សារដ៏ខ្លាំងក្លារបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់ដំណែងដំបូង
(VOVWORLD) - នៅថ្ងៃទី ២០ ខែមករា លោក ដូណាល់ ត្រាំ (Donald Trump) បានចូលកាន់តំណែងជាផ្លូវការ ដោយក្លាយជាប្រធានាធិបតីទី ៤៧ ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ នៅថ្ងៃដំបូងដែលលោកវិលត្រលប់មកសេតវិមានវិញ មេដឹកនាំអាមេរិករូបនេះ បានលើកឡើងសារជាបន្តបន្ទាប់ និងបានធ្វើការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងក្លា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងបន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងទីក្រុង Washington, DC ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/TTXVN)
|
ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ម៉ោងក្នុងស្រុក នៅវិមានកាពីតូល សហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី។ នេះជាលើកទីពីរហើយដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាមេដឹកនាំខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអាណត្តិប្រធានាធិបតីលើកដំបូងរបស់លោកពីឆ្នាំ ២០១៦-២០២០។
“យុគសម័យមាស” សម្រាប់អាមេរិក
នៅក្នុងសុន្ទរកថាដើមដំបូង បន្ទាប់ពីការស្បថចូលកាន់តំណែង ប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសការចាប់ផ្តើមនៃយុគសម័យមាសសម្រាប់អាមេរិក។ យោងតាមលោក ត្រាំ ជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន សម្រាប់ការវិលត្រឡប់មកសេតវិមាន គឺជាប្រការដែលមនុស្សតិចតួចបំផុតជឿថា អាចកើតឡើង ប៉ុន្តែជ័យជម្នះនេះបង្ហាញថា អាមេរិកគឺជាប្រទេស “មានប្រការដែលមិននឹកស្មានដល់” ហើយ "អ្វីដែលជនជាតិអាមេរិកធ្វើបានល្អបំផុតគឺធ្វើអ្វីដែលនឹកស្មានមិនដល់"។ ប្រធានាធិបតីអាមេរិកថ្មី បានបញ្ជាក់ថា រដ្ឋបាលថ្មីរបស់លោកនឹងបន្តដំណើរឆ្ពោះទៅរក "រឿងដែលមិននឹកស្មានដល់" ទាំងនោះ ដើម្បីនាំអាមេរិកឱ្យវិលត្រលប់ទៅរកការគោរពលើ ជុំវិញពិភពលោក។ លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវឱ្យប្រជាជនអាមេរិក ទទួលបានទំនុកចិត្តឡើងវិញថា ការកាន់តំណែងរយៈពេល ៤ ឆ្នាំខាងមុខរបស់លោក នឹងក្លាយជាឆ្នាំដ៏អស្ចារ្យបំផុតទាំង ៤ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
“អាមេរិចនឹងមើលឃើញខ្លួនឯងម្តងទៀតថា ជាប្រទេសខ្លាំងមាំមួន ជាប្រទេសដែលវិបុលភាពកំពុងកើនឡើងជាលំដាប់ ដោយមានការពង្រីកទឹកដី កសាងទីក្រុងរបស់ខ្លួន និងលើកកម្ពស់ការរំពឹងទុករបស់ប្រជាជននិងនាំទង់ជាតិអាមេរិកទៅកាន់ជើងមេឃថ្មី”។
នៅក្នុងសុន្ទរកថាស្បថចូលកាន់ដំណែង លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងអនុវត្តន៍គោលនយោបាយដ៏ខ្លាំងក្លាជាបន្តបន្ទាប់នៅក្នុងម៉ោងដំបូង ដើម្បីផ្លាស់ប្តូរអាមេរិក ពោលគឺ ពីការបញ្ជូនទាហានទៅការពារព្រំដែនភាគខាងត្បូង ការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ដណ្តើមបានការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកឡើងវិញនូវព្រែកជីក ប៉ាណាម៉ា ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិកវិញជាដើម។ ប្រធានាធិបតីអាមេរិកថ្មីរូបនេះក៏បានឲ្យដឹងថា លោកនឹងវិនិយោគយ៉ាងច្រើនសម្រាប់យោធាអាមេរិក ដោយបញ្ចប់ភាពរើសអើងជាតិសាសន៍និងយេនឌ័រនៅក្នុងកងទ័ពនិងស្ថាប័នសាធារណៈ។
