ការចរចារវាងអាមេរិក-រុស្ស៊ី-អ៊ុយក្រែន៖ ក្តីសង្ឃឹមពីវឌ្ឍនភាពតូចតាច់
(VOVWORLD) - កិច្ចចរចាត្រីភាគីជុំទីពីររវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែននាសប្តាហ៍កន្លងទៅ មិននាំមកនូវការទម្លុះទម្លាយណាមួយ ក្នុងការដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែននោះទេ ប៉ុន្តែបានជំរុញសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-រុស្ស៊ី នៅពេលដែលយន្តការគ្រប់គ្រងសព្វាវុធជាយុទ្ធសាស្ត្ររវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះកំពុងដួលរលំ។
កិច្ចចរចាត្រីភាគីបានធ្វើឡើង ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៤-៥ ខែកុម្ភៈ នៅទីក្រុងអាប៊ូដាប៊ី (អេមីរ៉ាតអារ៉ាប់រួម)។ តំណាងគណៈប្រតិភូសហរដ្ឋអាមេរិកមានបេសកជនពិសេសលោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសាររបស់លោកប្រធានាធិបតី Donald Trump; ប្រធានក្រុមចរចារុស្ស៊ីគឺលោកឧត្តមនាវីឯក Igor Kostyukov ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់យោធា; ប្រធានក្រុមចរចាអ៊ុយក្រែនគឺលោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ។
វឌ្ឍនភាពតូចតាច់
នៅចំពោះមុខកិច្ចចរចាត្រីភាគីជុំទីពីររវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី មានការរំពឹងទុកមួយចំនួនថា ភាគីទាំងពីរអាចសម្រេចបានលទ្ធផលជារបត់ក្នុងការបញ្ឈប់ជម្លោះអស់រយៈពេលជិត ៤ ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន នៅពេលដែលរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតក្រុមចរចាដាច់ដោយឡែកមួយដើម្បីពិភាក្សាអំពីបញ្ហាយោធា ក្រៅពីក្រុមចរចាលើបញ្ហានយោបាយ។ ជាក់ស្តែង ក្រុមចរចាយោធាបានពិភាក្សាអំពីសេណារីយ៉ូដែលអាចកើតមានសម្រាប់តាមដានការបញ្ឈប់ជម្លោះនាពេលអនាគត និងរបៀបអនុវត្តបទឈប់បាញ់ ការបង្កើតមជ្ឈមណ្ឌលមួយដើម្បីតាមដាន និងសម្របសម្រួលបញ្ហាបទឈប់បាញ់ ក៏ដូចជាការជ្រើសរើសប្រទេសដែលអាចតំណាងឲ្យមជ្ឈមណ្ឌលនោះ។
ទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់នៃកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងអាប៊ូដាប៊ី ភាគីចូលរួមនៅតែមិនសម្រេចបានភាពទម្លុះទម្លាយណាមួយឡើយ។ លទ្ធផលជាក់ស្តែងបំផុត គឺជាការបន្តការដោះដូរអ្នកទោស ដែលក្នុងនោះ រុស្ស៊ី អាមេរិក និងអ៊ុយក្រែនបានយល់ព្រមដោះដូរអ្នកទោសចំនួន ៣១៤ នាក់។ នេះជាការដោះដូរលើកដំបូងក្នុងរយៈពេល ៥ខែ។ ភាគីទាំងពីរក៏បានឯកភាពធ្វើការចរចាជុំទីបីក្នុងពេលឆាប់ៗនេះ ដែលទំនងជានឹងធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១-២ សប្តាហ៍ខាងមុខ។
ដោយមានសុទិដ្ឋិនិយមថា ភាគីនានាអាចបន្តការចរចាជុំថ្មីដើម្បីឈានដល់កិច្ចព្រមព្រៀងជាបណ្ដើរៗ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទទួលស្គាល់ថា៖
“ប្រសិនបើពិនិត្យមើលបញ្ជីនៃបញ្ហាដែលត្រូវការពិភាក្សានៅឆ្នាំមុន និងបញ្ជីនៅឆ្នាំនេះ យើងអាចឃើញថា បញ្ហានៅសេសសល់ដែលត្រូវការដោះស្រាយដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន បានថយចុះគួរឱ្យកត់សម្គាល់។ នេះគឺជាដំណឹងល្អ ប៉ុន្តែដំណឹងអាក្រក់គឺថា បញ្ហាដែលនៅសល់ទាំងនេះ សុទ្ធតែជាបញ្ហាពិបាកបំផុត ហេតុដូច្នេះហើយទើបជម្លោះនៅតែបន្ត”។
