ជម្លោះមជ្ឈិមបូព៌ា៖ សំណួរធំៗមិនទាន់មានចម្លើយ

(VOVWORLD) - ក្រោយរយៈពេលជិតមួយសប្តាហ៍បន្ទាប់ពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់បានផ្ទុះឡើង សំណួរធំៗជាច្រើននៅតែមិនទាន់មានចម្លើយនៅឡើយ  ចាប់ពីគោលដៅពិតប្រាកដរបស់រដ្ឋបាលសហរដ្ឋអាមេរិក ហានីភ័យនៃជម្លោះអូសបន្លាយចំពោះពិភពលោកទាំងមូល រហូតដល់ថា តើស្ថាប័នពហុភាគីនៃសណ្តាប់ធ្នាប់ពិភពលោកចាស់ អាចបន្តដើរតួនាទីណាមួយនៅក្នុងសន្តិភាពពិភពលោកដែរឬទេ។

ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលជម្លោះបានផ្ទុះឡើង សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់បានវាយប្រហារលើគោលដៅរាប់ពាន់នៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។ ប្រការដ៏គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត គឺជម្លោះបានរីករាលដាលពាសពេញមជ្ឈិមបូព៌ា សូម្បីតែចាប់ផ្តើមរីករាលដាលទៅក្រៅតំបន់ បន្ទាប់ពីអាមេរិកបានពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅតំបន់សមុទ្ររបស់ស្រីលង្កានៅអាស៊ីខាងត្បូង។

ជម្លោះមជ្ឈិមបូព៌ា៖ សំណួរធំៗមិនទាន់មានចម្លើយ - ảnh 1ការវាយប្រហារដ៏សាហាវរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលនៅ Beit Shemesh នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ រូបថត៖ REUTERS/Ilan Rosenberg

សំណួរពីទីក្រុងវ៉ាស៊ីនតោន

រយៈពេលជិតមួយសប្តាហ៍បន្ទាប់ពីជម្លោះ សំណួរធំៗដែលអ្នកសង្កេតការណ៍កំពុងសួរគឺ តើអ្វីបានជំរុញឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ   ចាប់ផ្តើមដំណើរផ្សងព្រេងយោធាដ៏គ្រោះថ្នាក់ជាមួយអ៊ីរ៉ង់ ជាសេណារីយ៉ូដែលប្រធានាធិបតីអាមេរិកមុនៗ តែងតែមានភាពប្រុងប្រយ័ត្ន? ការមន្ទិលសង្ស័យអំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនបានកើតចេញពីសេចក្តីប្រកាសមិនស៊ីសង្វាក់គ្នារបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាស ដំបូង លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបើកការវាយប្រហារនេះ ដើម្បីទប់ស្កាត់ហានិភ័យដែលអ៊ីរ៉ង់បានកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ និងដើម្បីបំផ្លាញការគំរាមកំហែងពីសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ ចំពោះផលប្រយោជន៍របស់អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីអូ (ថាសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ ដោយសារបានដឹងថា អ៊ីស្រាអែលនឹងធ្វើដូច្នេះ) ឬរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth (អំពីការផ្តួលរំលំរដ្ឋអ៊ីរ៉ង់) និងថ្មីបំផុតគឺលោក ដូណាល់ ត្រាំ នៅថ្ងៃទី ៥ ខែមីនា (ថាសហរដ្ឋអាមេរិកត្រូវតែមានសំឡេងក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដូចនៅប្រទេសវេណេស៊ុយអេឡា) បានបង្កើតឡើងជាផ្ទាំងគំនូរកាន់តែស្មុគស្មាញ។

លោក Ali Vaez នាយកគម្រោងអ៊ីរ៉ង់នៅសារជីវកម្មវិបត្តិអន្តរជាតិ (ICG) បានចាត់ទុកថា ការដែលលោក ដូណាល់ ត្រាំ បានលើកឡើងអំពីការជ្រើសរើសមេដឹកនាំថ្មីនៅអ៊ីរ៉ង់ បានបង្ហាញថា អាមេរិកកំពុងរងចាំលទ្ធផលស្រដៀងគ្នានឹងប្រទេសវេណេស៊ុយអេឡា ដែលរដ្ឋាភិបាលជិតស្និទ្ធជាមួយអាមេរិកបានឡើងកាន់អំណាច។ ទោះជាយ៉ាងណាក៏ដោយ លោក Ali Vaez បានចាត់ទុកថា នេះគឺជាការរំពឹងទុកដ៏សែនឆ្ងាយមួយ ក្នុងបរិបទដែលជម្លោះបន្តឡើងជណ្ដើរ ហើយបណ្តាមេដឹកនាំអ៊ីរ៉ង់ បានយល់ច្បាស់ពីបញ្ហាប្រឈមរយៈពេលវែង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានធ្វើឃាតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសនេះ។

“សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជាប្រព័ន្ធមួយ ដែលមិនមែនជាវេទិកាសម្រាប់មនុស្សតែម្នាក់ឡើយ។ មេដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នបានយល់ច្បាស់ថា ប្រសិនបើពួកគេមិនសម្រេចបានតុល្យភាពជាមួយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើពួកគេបង្ហាញភាពទន់ខ្សោយនោះ ពួកគេនឹងមិនអាចទទួលបានលទ្ធផលណាមួយដែលមានអត្ថប្រយោជន៍ ឬយុត្តិធម៌ បន្ទាប់ពីជម្លោះឡើយ”។

