សាមគ្គីភាព៖ កម្លាំងផ្ទៃក្នុងសម្រាប់ប្រទេសវៀតណាមដ៏សម្បូររុងរឿង
(VOVWORLD) - ក្នុងបរិបទដែលប្រទេសជាច្រើនផ្តល់អាទិភាពដល់ការពង្រឹងកម្លាំងផ្ទៃក្នុង វៀតណាមនៅតែបន្តបញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រមួយ៖ សាមាគ្គីជនជាតិជាតម្លៃស្នូលដែលបង្កើតកម្លាំងជាតិ។ កម្មវិធីនិទាឃរដូវមាតុភូមិឆ្នាំ ២០២៦ ជាមួយនឹងសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យជាបន្តបន្ទាប់ មិនត្រឹមតែផ្សព្វផ្សាយសេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមមួយប្រកបដោយសន្តិភាពនិងវិបុលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារការទូតដ៏ច្បាស់លាស់ អំពីវិធីសាស្រ្តអភិក្រមដោយយកប្រជាជនជាមជ្ជមណ្ឌលនិងយកការស្រុះចិត្តគំនិតក្នុងសង្គម ជាមូលដ្ឋានសម្រាប់សមាហរណកម្មអន្តរជាតិ។
រូបថត៖ VOV |
ពេលដែលនិទាឃរដូវ បុណ្យេតតប្រពៃណីមកដល់ម្តងៗ ប្រជាជនវៀតណាមនៅទូទាំងពិភពលោកបានជួបជុំគ្នានៅស្រុកកំណើតរបស់ខ្លួន សម្រាប់កម្មវិធីនិទាឃរដូវមាតុភូមិ។ នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់ការបញ្ចូលគ្នានៃអារម្មណ៍ ជំនឿ និងសេចក្តីប្រាថ្នារបស់សហគមន៍ជនវៀតណាមសកលចំពោះមាតុប្រទេស។
ប្រភពធនធានសំខាន់ៗនៅក្នុងកម្លាំងជាតិទាំងមូល
នៅក្នុងបរិយាកាសដែលប្រទេសជាតិទាំងមូល ឈានចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍ កម្មវិធីជួបជុំគ្នានាថ្ងៃទី ៨ ខែកុម្ភៈ នៅទីក្រុងហាណូយរបស់អាណិកជនវៀតណាម តំណាងឱ្យប្រជាជនវៀតណាមជាង ៦.៥ លាននាក់ កំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសនិងដែនដីទូទាំងពិភពលោកជាង ១៣០ គឺមានសារៈសំខាន់ជាពិសេស។ នៅក្នុងពិធី អគ្គលេខាបក្ស លោកតូ ឡឹម បានបញ្ជាក់ពីសមិទ្ធផលដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅឆ្នាំ ២០២៥ ដោយមានការរួមចំណែកយ៉ាងសំខាន់របស់ប្រជាជនវៀតណាមក្នុងប្រទេស និងសហគមន៍ជនវៀតណាមនៅក្រៅបរទេស។
យោងតាមលោកអគ្គលេខាបក្ស នេះគឺជាសក្ខីភាពដ៏រស់រវើកនៃស្មារតីសាមគ្គីភាព និងភាពសុខដុមរមនា ដែលបញ្ជាក់ពីសច្ចភាពទូទៅ៖ “ប្រទេសវៀតណាមតែមួយ ប្រជាជាតិវៀតណាមតែមួយ”។ ជាមួយនឹងសតិអារម្មណ៍ដ៏ខ្ជាប់ខ្ជួនក្នុងការយកប្រជាជនជាឬសគល់ ប្រជាជនជាចំណុចកណ្តាល ជាម្ចាស់កម្មវត្ថុ ជាគោលដៅ និងជាកម្លាំងចលករ និងធនធានអភិវឌ្ឍន៍ ក្នុងនោះសហគមន៍ជនវៀតណាមនៅបរទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រទេសជាតិ ដែលជាប្រភពធនធានដ៏សំខាន់ជាពិសេសនៃផែនមហាសាមគ្គីភាពជនជាតិទាំងមូល ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី អគ្គលេខាបក្សលោកតូ ឡឹមបានអំពាវនាវថា៖ “បក្ស និងរដ្ឋតែងតែស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកជំនាញ អ្នកបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសហគ្រិនអាណិកជនវៀតណាម ដើម្បីចូលរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងវិស័យសំខាន់ៗ សម្រាប់ដំណាក់ការអភិវឌ្ឍន៍ថ្មីៗ។ ទាំងអស់នេះសុទ្ធតែមានទិសដៅ ហើយយើងត្រូវតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។
សាររបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅដើមនិទាឃរដូវឆ្នាំ ២០២៦ មិនត្រឹមតែជាកការតភ្ជាប់មនោសញ្ជេតនាជាមួយសហគមន៍ជនវៀតណាមដែលឃ្លាតឆ្ងាយស្រុកកំណើត។ នោះគឺជាការធ្វើឱ្យជាក់ស្តែងនៃផ្នត់គំនិតជាយុទ្ធសាស្ត្រដែលត្រូវបានចិញ្ចឹមបីបាច់ និងលើកកម្ពស់នៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្ស៖ មហាសាមគ្គីជនជាតិជាកម្លាំងចម្បង ជាកម្លាំងផ្ទៃក្នុងសម្រាប់វៀតណាមលោតផ្លោះ។
