បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន

(VOVWORLD) - ទទួលការអញ្ជើញរបស់ប្រធានព្រឹទ្ធសភាជប៉ុន លោក Sekiguchi Masakazu ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ។ ដំណើរទស្សនកិច្ចនេះមានគោលបំណង ជំរុញទំនាក់ទំនងសហប្រតិបត្តិការនៃរដ្ឋសភាវៀតណាមជាមួយសភាជប៉ុន បង្កើតកម្លាំងចលករថ្មីសម្រាប់សន្ទុះអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។

បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងភរិយាបានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ខែធ្នូ (រូបថត៖ quochoi.vn)

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់ប្រធានរដ្ឋសភាវៀតណាម បន្ទាប់ពីរយៈពេល ១២ ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ និងគម្រប់ ១ ឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងនូវទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ីនិងលើពិភពលោក” (២៧ វិច្ឆិកា ២០២៣)។

ទំនាក់ទំនងតែងតែត្រូវបានបង្កើតឡើងនៅកម្រិតជឿទុកចិត្តខាងនយោបាយខ្ពស់

ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា លេចធ្លោ និងទូលំទូលាយ  បង្កើតក្របខ័ណ្ឌទំនាក់ទំនង ពីដៃគូដែលជឿទុកចិត្ត ពីស្ថិរភាពយូរអង្វែង (ក្នុងឆ្នាំ ២០២២) ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ីនិងលើពិភពលោក (ឆ្នាំ ២០២៣)។

បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន - ảnh 2សមាជិកសភាជប៉ុន លោក Yoichiro Aoyagi (រូបថត៖ quochoi.vn)

ទំនាក់ទំនងវៀតណាម-ជប៉ុនមានផលប្រយោជន៍រួមជាច្រើន សម្រេចបាននូវមតិឯកច័ន្ទ និងការគាំទ្រខ្ពស់ទាំងក្នុងចំណោមថ្នាក់ដឹកនាំជប៉ុនក៏ដូចជាគណបក្សនយោបាយធំៗរបស់ជប៉ុនផងដែរ។ សមាជិកសភាលោក Aoyagi Yoichiro បានចាត់ទុកថា៖ “អាចបញ្ជាក់បានថា នេះជាទំនាក់ទំនងដែលមិនត្រឹមតែស្ថិតនៅកម្រិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលទាំងវិស័យនយោបាយ សន្តិសុខ-ការពារជាតិ ការទូត វប្បធម៌... ដែលមានអត្ថន័យជានិមិត្តរូប។ នៅពេលដែលខ្ញុំមានឱកាសពិភាក្សាជាមួយភាគីវៀតណាម ខ្ញុំបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងកម្រិតជាច្រើនដែរ”។

ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរួមរវាងវៀតណាមនិងជប៉ុន។ ភាគីទាំងពីរបានផ្លាស់ប្តូរ និងជួបប្រជុំគ្នាជាប្រចាំនៅកម្រិតខ្ពស់និងគ្រប់កម្រិត ផ្លាស់ប្តូរបទពិសោធន៍រវាងគណៈកម្មាធិការជំនាញនិងសមាជិក សភា រួមចំណែកជាក់ស្តែងក្នុងការអនុវត្តនិងលើកកម្ពស់កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ បង្កើតការរីកសាយភាយ និងការគាំទ្រសកម្មភាពរបស់រដ្ឋាភិបាល ជំរុញការទូតប្រជាជន និងធានាប្រសិទ្ធភាពនៃកម្មវិធី រួមទាំងគម្រោងសហប្រតិបត្តិការនានារវាងវៀតណាមនិងជប៉ុនផងដែរ។

បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន - ảnh 3ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu

លើសពីនេះ រដ្ឋសភាវៀតណាមនិងសភាជប៉ុនតែងតែជំរុញការជួបប្រាស្រ័យក្នុងក្របខ័ណ្ឌសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិការសភា ក្នុងទម្រង់សម្បូរបែបនិងចម្រុះ។ ក្រុមសមាជិកសភាមិត្តភាពវៀតណាម - ជប៉ុននិងសម្ព័ន្ធសភាជប៉ុន - វៀតណាមតែងតែដើរតួនាទីជាស្ពានតភ្ជាប់យ៉ាងសកម្ម ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ចំនឹងពេលដែល វៀតណាមកំពុងត្រៀមឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ការបង្កើនកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនឹងរួមចំណែកនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់វៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានឲ្យដឹងថា៖ “រដ្ឋសភាវៀតណាមនិងសភាជប៉ុននឹងបង្កើនយន្តការផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ ជាពិសេសការកសាងស្ថាប័ន ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏រឹងមាំរបស់ប្រទេសជាតិ។ ជាពិសេសក្នុងបរិបទដែលវៀតណាមឈានចូលក្នុងយុគសម័យថ្មី គឺយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ក្នុងនាមជាប្រទេសមួយដែលមានបទពិសោធន៍ យ៉ាងទូលំទូលាយក្នុងការបង្កើតច្បាប់ និងបណ្តុះបណ្តាលអ្នកជំនាញផ្នែកច្បាប់ ជប៉ុនអាចជួយឧបត្ថម្ភវៀតណាមប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់សមត្ថភាពតាក់តែងច្បាប់”។

បញ្ជាក់បន្ថែមអំពីខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុន - ảnh 4អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោកស្រី Le Thu Ha 

ដោយឈរលើទំនាក់ទំនងល្អនោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស ជប៉ុនរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man មានអត្ថន័យសំខាន់ បញ្ជាក់ពីអត្ថន័យថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុន។ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោកស្រី Le Thu Ha បានឲ្យដឹងថា៖ “ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាមនិងប្រធានព្រឹទ្ធសភាជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ ខ្ញុំគិតថា នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលរួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បង្កើតលក្ខណៈងាយស្រួលសម្រាប់ភាគីទាំងពីរអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគី ក៏ដូចជានៅវេទិកាពហុភាគី រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី និងលើពិភពលោក ស្របតាមផលប្រយោជន៍របស់ប្រជាជនទាំងពីរ”។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រជប៉ុន Naruhito; ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា Sekiguchi Masakazu, មានជំនួបជាមួយនាយករដ្ឋមន្ត្រី ប្រធានសភា ថ្នាក់ដឹកនាំនៃគណបក្សធំៗមួយចំនួន និងថ្នាក់ដឹកនាំនៃអង្គការសេដ្ឋកិច្ចធំៗ របស់ជប៉ុន; ជួបជាមួយតំណាង សហគមន៍ជនវៀតណាមនៅជប៉ុន...។ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man លើកនេះ រួមចំណែក ជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ បង្កើតកម្លាំងចលករថ្មីសម្រាប់សន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