នៅខាងភាគីរុស្ស៊ី និងអ៊ុយក្រែន ថ្លែងនៅថ្ងៃទី ៥ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទទួលស្គាល់ថា ការចរចារនៅទីក្រុង Abu Dhabi គឺ“មិនងាយស្រួលទេ” ដោយសង្កត់ធ្ងន់ថា ទីក្រុងគៀវចង់មើលឃើញវឌ្ឍនភាពលឿនជាង ឆ្ពោះទៅរកការបញ្ឈប់ជម្លោះ។ ទន្ទឹមនឹងនេះ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev បានវាយតម្លៃថា ការចរចាទទួលបានវឌ្ឍនភាពនិងសញ្ញាវិជ្ជមានមួយចំនួន ប៉ុន្តែនៅតែបន្តរិះគន់កត្តាដែលរារាំងដំណើរការនេះ ដោយសំដៅទៅលើគោលជំហរតឹងរ៉ឹងរបស់បណ្តាប្រទេសអឺរ៉ុប។
កិច្ចសន្ទនាដើម្បីកាត់បន្ថយភាពតានតឹង
កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនទាន់សម្រេចបានភាពទម្លុះទម្លាយនៅឡើយទេ ប៉ុន្តែទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និង រុស្ស៊ីបានកត់ត្រាសញ្ញាវិជ្ជមានមួយចំនួន។ នៅថ្ងៃទី ៥ ខែកុម្ភៈ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិក និងរុស្ស៊ីបានយល់ព្រមបន្តកិច្ចសន្ទនាយោធាកម្រិតខ្ពស់ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាសន្ធិសញ្ញាដែលដាក់កម្រិតលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរបានអស់សុពលភាព។
យោងតាមអ្នកជំនាញ ការបន្តកិច្ចសន្ទនាយោធាកម្រិតខ្ពស់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីររបស់ពិភពលោក ជំនួសឱ្យទំនាក់ទំនងតាមរយៈខ្សែទូរស័ព្ទបន្ទាន់ មានអត្ថន័យយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការប្រណាំងសព្វាវុធប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពយុទ្ធសាស្ត្រសកលទៀតផង ក្នុងបរិបទដែលភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោកកាន់តែស្មុគស្មាញ។ លោក Daryl G. Kimball នាយកប្រតិបត្តិនៃសមាគមត្រួតពិនិត្យសព្វាវុធ (ACA) របស់អាមេរិកបានវាយតម្លៃថា៖ “យើងកំពុងស្ថិតក្នុងពេលវេលាមួយ ដែល New START អស់សុពលភាព ហើយជាលើកដំបូងក្នុងរយៈពេល ៣៥ ឆ្នាំ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី អាចបង្កើនបរិមាណអាវុធនុយក្លេអ៊ែរ។ លើសពីនេះ ស្ថានភាពបច្ចុប្បន្នក៏អាចបើកផ្លូវសម្រាប់ការរត់ប្រណាំងសព្វាវុធត្រីភាគីដោយគ្មានភាពអត់ធ្មត់ និងគ្រោះថ្នាក់បំផុត ដែលមិនត្រឹមតែរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងប្រទេសចិនទៀតផង”។
ក្រៅពីបង្កើនតម្លាភាព កាត់បន្ថយភាពតានតឹង និងចៀសវាងការគិតគូរខុសឆ្គង អ្នកសង្កេតការណ៍ក៏ចាត់ទុកថា ការដែលសហរដ្ឋអាមេរិក និងរុស្ស៊ី បន្តកិច្ចសន្ទនាយោធាកម្រិតខ្ពស់ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចចរចាដ៏មានសក្តានុពល ស្តីពីកិច្ចព្រមព្រៀងថ្មីដើម្បីជំនួស New START។ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឱ្យដឹងថា អាមេរិកនឹងមិនពន្យារពេល New START ឡើយ ប៉ុន្តែនឹងបញ្ជូនអ្នកជំនាញនុយក្លេអ៊ែរឱ្យសិក្សាអំពីសន្ធិសញ្ញាថ្មី ដែលមានលក្ខណៈទំនើបនិងស្ថេរភាពជាង។ នាប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋបាលសហរដ្ឋអាមេរិកតែងតែចាត់ទុកថា រាល់សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី ចាំបាច់ត្រូវមានការចូលរួមយ៉ាងពេញលេញពីប្រទេសចិន ដែលត្រូវបានចាត់ទុកជាឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេទីបីរបស់ពិភពលោក មិនមែនគ្រាន់តែអាមេរិក និងរុស្ស៊ីនោះទេ បើទោះបីជាប្រទេសចិនបានបដិសេធសំណើរនេះ ហើយភាគីរុស្ស៊ីក៏មិនទាមទារការចូលរួមរបស់ចិនក៏ដោយ៕