(VOVWORLD) - ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិត្រូវបានកំណត់ថា ជារបកគំហើញដ៏សំខាន់បំផុត និងជាកម្លាំងចលករដើម្បីនាំវៀតណាមឈានចូលក្នុងយុគសម័យថ្មី។ សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ (ខែធ្នូ ឆ្នាំ២០២៤) និងសន្និសីទទូទាំងប្រទេសស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ (ថ្ងៃទី ១៣ មករា) បានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំពោះការអភិវឌ្ឍរបស់ វៀតណាម។
រូបថត៖ ictvietnam.vn |
ការសម្រេចចិត្តអំពីយុទ្ធសាស្ត្រ ការត្រិះរិះ និងចក្ខុវិស័យថ្មី
ថ្នាក់ដឹកនាំវៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករដើម្បីនាំសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។ វៀតណាមបានដាក់ចេញគោលដៅបង្កើនទំហំសេដ្ឋកិច្ចឌីជីថលឲ្យឈានដល់យ៉ាងហោចណាស់ ៣០% នៃ GDP នៅឆ្នាំ២០៣០ និងឈានដល់ ៥០% នៅឆ្នាំ ២០៤៥ ដែលនាំឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលមួយរបស់តំបន់ និងពិភពលោក។ លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ មានប្រសាសន៍ថា៖
“សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល គឺជាគោលជំហរ ជាការសម្រេចចិត្តយុទ្ធសាស្ត្ររបស់បក្ស ដែលបង្ហាញពីការត្រិះរិះថ្មី ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី។ យើងបានឆ្លងកាត់រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍ ដូច្នេះយើងមានមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍ។ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ គ្មានមធ្យោបាយផ្សេងក្រៅពីការបង្កើតរបកគំហើញក្នុងការអភិវឌ្ឍន៍កម្លាំងផលិតភាពថ្មី ដើម្បីសម្រេចបាននូវផលិតភាព គុណភាព និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍ។ មានតែពេលនោះទេ ទើបយើងអាចបំពេញតាមតម្រូវការនៃការស្ទុះឈានទៅមុខនិងការលោតផ្លោះក្នុងយុគសម័យថ្មី”។
ក្រៅពីដំណោះស្រាយអំពីការបង្កើនការវិនិយោគ សុក្រិតហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ; ជំរុញខ្លាំងការធ្វើបរិវត្តកម្មឌីជីថល ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រតិបត្តិការនៃប្រព័ន្ធនយោបាយទាំងមូលនោះ ថ្នាក់ដឹកនាំវៀតណាមបានកំណត់យ៉ាងច្បាស់ថា ចាំបាច់ត្រូវធ្វើជាម្ចាស់ជាបណ្ដើរៗនូវបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយចំនួនដូចជា៖ AI, BigData, Blockchain ជាដើម។
ជាមួយនឹងប្រៀបខ្លាំងនេះ វៀតណាមនឹងឆ្ពោះទៅរកស្វ័យភាពផ្នែកបច្ចេកវិទ្យា ធ្វើជាម្ចាស់ និងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាបណ្ដើរៗ ក្នុងវិស័យមួយចំនួន ពង្រីកជាអតិបរមានូវបញ្ញា
វៀតណាម ដោយផ្សារភ្ជាប់នឹងការស្រូបយក និងអនុវត្តបច្ចេកវិទ្យាជឿនលឿនរបស់ពិភពលោកយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិពហុភាគី និងទ្វេភាគី អនុវត្តន៍ដោយទាន់ពេលវេលានូវសមិទ្ធិផល និងបទពិសោធន៍អន្តរជាតិ ស្របតាមស្ថានភាពជាក់ស្តែង និងលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់វៀតណាម; ជំរុញការទូត
