កំណត់គំរូកំណើនថ្មី បង្កើតកម្លាំងចលករសម្រាប់ជំហានលោតផ្លោះ

(VOVWORLD) - នៅក្នុងរបាយការណ៍នយោ បាយ ដែលបានដាក់ ជូនមហាសន្និបាតបក្សលើកទី ១៤  បក្សកុម្មុយនិស្តវៀតណាមបន្តគូសបញ្ជាក់ការប្តេជ្ញាចិត្តសុក្រិត ប្រកបដោយសមកាលកម្ម ស្ថាប័នសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ ជាពិសេស ជាលើកដំបូង គោលគំនិតនៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចចែករំលែកត្រូវបានលើកឡើងជាផ្លូវការ និងទូលំទូលាយ នៅក្នុងឯកសារនៃមហាសន្និ បាត ដែលបង្ហាញពីជំហានអភិវឌ្ឍន៍ថ្មី លក្ខណៈទម្លុះទម្លាយក្នុងការត្រិះរិះទ្រឹស្តី លើការអភិវឌ្ឍសេដ្ឋកិច្ច បើកចេញចក្ខុវិស័យ និងកម្លាំងចលករថ្មីសម្រាប់វៀតណាម។

កំណត់គំរូកំណើនថ្មី បង្កើតកម្លាំងចលករសម្រាប់ជំហានលោតផ្លោះ - ảnh 1ទិដ្ឋភាពនៃមហាសន្និបាត។ រូបថត៖ TTXVN

ចាប់តាំងពីមហាសន្និបាតលើកទី១៣ (២០២១) បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា “សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងកំណើនបៃតងគឺជាគំរូអភិវឌ្ឍន៍ដែលត្រូវបានប្រទេសជាច្រើនជ្រើសរើស”។ ដូច្នេះ សម្រាប់គោល ដៅអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០៣០ វៀតណាមត្រូវតែ "កសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងស្និទ្ធស្នាលជាមួយបរិស្ថាន"។

ជំហានអភិវឌ្ឍថ្មីៗ ក្នុងការត្រិះរិះទ្រឹស្តី

នៅក្នុងរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមលើកទី ១៣ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ នៅក្នុងសម័យនាថ្ងៃទី ២០ ខែមករា អគ្គលេខាបក្ស លោកតូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា៖ “កំណត់គំរូកំណើនថ្មី៖ សេដ្ឋកិច្ចពុទ្ធិ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ។ ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពល ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ និងជាប្រព័ន្ធ ដោយផ្សាភ្ជាប់ជាមួយសន្តិសុខថាមពល សន្តិសុខបរិស្ថាន និងតម្រូវការនៃការប្រកួតប្រជែង។ ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព; ជំរុញអាជីវកម្មឱ្យច្នៃប្រឌិតបច្ចេក វិទ្យា លើកកម្ពស់ស្តង់ដារ; សម្របខ្លួនយ៉ាងសកម្មទៅនឹងស្តង់ដារថ្មីនៃពាណិជ្ជកម្ម និងការវិនិយោគសកល”

កំណត់គំរូកំណើនថ្មី បង្កើតកម្លាំងចលករសម្រាប់ជំហានលោតផ្លោះ - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹម បង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមនិតីកាលទី១៣ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតបក្សលើកទី ១៤។ រូបថត៖ TTXVN

យោងតាមអ្នកបង្កើតគោលនយោបាយ ការដាក់បញ្ចូលគោលគំនិតដូចជា សេដ្ឋកិច្ចពុទ្ធិ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ ត្រូវបានចែងនៅក្នុងឯកសារដាក់ជូនមហាសន្និបាតបក្សលើកនេះ មិនត្រឹម តែជាការដាក់បំពេញបន្ថែមពាក្យបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការអភិវឌ្ឍថ្មីក្នុងការត្រិះរិះទ្រឹស្តីអំពីសេដ្ឋកិច្ចទីផ្សារនៅវៀតណាម ស្របតាមនិន្នាការផ្លាស់ប្តូរសកល។ សាស្ត្រាចារ្យរង បណ្ឌិត ដាវ ង៉ុក ទៀន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស បានឲ្យដឹងថា៖ "នេះគឺជាការផ្លាស់ប្តូរ ជាជំហានលោតផ្លោះ អំពីការត្រិះរិះ ការផ្លាស់ប្តូរលើការយល់ដឹង ខណៈពេលដែលយើងបាននិយាយច្រើនដល់សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។  ប្រសិនបើយើងប្រដេញទាន់និន្នាការថ្មីៗ ទាំងនេះ ក្នុងនាមជាអ្នកនាំមុខក្នុងនិន្នាការថ្មីៗទាំងនេះ យើងនឹងមានអត្ថប្រយោជន៍ប្រកួតប្រជែង។ តាមនោះ សេដ្ឋកិច្ចនិងអាជីវកម្មរបស់វៀតណាម នឹងមានមូលដ្ឋានគ្រឹះរឹងមាំជាង ដើម្បីជំនះពុះពាររាល់ការលំបាក បញ្ហាប្រឈម និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក”

