សារអំពីការប្តេជ្ញាចិត្តនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់វៀតណាម
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ូឡូញ សាធារណៈរដ្ឋឆែក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស និងជួបធ្វើការទ្វេភាគីនៅប្រទេសស្វីសចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមករា។ ដំណើរទស្សនកិច្ចនេះ បានរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូសំខាន់ៗកាន់តែស៊ីជម្រៅ ពង្រឹងថែមទៀតនូវតួនាទី ឋានៈនិងការទទួលខុសត្រូវរបស់វៀតណាម។ ជាងនេះទៅទៀត ផ្សព្វផ្សាយសារអំពីការប្តេជ្ញាចិត្តនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ ទាក់ ទាញធនធានអន្តរជាតិជាអតិបរមាដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុង Warsaw ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៉ូឡូញ (រូបថត៖ VGP/Nhat Bac) |
ដំណើរទស្សនកិច្ចនេះរឹតតែមានសារសំខាន់ ដោយបន្តអះអាងនូវគោលនយោបាយការបរទេសរបស់វៀតណាម ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ម្ចាស់ការ និងចូលរួមសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ ជ្រាលជ្រៅប្រកបដោយប្រសិទ្ធភាព។
ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប៉ូឡូញ សាធារណរដ្ឋឆែកនិងស្វីស
តាមទស្សនៈទ្វេភាគី ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប៉ូឡូញ សាធារណៈរដ្ឋឆែក និងបំពេញទស្សនកិច្ចការងារនៅស្វីស គឺជាឱកាសសំខាន់សម្រាប់ វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសក៏ដូចជាតំបន់អឺរ៉ុបកណ្តាលនិងសហភាពអឺរ៉ុប (EU) ពង្រីកតួនាទីជាស្ពានរវាងប៉ូឡូញ សាធារណរដ្ឋឆែកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បន្តការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងពិភពលោក ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់នីមួយៗ និងក្នុងពិភពលោក។
ចំណែកឯសាធារណរដ្ឋឆែកនិងប៉ូឡូញ ដំណើរទស្សនកិច្ចនេះគឺមានសារៈ សំខាន់ពិសេសណាស់ ពីព្រោះដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចំនឹងឱកាស ខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងប៉ូឡូញ និងសាធារណរដ្ឋឆែក (កុម្ភៈ ១៩៥០-កុម្ភៈ ២០២៥)។ ទាំងនេះគឺជាដៃគូមិត្តភាពប្រពៃណីទាំងពីរ ដែលតែងតែឈរក្បែរគ្នា ផ្តល់ការគាំទ្រនិងជំនួយដ៏មានតម្លៃដល់ប្រជាជនវៀតណាមក្នុងអំឡុងឆ្នាំនៃការតស៊ូទាមទារឯករាជ្យ ឯកភាពប្រទេសជាតិ ក៏ដូចជាក្នុងកិច្ចការអភិវឌ្ឍន៍របស់ប្រទេសក្នុងបណ្តាទសវត្សកន្លងមក។ គម្រោងជាច្រើននៅវៀតណាមនៅតែកត់សម្គាល់ការគាំទ្រ និងជំនួយរបស់ប្រទេសនិងប្រជាជនប៉ូឡូញ និងសាធារណៈរដ្ឋឆែកចំពោះវៀតណាម ដូចជាមន្ទីរពេទ្យវៀតណាម - ប៉ូឡូញនៅទីក្រុង Nghe An, វិទ្យាល័យវៀតណាម - ប៉ូឡូញ នៅទីក្រុងហាណូយ ឬ មន្ទីរពេទ្យមិត្តភាព វៀតណាម - ឆែក វិមានវប្បធម៌កុមារហាណូយជាដើម។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang (ប្រភព៖ VGP) |
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានឲ្យដឹងថា៖ “ជាមួយនឹងមូលដ្ឋានទំនាក់ទំនងដ៏មានតម្លៃនោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានពិនិត្យឡើងវិញនូវសមិទ្ធិផលល្អ នៃកិច្ច សហប្រតិបត្តិការក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅសំខាន់ៗ បង្កើតកម្លាំងចលករ ដើម្បីនាំទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ច សហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី។ លោកនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនឹងពិភាក្សា និងឯកភាពលើវិធានការសំខាន់ៗ ដើម្បីលើកកម្ពស់លក្ខណៈយុទ្ធសាស្ត្រនៃខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ បង្កើតកម្លាំងចលករនិងធ្វើឱ្យមានរបកគំហើញក្នុងវិស័យសក្តានុពល និងសំខាន់ៗ”។