បច្ចេកវិទ្យា ទាក់ទាញធនធានខាងក្រៅ រួមចំណែកធានាសន្តិសុខសេដ្ឋកិច្ច លើកកំពស់ស្វ័យភាពផ្នែកបច្ចេកវិទ្យា។
បំផុសភាពច្នៃប្រឌិតនិងទំនួលខុសត្រូវ ដើម្បីរួមចំណែកដល់ប្រទេសជាតិ
គោលនយោបាយប្រកបដោយភាពច្នៃប្រឌិត ដែលវៀតណាមនឹងអនុវត្តន៍ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបង្កើតការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្ត ជាពិសេសបញ្ញវន្តនៅឯបរទេស។ អ្នកវិទ្យាសាស្ត្រ និងបញ្ញវន្តនៅឯបរទេសបានវាយតម្លៃខ្ពស់ចំពោះរបកគំហើញថ្មីក្នុងការអនុញ្ញាតឱ្យសាកល្បងបញ្ហាថ្មីៗពីស្ថានភាពជាក់ស្ដែង ដោយទទួលយកហានិភ័យ បង្កើនការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ជាមួយនឹងគោលដៅដល់ ឆ្នាំ២០៣០ ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍសម្រេចបាន ២%នៃ GDP៖
“ខ្ញុំគិតថាប្រការនេះនឹងបង្កើតកម្លាំងចលករសម្រាប់អ្នកវិទ្យាសាស្ត្រហ៊ានលះបង់ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងស្រាវជ្រាវលើគម្រោងដែលមានហានិភ័យខ្ពស់”។
“ដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុជាច្រើន បានបណ្ដាលឲ្យការបញ្ចេញទុនវិនិយោគក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ មានភាពយឺតយ៉ាវ។ សេចក្ដីសម្រេចចិត្តលេខ ៥៧ បានដោះស្រាយឧបសគ្គនានាដែលនាំឲ្យមានការវិនិយោគទាបក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ”។
ការដែលអគ្គលេខាបក្ស លោក តូ ឡឹម កាន់តួនាទីដោយផ្ទាល់ជាប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងបានបង្កើតក្រុមប្រឹក្សាទីប្រឹក្សាជាតិដោយមានការចូលរួមពីអ្នកជំនាញក្នុងនិងក្រៅប្រទេស បានបង្កើតជំនឿជាក់យ៉ាងរឹងមាំ ដែលជួយទាក់ទាញអ្នកមានទេពកោសល្យខាងវិទ្យាសាស្ត្របន្ថែមទៀតនៅបរទេស បន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ សាស្រ្តាចារ្យបណ្ឌិត លោក Nguyen Xuan Huan ប្រធានសមាគមបញ្ញវន្តវៀតណាមនៅចក្រភពអង់គ្លេស និងសាធារណៈរដ្ឋអៀរឡង់បានចាត់ទុកថា៖
“លោកអគ្គលេខាបក្សបានបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំបែបនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជំនឿជាក់។ ក្រុមប្រឹក្សាទីប្រឹក្សារួមមានអ្នកជំនាញអន្តរជាតិ ដូច្នេះនេះពិតជាឱកាសសម្រាប់បញ្ញវន្តនៅបរទេស។ ពួកគេជានិច្ចកាលចង់វិលត្រឡប់មកវៀតណាម ហើយរួមចំណែកដល់វៀតណាម”។
នៅឯសន្និសីទទូទាំងប្រទេសស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ ជាថ្មីម្តងទៀត ជំនឿជាក់និងស្មារតីប្តេជ្ញាចិត្តនោះបន្តត្រូវបានរីកសាយភាយ និងដឹកនាំយ៉ាងល្អិតល្អន់ ដោយលោកអគ្គលេខាបក្ស លោកនាយករដ្ឋមន្ត្រីនិងលោកប្រធានរដ្ឋសភា។ សេចក្តីសម្រេចចិត្តលេខ ៥៧ និងលទ្ធផលនៃសន្និសីទគឺជាទីបង្អែកសម្រាប់វៀតណាមដើម្បីឈានចូលដំណាក់កាលនៃការស្ទុះឈានទៅមុខ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥៕