏មានគោលដៅបង្កើនកិច្ច សហប្រតិបត្តិការផ្នែកនាវាចរណ៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហើយចូលរួមចំណែកដល់ការរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ។ តាមការគ្រោងទុក នាវា INS Kiltan នឹងចូលរួមសមយុទ្ធរួមជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាមនៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ធ្នូ ខាងមុខនេះ។
គួរបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌាថា ដំណើរទស្សនកិច្ចរបស់នាវា INS Kiltan នៅវៀតណាម គឺស្ថិតនៅក្នុងក្រប ខ័ណ្ឌ “បេសកកម្ម Sagar-III” ដែលជាផ្នែកមួយក្នុងសកម្មភាពជួយឧបត្ថម្ភ មនុស្សធម៌និងជួយសង្គ្រោះគ្រោះមហន្តរាយរបស់ញូដេលីជូនចំពោះ ប្រទេសស្និទ្ធស្នាលនានា ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតសកល៕