សក្ខីភាពដែលបញ្ជក់រាល់សេចក្តីប្រកាសនេះ គឺភ្លាមៗ នៅពេលដែលលោកបានវិលត្រលឡប់មកសេតវិមានវិញ បន្ទាប់ពីបានស្បថចូលកាន់ដំណែង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រិតប្រតិបត្តិជិត ១០០ ដែលទាក់ទងនឹងវិស័យជាច្រើន។ គួរកត់ សម្គាល់ថា លោក ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីអាកាសធាតុ ដែលជាប្រការលោកបានធ្វើនៅក្នុងអាណត្តិមុនរបស់ខ្លួន។ លោក ត្រាំ ក៏បានដកសហរដ្ឋ អាមេរិកចេញពីអង្គការសុខភាពពិភពលោក (WHO) ផងដែរ។ ទាក់ទងនឹងសន្តិសុខព្រំដែន និងអន្តោប្រវេសន៍ លោក ត្រាំ បានប្រកាសភាពអាសន្នជាតិនៅព្រំដែនជាមួយម៉ិកស៊ិក ដោយហេតុនេះអនុញ្ញាតឱ្យយោធាអាមេរិកបង្ហើយការសាងសង់ជញ្ជាំងព្រំដែន និងដាក់ពង្រាយកងកម្លាំងជាប្រចាំទៅកាន់តំបន់នោះ។
ចំណែកវិស័យេរដ្ឋាករ លោក ត្រាំ បានចុះហត្ថលេខាលើក្រិតប្រតិបត្តិដោយដាក់ពន្ធ ២៥% លើផលិតផលទាំងអស់ដែលបាននាំចេញចូលកាន់ទីផ្សារសហរដ្ឋអាមេរិកពីប្រទេសកាណាដានិងម៉ិកស៊ិក និងពន្ធនាំចូល ១០% បន្ថែមលើទំនិញពីប្រទេសចិន។ លើសពីនេះ ប្រធានាធិបតីអាមេរិកថ្មីក៏បានចុះហត្ថលេខាលើក្រិតប្រតិបត្តិដើម្បីជួយសម្រួលដល់ការធ្វើអាជីវកម្មប្រេង បញ្ចប់អនុគ្រោះសម្រាប់រថយន្តអគ្គិសនី និងពន្យារយៈពេលប្រតិបត្តិការនៃបណ្តាញសង្គម Tik Tok នៅសហរដ្ឋអាមេរិក ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនមេ ByteDance ដកទុនវិនិយោគរបស់ខ្លួនចេញពីកម្មវិធីនេះ។
ផលប៉ះពាល់ដែលមិនអាចព្យាករណ៍បានឡើយ
លោក ត្រាំ បានចុះហត្ថលេខាលើក្រិតប្រតិបត្តិភ្លាមៗ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២០ ខែមករា (រូបថត៖ រ៉យទ័រ) |
យោងតាមក្រុមអ្នកសង្កេតការណ៍ ក្រិតប្រតិបត្តិជាបន្តបន្ទាប់ដែលត្រូវបានលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងរបស់លោកនៅក្នុងតំណែងថ្មី បានបង្កើតការផ្លាស់ប្តូរដ៏សំខាន់ សូម្បីតែបង្កប់លក្ខណៈបញ្ច្រាសនៅក្នុង គោលនយោបាយរបស់សហរដ្ឋអាមេរិក ទាំងក្នុងកិច្ចការផ្ទៃក្នុងនិងកិច្ច ការបរទេស ព្រមទាំងបង្កឱ្យមានផលប៉ះពាល់ជាសកល។ ការដែលសហរដ្ឋ អាមេរិកជាប្រទេសបញ្ចេញឧស្ម័នដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ហើយខ្លួនបង្កើនល្បឿននៃការធ្វើអាជីវកម្មនិងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ពិតជានឹងជះឥទ្ធិពលដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោកនាពេលបច្ចុប្បន្នជាពុំខាន។ អ្នកជំនាញជាច្រើនដែលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ជឿថា នៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសមួយចំនួនក៏អាចកាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុ ឬពង្រីកផែនទីបង្ហាញផ្លូវកាត់បន្ថយការបំភាយឧស្ម័នផងដែរ។ នេះគឺជាការព្រួយបារម្ភក្នុងបរិបទដែលប្រទេសនានានឹងត្រូវបញ្ជូនការរួមចំណែកកំណត់ជាតិរបស់ពួកគេ (NDCs) ដែលបង្ហាញពីការប្តេជ្ញាចិត្ត និងផែនទីបង្ហាញផ្លូវរបស់ពួកគេសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នទៅកាន់អង្គការ សហប្រជាជាតិនៅដើមឆ្នាំនេះ។ អ្នកជំនាញបរិស្ថាន Pranshu Singhal នាយកប្រតិបត្តិនៃ Karo Sambhav ដែលជាអង្គការបរិស្ថានឥណ្ឌាដែលមានឯកទេសខាងសេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព បានវាយតម្លៃថា៖ “ខ្ញុំគិតថា ការផ្លាស់ប្តូរដ៏ធំបំផុតដែលកំពុងកើតឡើង ជាពិសេសនៅក្នុងវិស័យអាកាសធាតុ គឺមនុស្សកំពុងឆ្ងល់ថា តើមានអ្វីកើតឡើងចំពោះសន្ធិសញ្ញា តើមានអ្វីកើតឡើងចំពោះគោលនយោបាយ តើនឹងមានអ្វីកើតឡើងចំពោះដំណោះស្រាយនាពេលអនាគត តើយើងនឹងឆ្ពោះទៅមុខដែរឬទេ? នោះសុទ្ធតែសំណួរដ៏ធំមួយ”។
មេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើនក៏បានបញ្ចេញប្រតិកម្មយ៉ាងប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរគោលនយោបាយ ដ៏ឆាប់រហ័សរបស់សហរដ្ឋអាមេរិកនៅថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់ លោក ដូណាល់ ត្រាំ ជាពិសេសរាល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិ និងយន្តការពហុភាគី ឬបង្កើនសម្ពាធពាណិជ្ជកម្មលើដៃគូសេដ្ឋកិច្ច៕