យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី៖ របត់មួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី ៥ ខែធ្នូ បានប្រកាសយុទ្ធ សាស្ត្រសន្តិសុខជាតិថ្មី ក្នុងនោះបានគូសបញ្ជាក់ពីអាទិភាពថ្មីៗជាច្រើនរបស់សហរដ្ឋ អាមេរិកដើម្បីការពារផលប្រយោជន៍ជាតិ។ ឯកសារនេះបានគូសសញ្ញានូវការផ្លាស់ប្តូរ ដ៏ធំបំផុតមួយនៅក្នុងយុទ្ធសាស្ត្រសកលរបស់សហរដ្ឋអាមេរិក ក្រោយពីការបញ្ចប់ សង្គ្រាមត្រជាក់មក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាស្តីពីយុទ្ធសាស្ត្រសន្តិសុខជាតិនៅទីក្រុងវ៉ាស៊ីនតោន។ (រូបថត៖ រ៉យទ័រ) |
ការវិលត្រឡប់នៃគោលលទ្ធិ Monroe
ចំណុចគួរឱ្យកត់សម្គាល់បំផុត ហើយក៏ជាភាពខុសគ្នាដ៏ធំបំផុតនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីដែលសហរដ្ឋអាមេរិកទើបតែបានប្រកាស បើប្រៀបធៀបនឹងយុទ្ធ សាស្ត្ររបស់រដ្ឋអំណាចអាមេរិកពីមុនៗ គឺជាការវិលត្រឡប់ទៅកាន់ឋានៈអាទិភាព កំពូលនៃអឌ្ឍគោលខាងលិច ជាក់ស្ដែងគឺអាមេរិកឡាទីន។ យុទ្ធសាស្ត្រនេះបាន បញ្ជាក់យ៉ាងច្បាស់ថា រដ្ឋអំណាចលោក ដូណាល់ ត្រាំ មានបំណងចង់រក្សាវត្តមាន យោធាឱ្យកាន់តែធំនៅអឌ្ឍគោលខាងលិចនាពេលខាងមុខ ដើម្បីឆ្លើយតបនឹងបញ្ហា អន្តោប្រវេសន៍ខុសច្បាប់ គ្រឿងញៀន និងសន្ទុះងើបឡើងនៃកម្លាំងគូប្រកួតប្រជែងនៅក្នុង តំបន់។ ឯកសារនេះប្រកាសថា “សន្តិសុខព្រំដែនគឺជាកត្តាស្នូលនៃសន្តិសុខជាតិហើយសហរដ្ឋអាមេរិកត្រូវតែរក្សាឋានៈឧត្តមភាពរបស់ខ្លួននៅអឌ្ឍគោលខាងលិច ដូចលក្ខខណ្ឌចម្បងមួយសម្រាប់សន្តិសុខនិងវិបុលភាពរបស់អាមេរិក”។
យោងតាមមជ្ឈដ្ឋានអ្នកវិភាគ ការផ្លាស់ប្តូរខាងលើ បានបង្ហាញពីការវិលត្រឡប់យ៉ាងច្បាស់លាស់នៃគោលលទ្ធិ Monroe ដែលត្រូវបានប្រធានាធិបតីអាមេរិកលោក James Monroe នាំចេញនៅឆ្នាំ ១៨២៣ ដែលបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិន អត់ឱនចំពោះការធ្វើអន្តរាគមន៍ពីបរទេសណាមួយដែលបង្កគ្រោះថ្នាក់នៅក្នុងអឌ្ឍគោលរបស់ខ្លួនឡើយ។ លោកសាស្ត្រាចារ្យ Atilio Boron នៅសាកលវិទ្យាល័យ Buenos Aires ប្រទេសអាហ្សង់ទីន បានធ្វើអត្ថាធិប្បាយថា៖
“ប្រការដែលសហរដ្ឋអាមេរិកយកចិត្តទុកដាក់បំផុតនោះ គឺការគ្រប់គ្រងតំបន់ អាមេរិកឡាទីន ពីព្រោះតំបន់នេះមានធនធានសំខាន់ៗទាំងអស់ដែលសហរដ្ឋអាមេរិក ត្រូវការ ចាប់ពីទឹក ប្រេង ឧស្ម័នធម្មជាតិ រហូតដល់ កូបាល់ លីចូម ឈើ មាស។ ធនធានទាំងនេះស្ថិតនៅជិតសហរដ្ឋអាមេរិកណាស់ ដែលបង្កើតលក្ខណៈភូមិសាស្ត្រ អំណោយផល។ ដូច្នេះ សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងដិតដល់ការប្រែប្រួលផ្នែក ការទូត និងនយោបាយទាំងអស់របស់ប្រទេសនានានៅក្នុងតំបន់”។
សម្រាប់ប្រទេសរុស្ស៊ី យុទ្ធសាស្ត្រថ្មីបានសង្កត់ធ្ងន់លើគោលដៅអំពីការស្តារស្ថិរភាពយុទ្ធសាស្ត្រជាមួយរុស្ស៊ីឡើងវិញ ព្រមទាំងលើកច្បាស់ថា ផលប្រយោជន៍ ស្នូលរបស់សហរដ្ឋអាមេរិកគឺការចរចាបញ្ចប់ជម្លោះនៅអ៊ុយក្រែន បង្កើតលក្ខខណ្ឌ សម្រាប់ដំណើរការកសាងអ៊ុយក្រែនឡើងវិញក្រោយជម្លោះ និងកាត់បន្ថយហានិភ័យ នៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី ជាមួយនឹងប្រទេសដទៃទៀតនៅអឺរ៉ុប។ យុទ្ធសាស្ត្រនេះក៏ចំណាយផ្នែកខ្លឹមសារគួរឲ្យកត់សម្គាល់ សម្រាប់ប្រទេសចិន ផងដែរ។ យុទ្ធសាស្ត្រថ្មីប្រើប្រាស់ភាសាប្រុងប្រយ័ត្នជាងមុន ហើយមិនបង្កឲ្យមានការ ញុះញង់នោះឡើយ ក្នុងនោះសង្កត់ធ្ងន់លើការសន្យាធ្វើឱ្យមានតុល្យភាពឡើងវិញនូវ ទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន ដោយផ្តល់អាទិភាព ដល់លក្ខខណ្ឌទៅវិញទៅមក និងយុត្តិធម៌ដើម្បីស្តារឯករាជ្យភាពនៃសេដ្ឋកិច្ចអាមេរិក ឡើងវិញ ព្រមទាំងអំពាវនាវឱ្យ «រក្សាទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកយ៉ាងពិតប្រាកដជាមួយទីក្រុងប៉េកាំង» ផងដែរ។