ក្នុងពេលជាមួយគ្នានោះ សកម្មភាពទ្វេភាគីរបស់លោកនាយករដ្ឋមន្ត្រីនៅប្រទេសស្វីស ដែលជាដៃគូឈានមុខគេក្នុងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នឹងរួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ លើកកំពស់ទំនាក់ទំនងវៀតណាម-ស្វីស ជំរុញទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។
ផ្សព្វផ្សាយពីការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរបស់វៀតណាមទៅកាន់ពិភពលោក
តាមទស្សនៈពហុភាគី ការដែលលោកយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនៅសន្និសីទ WEF Davos លើកទី៥៥ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងយុគសម័យឆ្លាតវៃ” ត្រូវបានក្រុមប្រឹក្សាភិបាល WEF និងសហគមន៍ធុរកិច្ចពិភពលោកទន្ទឹងរងចាំផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសំខាន់សម្រាប់សហគមន៍អន្តរជាតិនិងសហគ្រាសធំៗ ធ្វើការពិភាក្សាដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសអំពីទិសដៅអភិវឌ្ឍន៍ អាទិភាព និងកាលានុវត្តភាពដែលវៀតណាមអាចផ្តល់ជូនអាជីវកម្មក្នុងដំណាក់កាល ដែលពិភពលោកមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅដូចបច្ចុប្បន្ននេះ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Minh Hang បានឲ្យដឹងថា៖ “លោកនាយករដ្ឋមន្ត្រីនឹងបញ្ជូនសារសំខាន់ៗអំពីការប្តេជ្ញាចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរបស់វៀតណាមឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ ជាមួយនឹងការផ្លាស់ប្តូរស៊ីជម្រៅនៅក្នុងសន្និសិទដែលមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាង ៣.០០០នាក់ មកពីអង្គការអន្តរជាតិនិងសាជីវកម្មឈានមុខគេរបស់ពិភពលោក យើងក៏ចាប់យកនិន្នាការអភិវឌ្ឍន៍នៃសម័យកាលភ្លាមៗ ជាលំហូរដែលកំពុងផ្លាស់ប្តូរយុគសម័យដ៏ឆ្លាតវៃ ពីនោះ បង្កើតយន្តការ គោលនយោបាយ និងវិធានការដើម្បីទាញយកប្រយោជន៍ពីឱកាស និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីនិន្នាការថ្ម”។
លោកនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញធ្វើជាប្រធានកិច្ចពិភាក្សាជាច្រើន លើប្រធានបទជាក់ស្តែងទាក់ទងនឹងតម្រូវការបច្ចុប្បន្ននៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេសការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកកំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ តាមនោះ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនឹងបើកឱកាសសហប្រតិបត្តិការជាច្រើនរវាងវៀតណាមជាមួយបណ្តាប្រទេស និងសាជីវកម្មឈានមុខគេលើពិភពលោកលើវិស័យសំខាន់ៗដូចជា៖ បញ្ញាសិប្បនិម្មិត ការវិនិយោគលើការច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ កម្មវិធី AI ក្នុងការផលិតឆ្លាតវៃ ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ…។
តាមរយៈសន្និសីទ WEF Davos លើកទី ៥៥ វៀតណាមនឹងបន្តអះអាងនូវតួនាទីរបស់ខ្លួនជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម មានការទទួលខុសត្រូវ និងមានសក្តានុពលរបស់សហគមន៍អន្តរជាតិក្នុងយុគសម័យឌីជីថលដ៏ឆ្លាតវៃ ឆ្ពោះទៅអនាគតដ៏វិបុលភាពនិងនិរន្តរភាពសម្រាប់មនុស្សជាតិ៕