ជម្លោះមជ្ឈិមបូព៌ា៖ សំណួរធំៗមិនទាន់មានចម្លើយ - ảnh 2ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលបាញ់ស្ទាក់មីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦។ រូបថត៖ REUTERS/Jamal Awad

សំណួរនៃច្បាប់អន្តរជាតិ

វិបត្តិភូមិសាស្ត្រនយោបាយជាបន្តបន្ទាប់នៅជុំវិញពិភពលោកនៅដើមឆ្នាំនេះ ចាប់ពីវេណេស៊ុយអេឡារហូតដល់អ៊ីរ៉ង់ បានបង្កើរសំណួរថា៖ តើច្បាប់អន្តរជាតិ និងស្ថាប័នពហុភាគីនៅតែមានទម្ងន់គ្រប់គ្រាន់ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោកដែរឬទេ?

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ជឿជាក់ថា អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់គឺជាការបរាជ័យនៃសណ្តាប់ធ្នាប់ពិភពលោក។ សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក គឺអង់គ្លេស ក៏បានបដិសេធមិនអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់អង់គ្លេសដើម្បីវាយប្រហារលើអ៊ីរ៉ង់ដែរ។ លោក Patrick Bury សាស្ត្រាចារ្យផ្នែកសន្តិសុខនៅសាកលវិទ្យាល័យ Bath (អង់គ្លេស) បានអះអាងថា លោកនាយករដ្ឋមន្ត្រី Keir Starmer មានការព្រួយបារម្ភអំពីភាពស្របច្បាប់នៃការវាយប្រហារលើអ៊ីរ៉ង់ ដូច្នេះ លោកបានទទួលយកហានិភ័យនៃការចុះខ្សោយទំនាក់ទំនងជាមួយ    អាមេរិក ជាជាងការចាប់ផ្តើមដំណើរផ្សងព្រេងយោធាជាមួយសម្ព័ន្ធមិត្ត។

សំណួរដ៏ធំមួយទៀតគឺ តើអ្វីកំពុងរង់ចាំមជ្ឈិមបូព៌ា និងពិភពលោកនាប៉ុន្មានថ្ងៃខាងមុខ។ សេណារីយ៉ូនៃជម្លោះដ៏អូសបន្លាយ និងរីករាលដាលកំពុងលេចចេញជារូបរាង ដោយសារតែជម្លោះបានរីករាលដាលទៅប្រទេសចំនួន ១៥។ អាស៊ីខាងត្បូង និងអាស៊ីកណ្តាលក៏កំពុងឡើងកម្តៅផងដែរ បន្ទាប់ពីនាវាមុជទឹកអាមេរិកបានពន្លិចនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅថ្ងៃទី ៣ ខែមីនា នៅក្នុងដែនទឹកស្រីលង្កា និងការផ្ទុះយន្តហោះដ្រូនចំនួនពីរគ្រឿងនៅឯអាកាសយានដ្ឋានមួយក្នុងប្រទេសអាស៊ែបៃហ្សង់។ លោក Naveen Das អ្នកវិភាគរបស់ Kpler ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យទិន្នន័យ ការវិភាគ និងព័ត៌មានទីផ្សារតាមពេលវេលាជាក់ស្តែង បានធ្វើអត្ថាធិប្បាយថា៖

“ប្រសិនបើស្ថានភាពនៅតែបន្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខ យើងនឹងមើលឃើញស្ថានភាពគ្រោះថ្នាក់ ចំពោះទុនបម្រុងស្បៀងអាហារនៅមជ្ឈិមបូព៌ា។ ទី១ ការមានអាហារគ្រប់គ្រាន់នឹងក្លាយជាបញ្ហា សម្រាប់បណ្តាប្រទេសមជ្ឈិមបូព៌ា បន្ទាប់មកគឺតម្លៃថាមពល និងផលប៉ះពាល់ផ្សេងទៀត”។

លោកស្រី Marion Messmer នាយកកម្មវិធីសន្តិសុខអន្តរជាតិនៅវិទ្យាស្ថាន Chatham House បានអះអាងថា ផលវិបាកដ៏គ្រោះថ្នាក់បំផុតបន្ទាប់ពីជម្រោះបានកន្លងផុតទៅ គឺប្រទេសនានានៅជុំវិញពិភពលោកទទួលបានសារដ៏គ្រោះថ្នាក់ ពីរបៀបដែលការចរចាត្រូវបានជំនួសដោយអំពើហិង្សាយ៉ាងឆាប់រហ័ស តាមនោះ បង្កព្រួយបារម្ភក្នុងការដាក់ទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងការទូត និងសុច្ឆន្ទៈរបស់មហាអំណាច ដែលនាំឱ្យមានផលវិបាកធ្ងន់ធ្ងរជាង ចំពោះបរិយាកាសសន្តិសុខអន្តរជាតិដែលកំពុងបែកបាក់កាន់តែខ្លាំងឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