ពូនជ្រុំជំនឿ និងសេចក្តីប្រាថ្នា
និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៦ កើតឡើងនៅក្នុងបរិបទដែលវៀតណាមខិតខំពង្រឹងកម្លាំងផ្ទៃក្នុងរបស់ខ្លួន លើកកម្ពស់សមត្ថភាពម្ចាស់ការ និងជំឋានៈជាតិរបស់ខ្លួននៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរជាច្រើន។ នៅក្នុងផ្ទាំងរូបភាពរួមនេះ សហគមន៍ជនវៀតណាមនៅបរទេសកំពុងបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួនកាន់តែខ្លាំងឡើង។ មិនត្រឹមតែជាស្ពានមិត្តភាពរវាងវៀតណាម និងប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ អាណិកជនថែមទាំងជាធនធានដ៏មានតម្លៃទាក់ទងនឹងចំណេះដឹង បច្ចេកវិទ្យា ការវិនិយោគ និងជាពិសេសតម្លៃវប្បធម៌ដែលរីកសាយភាយតាមរយៈបទពិសោធន៍ជីវិតចម្រុះរបស់ខ្លួន។ លោក ហូ វ៉ាន់ ឡឹម ប្រធានសមាគមជនវៀតណាមនៅប្រទេសថៃ បានឲ្យដឹងថា៖ “បងប្អូនអាណិកជនមានបំណងបង្កើតបណ្តាញតភ្ជាប់ព័ត៌មាន និងការសន្ទនាជាប្រចាំ ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវធនធានបញ្ញា បទពិសោធន៍ និងសក្តានុពលរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដែលបម្រើដល់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស”។
នៅពេលដែលអ្នកដែលឃ្លាតឆ្ងាយពីស្រុកកំណើតបានវិលត្រឡប់មកវិញក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ដោយនាំមកនូវរឿងរ៉ាវនៃការធ្វើសមាហរណកម្ម ភាពច្នៃប្រឌិត និងការចូលរួមចំណែក នោះក៏ជាពេលវេលាដែលស្មារតីសាមគ្គីភាពត្រូវបានពង្រឹងតាមរយៈការយោគយល់ និងការចែករំលែក។ ការផ្សាភ្ជាប់រវាងអ្នកនៅក្នុងប្រទេស និងនៅក្រៅប្រទេស ត្រូវបានចិញ្ចឹមបីបាច់មិនត្រឹមតែតាមមនោសញ្ជេតនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយជំនឿលើទិសដៅនៃការអភិវឌ្ឍប្រទេសផងដែរ។ លោក ង្វៀន ទ្រុងគៀន ប្រធានគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស បានបញ្ជាក់ថា៖ “កម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំ ២០២៦ ដែលមានប្រធានបទ "សេចក្តីប្រាថ្នាដើម្បីសន្តិភាព និងវិបុលភាព" ផ្តោតលើការបង្ហាញពីបំណងប្រាថ្នា និងការចែករំលែកជាមួយជនរួមជាតិវៀតណាមនៅក្រៅប្រទេស នូវលទ្ធផលនៃមហាសសន្និបាតលើកទី ១៤របស់បក្ស ភារកិច្ចនៃការអនុវត្តសេចក្តីសម្រេចបន្ទាប់ពីមហាសន្និបាត និងនៅក្នុងបរិបទនេះ តួនាទីរបស់អាណិកជនវៀតណាមនៅក្រៅប្រទេស គឺមានសារៈសំខាន់ខ្លាំងណាស់”។
នៅពេលដែលមហាសាមគ្គីភាពត្រូវបានបង្កើតឡើងនៅលើគ្រឹះនៃការជឿទុកចិត្ត ការគោរព និងគោលដៅរួម វានឹងក្លាយជាធនធានដែលមិនអាចប្រៀបផ្ទឹមបាន។ ប្រវត្តិសាស្ត្របានបង្ហាញថា នៅពេលដែលមានការស្រុះចិត្តគំនិតក្នុងប្រជាជន ជោគវាសនារបស់ប្រទេសជាតិនឹងកើនឡើង។ ជាមួយនឹងឱកាសថ្មីៗដែលបើកចំហរ សាមគ្គីភាពរបស់ប្រជាជនវៀតណាមរាប់លាននាក់នៅទូទាំងទ្វីបទាំងប្រាំ គឺជាការធានាដ៏រឹងមាំបំផុតថា ប្រទេសនេះនឹងមិនត្រឹមតែយកឈ្នះលើឧបសគ្គទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ខ្លួនដោយទំនុកចិត្តក្នុងតួនាទីថ្មីមួយ៖ វៀតណាមដ៏រឹងមាំ ពឹងផ្អែកលើខ្លួនឯង និងជាដៃគូដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្តនៅលើឆាកអន្តរជាតិ៕