គុណភាពអ្នកតំណាងនិងសមត្ថភាពអនុវត្តជាតិ

(VOVWORLD) - នៅក្នុងបរិបទដែលប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងតម្រូវការកាន់តែខ្ពស់អំពីការសុក្រិតស្ថាប័ន ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ចជាតិ និងការជំរុញការផ្លាស់ប្តូរឌីជីថល តួនាទីរបស់ទីភ្នាក់ងារដែលបោះឆ្នោតជ្រើសរើសដោយប្រជាជន កាន់តែមានសារៈសំខាន់។ 

សន្លឹកឆ្នោតនីមួយៗរបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាល
ទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិតសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះ មិនត្រឹមតែបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដាំផ្ញើរទំនុកចិត្តដល់អ្នកដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត អ្នកដែលនឹងចូលរួមក្នុងការសម្រេចលើបញ្ហាជាតិសំខាន់ៗនៅក្នុងអាណត្តិខាងមុខ។

គុណភាពអ្នកតំណាងនិងសមត្ថភាពអនុវត្តជាតិ - ảnh 1រូបថតឧទាហរណ៍៖ VGP

តំណាងរាស្ត្រ - តំណាងឱ្យសំឡេងរបស់អ្នកបោះឆ្នោត

សភាមិនត្រឹមតែជាកន្លែងសម្រាប់ពិភាក្សាប៉ុណ្ណោះទេ ថែមទាំងក៏ជាកន្លែងសម្រាប់បង្កើត និងកំណត់គោលនយោបាយសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រទេសជាតិទៀតផង។ នៅក្នុងបរិបទនៃបញ្ហាថ្មីៗជាច្រើន ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឬសុខុមាលភាពសង្គម ដែលកំពុងដាក់ចេញតម្រូវការកាន់តែខ្ពស់ទៅលើសកម្មភាពនីតិបញ្ញត្តិនោះ តួនាទីរបស់តំណាងរាស្ត្រដែលបោះឆ្នោតជ្រើសរើសដោយប្រជាជន កាន់តែមានសារៈសំខាន់។ ដើម្បីអនុវត្តន៍ឲ្យបានល្អនូវតួនាទីជាតំណាងរបស់ប្រជាជន តំណាងរាស្ត្រមិនត្រឹមតែត្រូវការឫទ្ធានុភាពខាងនយោបាយដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមានសមត្ថភាពជាក់ស្តែង សមត្ថភាពក្ដាប់ជាប់បញ្ហាពីជីវភាពសង្គម និងការត្រិះរិះគោលនយោបាយបែបទំនើបទៀតផង។ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន វ៉ាន់ដូ អតីតអនុប្រធានតុលាការប្រជាជនកំពូល បានចាត់ទុកថា៖

“យើងស្រាវជ្រាវបេក្ខជនដើម្បីបោះឆ្នោតជ្រើសរើសអ្នកដែលធានាបាននូវកិត្យានុភាពគ្រប់គ្រាន់។ ទីមួយគឺដើម្បីតាក់តែងច្បាប់; ទីពីរគឺដើម្បីពិភាក្សា និងសម្រេចលើបញ្ហាសំខាន់ៗបំផុតរបស់ប្រទេសជាតិ ហើយទីបីគឺ មានសមត្ថភាពឃ្លាំមើលកំពូលលើគ្រប់វិស័យនៃជីវភាពសង្គម”។

គុណភាពអ្នកតំណាងនិងសមត្ថភាពអនុវត្តជាតិ - ảnh 2លោក ង្វៀន វ៉ាន់ភុក អតីតអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា។ (រូបថត៖ daibieunhandan.vn)

ជាមួយគ្នានោះ ទាក់ទងនឹងការតាក់តែងគោលនយោបាយជាតិ លោក ង្វៀន វ៉ាន់ភុក អតីតអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា បានសង្កត់ធ្ងន់ថា៖

“ដើម្បីសម្រេចលើបញ្ហារបស់ប្រទេសជាតិ តាមមុខងារនិងតួនាទីរបស់រដ្ឋសភានោះ គឺចក្ខុវិស័យនយោបាយរបស់បេក្ខជន និងសមាជិកសភាគឺមានសារៈសំខាន់ខ្លាំងណាស់។ ពួកគេត្រូវតែមានជំនាញវិជ្ជាជីវៈ ដើម្បីធ្វើការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ការចេញផ្សាយច្បាប់ បញ្ហាវិទ្យាសាស្ត្របច្ចេកវិទ្យា បរិស្ថាន បញ្ហាវប្បធម៌សង្គម ការអប់រំ និងការបណ្តុះបណ្តាល ជាដើម”។