សហរដ្ឋអាមេរិកបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រ។ (រូបថតឧទាហរណ៍៖ រ៉យទ័រ) |
ការផ្លាស់ប្តូរដ៏ធំសម្រាប់អឺរ៉ុប
ផ្ទុយទៅនឹងភាសាដែលមានការប្រុងប្រយ័ត្ន និងលក្ខណៈស្ថាបនា ក្នុងទំនាក់ទំនងជាមួយរុស្ស៊ី និងចិន យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកបាន ចំណាយផ្នែកខ្លឹមសារដ៏ធំមួយដើម្បីរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ដោយ អះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងគាំទ្រភាគីនានាដែលមានទស្សនៈប្រឆាំងនឹងតម្លៃ ដឹកនាំដោយសហភាពអឺរ៉ុប (EU) ជាពិសេសលើបញ្ហាអន្តោប្រវេសន៍។ រដ្ឋអំណាច លោក ដូណាល់ ត្រាំ ចាត់ទុកថា យុទ្ធសាស្ត្រនេះបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃ ចំណែកទីផ្សាររបស់អឺរ៉ុបនៅក្នុងសេដ្ឋកិច្ចសកល ហើយថា អឺរ៉ុបកំពុងចុះខ្សោយដោយ សារគោលនយោបាយអន្តោប្រវេសន៍ អត្រាកំណើតធ្លាក់ចុះ និងហានិភ័យ “អរិយធម៌ ត្រូវគេលុបបំបាត់" កាន់តែកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអឺរ៉ុបជាច្រើនបានខិតខំបន្ទាប ការផ្លាស់ប្តូរនៅក្នុង យុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា “អាមេរិកនៅតែជាសម្ព័ន្ធមិត្ត ដ៏ធំបំផុតរបស់អឺរ៉ុប” ព្រមទាំងក៏ការពារជម្រើសដោយឡែករបស់ប្លុកនេះផងដែរ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បានប្រកាសថា៖
“សហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់យើងនៅក្នុងសម្ព័ន្ធភាព (ណាតូ)។ នេះគឺជាសម្ព័ន្ធភាពដែលផ្តោតលើបញ្ហានយោបាយ និងសន្តិសុខ ដោយ ផ្អែកលើតម្លៃចែករំលែករួម ដែលមានន័យថា ប្រធានបទផ្សេងទៀតក៏អាចត្រូវបាន ពិភាក្សាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿថា បញ្ហាដូចជាសេរីភាពនៃការ បញ្ចេញមតិ ឬការរៀបចំសង្គមសេរី យ៉ាងហោចណាស់នៅក្នុងប្រទេសអាល្លឺម៉ង់ មិន មែនជាផ្នែកមួយនៃការពិភាក្សានេះទេ។ យើងក៏មិនជឿថា មាននរណាម្នាក់ត្រូវនាំ ដំបូន្មានទៅឲ្យយើងលើបញ្ហាទាំងនេះដែរ ពីព្រោះវាត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយ”។
បញ្ហាមួយទៀតដែលយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិកបានលើកឡើងសម្រាប់អឺរ៉ុបនោះ គឺអនាគតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ នៅក្នុងយុទ្ធ សាស្ត្រនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ពីគោលដៅ «បញ្ចប់ការយល់ឃើញ និងទប់ ស្កាត់ការពិតដែលថា ណាតូគឺជាសម្ព័ន្ធភាពដែលត្រូវបានពង្រីកដោយឥតឈប់ឈរ»។ យោងតាមទីក្រុងវ៉ាស៊ីនតោន សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនត្រូវទទួលបន្ទុកបន្ថែមទៀត ចំពោះសន្តិសុខ និងការពារជាតិរបស់ខ្លួន ជំនួសឲ្យការទន្ទឹងរង់ចាំសហរដ្ឋអាមេរិក ដើរតួនាទីជា «ព្រះ Atlas ដែលទប់ទល់នឹងសណ្តាប់ធ្នាប់ពិភពលោកទាំងមូល»។ ប្រភពការទូតអឺរ៉ុបមួយចំនួនបានបែកធ្លាយថា ឆ្នាំ២០២៧ អាចជាថ្ងៃផុតកំណត់ដែល សហរដ្ឋអាមេរិកដាក់ចេញសម្រាប់អឺរ៉ុបដើម្បីទទួលបន្ទុកបេសកកម្មសន្តិសុខផ្ទាល់ខ្លួន ជំនួសឱ្យការពឹងផ្អែកលើអង្គការណាតូ ដែលមានសហរដ្ឋអាមេរិកជាសសរស្តម្ភ៕