ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពប្រពៃណី
(VOVWORLD) - នៅថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងកម្ពុជា ហើយបានចូលរួមកិច្ចប្រជុំរវាងប្រមុខគណបក្សទាំងបី វៀតណាម ឡាវ និងកម្ពុជា។ នេះមិនត្រឹមតែជាសកម្មភាពកិច្ចការបរទេសប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ជាច្រើន ដែលប្រព្រឹត្តទៅក្នុងបរិបទនៃតំបន់ និងពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា។
ជាដំបូង និងសំខាន់បំផុត ដំណើរទស្សនកិច្ចនេះបានបញ្ជាក់សារជាថ្មីអំពីលក្ខណៈពិសេស ស្មោះត្រង់ និងជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងបី ជាប្រទេសដែលមានប្រវត្តិសាស្ត្ររួមនៃការតស៊ូប្រយុទ្ធដើម្បីឯករាជ្យ ផ្សារភ្ជាប់យ៉ាងជិតស្និតអំពីជោគវាសនា និងបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្រដៀងគ្នា។ នេះក៏ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅដោយជោគជ័យ។ តាមនោះ វៀតណាមបន្តផ្ញើសារដ៏ជាប់លាប់ ថា៖ ទំនាក់ទំនងជាមួយឡាវ និងកម្ពុជាត្រូវបានដាក់ជាអាទិភាពកំពូលជានិច្ច និងជាសសរស្តម្ភសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
រូបថត៖ nhandan |
ដំណើរទស្សនកិច្ចមានអត្ថន័យពិសេសជាច្រើន
ចំពោះប្រទេសឡាវ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរបានរៀបចំមហាសន្និបាតបក្ស ប្រកបដោយជោគជ័យ (មហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ចាប់ពីថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២៦ និងមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦) ដោយឈានចូលអាណត្តិថ្មី ជាមួយនឹងទិសដៅអភិវឌ្ឍន៍ដែលបានកំណត់។ ប្រការនេះធ្វើឱ្យដំណើរទស្សនកិច្ចលើកនេះ មិនត្រឹមតែជាលក្ខណៈពិធីការប៉ុណ្ណោះទេ ប៉ុន្តែជាការតភ្ជាប់នៃចក្ខុវិស័យ និងអាទិភាពជាយុទ្ធសាស្ត្ររវាងបក្សកាន់អំណាចទាំងពីរ ដោយបង្កើតជាមូលដ្ឋាននយោបាយដ៏រឹងមាំសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលតំបន់ក្នុងដំណាក់កាលថ្មី។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong បានសង្កត់ធ្ងន់ថា៖ “ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំឡាវ នឹងផ្លាស់ប្តូរទស្សនៈ និងវាយតម្លៃទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងទៅ ហើយទន្ទឹមនឹងនោះកំណត់ទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយសម្រេចបានក្របខ័ណ្ឌនៃទំនាក់ទំនងដែលទើបបានលើកកម្ពស់ដល់កម្រិតនៃ "ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រ"។
ដោយបញ្ជាក់ថា ការអនុវត្តខ្លឹមសារ "ការតភ្ជាប់ជាយុទ្ធសាស្ត្រ" គឺមានសារៈសំខាន់ជាពិសេសនៅក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ បានចាត់ទុកថា៖ “នេះគឺជាដំណើរការអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់មហាសន្និបាត តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធ សមកាលកម្ម និងមានប្រសិទ្ធភាពរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ គោលដៅយុទ្ធសាស្ត្ររបស់ភាគីទាំងពីរគឺបន្តពង្រឹងទំនាក់ទំនងវៀតណាម-ឡាវ មិនត្រឹមតែផ្នែកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នែកសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការតភ្ជាប់ពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ ដោយពង្រីកប្រពៃណី យន្តការ និងវិធីសាស្រ្តដែលមានស្រាប់”។
ក្នុងពេលនោះ ចំពោះប្រទេសកម្ពុជាវិញ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម បានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព ជាមួយនឹងចំណុចភ្លឺស្វាងជាច្រើន។ កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា បានតម្រង់ទិសដៅទូទៅ; កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ បន្តជាសសរស្តម្ភ ដែលកាន់តែជិតស្និទ្ធ និងជាក់ស្តែង ជាពិសេសក្នុងការសម្របសម្រួលធានាសន្តិសុខព្រំដែន ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងធ្វើបរាជ័យរាល់ឧបាយកលបំផ្លិចបំផ្លាញពីខាងក្រៅ។
ក្នុងវិស័យសេដ្ឋកិច្ច បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មធំទីបួនរបស់កម្ពុជានៅក្នុងអាស៊ានផងដែរ។ វិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្តត្រូវបានជំរុញ; ការដោះស្រាយឯកសារផ្លូវច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាទទួលបានវឌ្ឍនភាពថ្មី។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីបង្កើតសន្ទុះសម្រាប់ "ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាពយូរអង្វែង" រវាងប្រទេសទាំងពីរនាពេលអនាគត។
ដាក់គ្រឹះសម្រាប់ការសម្របសម្រួលយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ
ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចនេះគឺថា លោកអគ្គលេខាបក្ស តូ ឡឹម បានចូលរួមកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រមុខគណបក្សទាំងបីគឺ វៀតណាម ឡាវ និងកម្ពុជា។ យន្តការនេះ មានសារៈសំខាន់ខាងនយោបាយយ៉ាងជ្រាលជ្រៅ ពីព្រោះនៅក្នុងប្រទេសទាំងបី បក្សកាន់អំណាចដើរតួនាទីជាអ្នកដឹកនាំយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍជាតិ។ ការពង្រឹងការផ្លាស់ប្តូរនៅកម្រិតខ្ពស់បំផុតបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងមូលដ្ឋាននយោបាយ ជាកត្តាសំខាន់ដែលធានានិរន្តរភាពយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងបី នៅក្នុងបរិបទនៃស្ថានភាពតំបន់ និងអន្តរជាតិបន្តមានការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។
នៅក្នុងបរិបទនៃប្រទេសនីមួយៗកំពុងប្រឈមមុខនឹងតម្រូវការអភិវឌ្ឍន៍ថ្មី - វៀតណាមកំពុងពន្លឿនការអនុវត្តគោលដៅរហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យសម្រាប់ឆ្នាំ ២០៤៥; ឡាវ និងកម្ពុជាជំរុញកំណែទម្រង់ និងកែលម្អសមត្ថភាពអភិបាលកិច្ចជាតិ - ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម បង្ហាញពីការទទួលមរតកនិងការអភិវឌ្ឍនៃប្រពៃណីសាមគ្គីភាពរវាងប្រទេសទាំងបី ដោយចាក់គ្រឹះសម្រាប់ការសម្របសម្រួលយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធនៅក្នុងដំណាក់កាលអភិវឌ្ឍថ្មី ៕