(VOVWORLD) - ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញជីញ (ថ្ងៃទី ១៤-១៥ ខែមករា) គឺជាសកម្មភាពសំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅចំពោះមុខខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-រុស្ស៊ី (១៩៥០-២០២៥)។ ដំណើរទស្សនកិច្ចនេះកាន់តែមានអត្ថន័យ ក្នុងបរិបទដែល វៀតណាមកំពុងនៅចំពោះមុខ យុគសម័យថ្មី ដោយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រដើម្បីបម្រើគោលដៅអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Vladimirovich Mishustin បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមករា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ (រូបថត៖ Pham Kien/TTXVN) |
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បន្តការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម - រុស្ស៊ី បង្ហាញពីការប្តេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។
នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជួបពិភាក្សា ឯក ភាព គ្នាលើបញ្ហាសំខាន់ៗ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ពេលអនាគត ព្រមទាំងកំណត់កាន់តែច្បាស់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការចាប់ពីសេដ្ឋកិច្ច រហូតដល់ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដល់ការអប់រំ វប្បធម៌ ការពារជាតិ និងសន្តិសុខ។
ទំនុកចិត្តខាងនយោបាយត្រូវបានរក្សាជានិច្ច
ក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ី និយាយរួម ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែជាឱកាសសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រធំៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ថែមទាំងដោះស្រាយការជំពាក់ជំពិនក្នុងទំនាក់ទំនងទ្វេភាគី តាមរយៈការ ប្តេជ្ញាចិត្តនយោបាយនិងទិសដៅដ៏រឹងមាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច។
ក្នុងរយៈពេលកន្លងមកនេះ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ ដោយមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី V. Putin មកកាន់វៀតណាម (ខែមិថុនា) ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជីញ ចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ (នាខែតុលា) ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់មិន នៅរុស្ស៊ី (ខែកញ្ញា) និងការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ។ អាចនិយាយបានថា ជំនួបដោយផ្ទាល់និងការផ្លាស់ប្តូររវាងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដើរតួនាទីនាំមុខ និងតម្រង់ទិសក្នុងទំនាក់ទំនងទ្វេភាគី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi (រូបថត៖ VOV-ម៉ូស្គូ) |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Dang Minh Khoi បានអះអាងថា៖ “ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាមនិងសហព័ន្ធរុស្ស៊ី។ នេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរក្នុងការក្រឡែកមើលឡើងវិញ កំណាត់ផ្លូវដ៏វែងឆ្ងាយនៃ ៧៥ ឆ្នាំកន្លងមក ពិភាក្សាអំពីវិធានការ និងទិសដៅ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងស្ថានភាពថ្មីនាពេលបច្ចុប្បន្ន។ ដំណើរទស្សនកិច្ចនេះក៏បើកឱកាសសម្រាប់ឆ្នាំថ្មី ជាមួយនឹងសកម្មភាពជាច្រើនក្នុងឆ្នាំនេះ”។
សារអំពីការបន្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី
មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរយៈពេល ៧៥ ឆ្នាំរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីគឺជាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿជាក់ខាងនយោបាយខ្ពស់។ នេះនឹងក្លាយជាទ្រព្យសម្បត្តិសម្រាប់ប្រទេសទាំងពីរដើម្បីបន្តដំណើរថ្មីទៀត។
ក្នុងអាណត្តិថ្មីរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ី ពូទីន មានសារច្បាស់លាស់ថា គឺនាំប្រទេសរុស្ស៊ីកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា មានតួនាទីនិងឋានៈដ៏សក្តិសមក្នុងតំបន់ និងពិភពលោក។ ជាពិសេស រុស្ស៊ីតែងតែអះអាងថា វៀតណាមជាដៃគូដែលអាចទុកចិត្តបាន ជាអាទិភាពសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ខ្លួន ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ចំពោះខ្លួនវិញ វៀតណាមកំពុងនៅ
ចំពោះមុខយុគ្គសម័យថ្មី ជាយុគ្គសម័យនៃការស្ទុះឈានទៅមុខ។ វៀតណាមកំពុងខិតខំប្រឹងប្រែង ដោយប្តេជ្ញាធ្វើឲ្យវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងពិភពលោក។ ក្នុងបរិបទនោះ ការរក្សានិងអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព គឺជាជម្រើសចាំបាច់។ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានឲ្យដឹងថា៖ “សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន អាចចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមក។ សហព័ន្ធរុស្ស៊ីគឺជាប្រទេសដ៏ធំមួយដែលមានធនធានមនុស្សគុណភាពខ្ពស់ ដែលមានការអប់រំ និងការបណ្តុះបណ្តាលល្អប្រសើរ។ វៀតណាមនឹងបន្តជំរុញការអនុវត្តគោលនយោបាយ “ការអប់រំគឺជាគោលនយោបាយជាតិកំពូល” ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនេះក៏នឹងបើកឱកាស និងសក្តានុពលថ្មីៗជាច្រើននាពេលខាងមុខ”។
ស្ថិតនៅចំពោះមុខក្លោងទ្វារប្រវត្តិសាស្ត្រដ៏សំខាន់មួយ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានជ្រើសរើសមាគ៌ាគឺបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បើកទូលាយកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ព្រមទាំងខិតខំលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យបានសមស្រប ជាមួយ នឹងទំនាក់ទំនងនយោបាយ។ ប្រការនេះឆ្លើយតបនឹងសេចក្តីប្រាថ្នា និង ផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យ ពិភាក្សា និងស្វែង រកដំណោះស្រាយចំពោះបញ្ហា និងឧបសគ្គដែលមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងផ្លាស់ប្តូរអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម...។
ដោយឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បន្តសន្ទុះនៃការអភិវឌ្ឍទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ចាប់ផ្តើមដំណាក់កាលថ្មីនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី៕