ការទទួលខុសត្រូវចំពោះការអនុវត្ត

ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត កម្មវិធីសកម្មភាពរបស់បេក្ខជនក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់អ្នកបោះឆ្នោតវាយតម្លៃពីសមត្ថភាព និងការសន្យារបស់បុគ្គលម្នាក់ៗ។ អ្នកបោះឆ្នោត ង្វៀន វ៉ាន់ជីញ សង្កាត់ ឡុងបៀន ទីក្រុងហាណូយ បាននិយាយថា៖

“បេក្ខជនទាំងអស់មានកម្មវិធីសកម្មភាព ហើយកម្មវិធីនោះគឺជាទិសដៅ និងជាមូលដ្ឋានសម្រាប់អ្នកបោះឆ្នោតជ្រើសរើស។ វាក៏ជាមូលដ្ឋានសម្រាប់អ្នកបោះឆ្នោតដើម្បីតាមដាន និងឃ្លាំមើលថា តើបេក្ខជននោះបំពេញការសន្យារបស់ខ្លួនយ៉ាងដូចម្ដ៉េចប្រសិនបើជាប់ឆ្នោត។ នេះគឺជារឿងសំខាន់ណាស់”។

គុណភាពអ្នកតំណាងនិងសមត្ថភាពអនុវត្តជាតិ - ảnh 3លេខាបក្សទីក្រុងហាណូយ លោក ង្វៀន យីង៉ុក។ (រូបថត៖ congluan.vn)

ក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បេក្ខជនជាច្រើនក៏បានសង្កត់ធ្ងន់លើការទទួលខុសត្រូវក្នុងការភ្ជាប់សកម្មភាពនៅសាលប្រជុំសភា ជាមួយនឹងតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនៃមូលដ្ឋាន។ លេខាបក្សទីក្រុងហាណូយ លោក ង្វៀន យីង៉ុក បានសង្កត់ធ្ងន់ថា៖

“បង្កើតរបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ដោយឥតឈប់ឈរនូវវិស័យវប្បធម៌ ការថែទាំសុខភាព ការអប់រំ បណ្តុះបណ្តាល ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន រួមចំណែកដល់ការកសាងរដ្ឋធានីវប្បធម៌ អរិយធម៌ ទំនើប សុភមង្គល ជាកន្លែងដែលពិតជាគួរឱ្យរស់នៅ គួរឱ្យមកដល់ និងជាបេះដូងនៃប្រទេសជាតិទាំងមូល”។

នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងដាណាំង លោក ត្រឹន កឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម ដែលជាបេក្ខជនសមាជិកសភានីតិកាលទី១៦ ក្នុងមណ្ឌលបោះឆ្នោតទីក្រុងដាណាំង បានបញ្ជាក់ថា៖

“ប្រសិនបើត្រូវបានអ្នកបោះឆ្នោតទុកចិត្តជ្រើសរើសជាសមាជិកសភានីតិកាលទី១៦ យើងសន្យាថានឹងយកចិត្តទុកដាក់ តាមដាន ផ្ដល់គំនិត និងស្នើដំណោះស្រាយជាក់លាក់ និងអាចធ្វើទៅបានជាប្រចាំ ដើម្បីអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងប្រកបដោយប្រសិទ្ធភាព។ ហើយរួមជាមួយគណៈប្រតិភូសមាជិកសភារបស់ទីក្រុង ដើរតួនាទីជាស្ពានរវាងមូលដ្ឋាន និងរដ្ឋសភា រដ្ឋាភិបាល បណ្ដាក្រសួង និងស្ថាប័នមជ្ឈិម ក្នុងការដោះស្រាយការលំបាក និងឧបសគ្គរបស់មូលដ្ឋាន”។

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ប្រព្រឹត្តឡើងនៅក្នុងបរិបទដែលប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅ និងសេចក្តីប្រាថ្នាដ៏ធំធេងជាច្រើន។ នៅពេលដែលមនុស្សដែលមានសីលធម៌ ចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ត្រូវបានជ្រើសរើស បណ្ដាទីភ្នាក់ងារដែលបោះឆ្នោតជ្រើសតាំងដោយប្រជាជន នឹងមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ បំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