ដោយមានទស្សនៈដូចគ្នា លោក ហ័ង វ៉ាន់ គឿង សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃរដ្ឋសភា បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ កំពុងក្លាយជានិន្នាការផ្លាស់ប្តូរសកល ហើយនេះគឺជានិន្នាការចាំបាច់។ ចាប់តាំងពីមហាសន្និបាតលើកទី ១៣ របស់បក្ស  យើងបានលើកឡើងនូវបញ្ហានេះ តាមនោះបង្ហាញពីការយល់ដឹង អំពីនិន្នាការនៃសម័យកាល។ យើងតែងតែស្វែងរកផ្លូវនៃសម័យកាលសម្រាប់ វៀតណាមដើរតាម ពោលគឺ ស្វែងរកផ្លូវតាំងពីដំបូង យើងនឹងប្រដេញតាមបណ្តាប្រទេសអភិវឌ្ឍន៍”

កំណត់គំរូកំណើនថ្មីមួយ បើកចេញកម្លាំងចលករសម្រាប់ជមហានលោតផ្លោះ

ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃសេដ្ឋកិច្ចបៃតង ដែលជានិន្នាការសកលចាំបាច់ និងជាមាគ៌ាធានាបាននូវវិបុលភាពសម្រាប់វៀត ណាម ដែលកំពុងត្រូវបានបញ្ជាក់កាន់តែខ្លាំងឡើង។ លោក ង្វៀន សួន ថាំង នាយកបណ្ឌិត្យតសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានសង្កត់ធ្ងន់ថា៖ “យើងត្រូវតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរដ៏ធំនៃពិភពលោក ដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរធនធានមនុស្ស...។ ពីទីនោះ យើងអាចបញ្ចេញសក្តានុពល និងគុណសម្បត្តិរបស់ប្រទេសជាតិ បង្កើតជំហាន លោតផ្លោះដើម្បីកសាងសេដ្ឋកិច្ច និងបង្កើនផលិតភាព គុណភាព ប្រសិទ្ធ ភាព និងតម្លៃបន្ថែមនៃសេដ្ឋកិច្ច”

ដើម្បីសម្រេចបាននូវគោលដៅនេះ ឯកសារនេះកំណត់ពីតម្រូវការជំរុញការផ្លាស់ប្តូរថ្មី សុក្រិតស្ថាប័នសេដ្ឋកិច្ចតាមទិសដៅលុបបំបាត់ចំណុចកក់ស្ទះអូសបន្លាយ នៅក្នុងការរៀបចំ និងប្រតិបត្តិការនៃសេដ្ឋកិច្ច។  មិនត្រឹមតែស្ថិតត្រង់គោលជំហរនោះទេ ទិសដៅទាំងនេះ កំពុងបង្កើតការផ្លាស់ប្តូរការយល់ដឹងរបស់សហគមន៍ធុរកិច្ច ក៏ដូចជាមូលដ្ឋាន នៅពេលដែល គំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចឌីជីថលកំពុងក្លាយជាគុណសម្បត្តិប្រកួតប្រជែងបណ្តើរៗ។  ក្នុងអំឡុងពេលពិភាក្សាលើឯកសារមហា សន្និបាត លោក ហ័ង វ៉ាន ងៀម  លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូរដ្ឋសភាខេត្តសឺនឡា បានថ្លែងថា៖ 

កំណត់គំរូកំណើនថ្មី បង្កើតកម្លាំងចលករសម្រាប់ជំហានលោតផ្លោះ - ảnh 3លោក ហ័ង វ៉ាន ងៀម  លេខាគណៈកម្មាធិការបក្សខេត្ត សឺនឡា ។ រូបថត៖ TTXVN

“ខេត្តសឺនឡាបានកំណត់ភារកិច្ច និងដំណោះស្រាយសំខាន់ៗ មួយចំនួន រួមមាន៖ ជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីផលិតចេញផលិតផលកសិកម្មស្អាត និងមានគុណភាពខ្ពស់ ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់ក្នុងប្រទេស និងស្តង់ដារអន្តរជាតិសម្រាប់ការនាំចេញ។ ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម ការអភិវឌ្ឍកសិកម្មស្អាត កសិកម្មសរីរាង្គ កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់  ប្រើប្រាស់ឡើងវិញ និងកែច្នៃផលិតផលកសិកម្មយ៉ាងស៊ីជម្រៅនូវផលិតផលកសិកម្ម និងផលិតផលបន្ទាប់បន្សំ និងផលិតផលកាកសំណល់។ ភ្ជាប់យ៉ាងស្អិតវិស័យកសិកម្មជាមួយឧស្សាហកម្ម ទេសចរ ណ៍ សេវាកម្ម និងផលិតកម្មជាមួយនឹងការអភិរក្ស ការកែច្នៃ និងការប្រើប្រាស់ផលិត ផលកសិកម្ម”

ការដាក់បញ្ចូលគំរូសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំនៅក្នុងឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបង្ហាញពីការអភិវឌ្ឍថ្មីក្នុងការត្រិះរិះទ្រឹស្តី និងការប្តេជ្ញាចិត្តរបស់បក្សក្នុងការច្នៃប្រឌិតគំរូកំណើន។  នៅពេលដែលត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈស្ថាប័ន គោលនយោបាយ និងសកម្មភាពប្រកបដោយសមកាលកម្ម ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីជួយវៀតណាមបង្កើនភាពប្រកួតប្រជែង  បង្កើតសន្ទុះកំណើនប្រកបដោយចីរភាព និងសម្របខ្លួនប្រកបដោយប្រសិទ្ធភាព ទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