អនុវត្តន៍ការបង្រួមក្បាលម៉ាស៊ីនរដ្ឋកាន់តែឆាប់ គឺកាន់តែល្អសម្រាប់ប្រទេសជាតិ

(VOVWORLD) - អញ្ជើញថ្លែងក្នុងសន្និបាតទូទាំងប្រទេសអំពីការជ្រួតជ្រាបនិងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ១៨ កាលពីថ្ងៃទី១ ខែធ្នូ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា មិនអាចពន្យាពេលទៀតទេ ក្នុងការអនុវត្តបដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដើម្បីឱ្យក្បាលម៉ាស៊ីនដំណើរការប្រកបដោយប្រសិទ្ធភាពនិងមានគុណភាពខ្ពស់។ នេះគឺជាភារកិច្ចដ៏សំខាន់ពិសេសដែលត្រូវតែអនុវត្តន៍ដោយការប្ដេជ្ញាចិត្តខ្ពស់បំផុត និងសកម្មភាពយ៉ាងប្ដូរផ្ដាច់របស់ប្រព័ន្ធនយោបាយទាំងមូល។

អនុវត្តន៍ការបង្រួមក្បាលម៉ាស៊ីនរដ្ឋកាន់តែឆាប់ គឺកាន់តែល្អសម្រាប់ប្រទេសជាតិ - ảnh 1សន្និបាតទូទាំងប្រទេសអំពីការជ្រួតជ្រាបនិងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ១៨។ (រូបថត៖ VOV)

ចាប់តាំងពីសន្និបាតមជ្ឈិមលើកទី ១០ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ ប្រព័ន្ធនយោបាយទាំងមូលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដោយស្មារតីថ្មី និងល្បឿនថ្មី សំដៅបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី របស់ប្រជាជន។ ក្នុងរយៈពេលខាងលើនេះ ការិយាល័យនយោបាយ និងគណៈលេខាបានធ្វើការយ៉ាងប្រញាប់ប្រញាល់ ដោយបានបើកកិច្ចប្រជុំជាង ១០ លើក ដើម្បីផ្តល់យោបល់ ដោះស្រាយបញ្ហាធំៗជិត ១០០ ក្រោមសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះ ដោះស្រាយជាស្ថាពរនូវបញ្ហាដែលនៅសេសសល់ ការជំពាក់ជំពិន ក៏ដូចជាបញ្ហាថ្មីៗដែលទើបកើតឡើងផងដែរ។

ត្រូវតែធ្វើ ធ្វើកាន់តែឆាប់ នឹងកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ

យោងតាមលោកអគ្គលេខាបក្ស តូ ឡឺម មហាសន្និបាតជាច្រើនរបស់បក្ស តាំងពីអាណត្តិមុនៗ បានលើកឡើងពីបញ្ហានៃការបង្រួមក្បាលម៉ាស៊ីនរដ្ឋ ជាពិសេសចាប់ពីមហាសន្និបាតលើកទី១២ មក។ ប្រការនេះបង្ហាញថា បក្សបានយល់ឃើញពីភាពចាំបាច់នៃអនុវត្តភារកិច្ចនេះ ប៉ុន្តែដំណើរការអនុវត្តមិនទាន់សម្រេចបានគោលដៅដែលបានកំណត់នៅឡើយ។ នេះពិតជាបញ្ហាលំបាកបំផុត។ ទោះជាយ៉ាងណាក៏ដោយ នៅតែត្រូវអនុវត្តន៍។

លោកអគ្គលេខាបក្សបានស្នើឲ្យគ្រប់កម្រិត គ្រប់ផ្នែក ចាប់ពីមជ្ឈិមរហូតដល់មូលដ្ឋាន ត្រូវតែកំណត់ការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតក្នុងការអនុវត្តគោលជំហរនេះ។ នេះគឺជាភារកិច្ចដ៏សំខាន់ពិសេស ជាបដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។

“នេះមិនមែនគ្រាន់តែជាបញ្ហាទំហំ ឬបរិមាណប៉ុណ្ណោះទេ ប៉ុន្តែជ្រាលជ្រៅជាងនេះទៅទៀត គឺការបង្កើតការផ្លាស់ប្តូរគុណភាពនៅក្នុងប្រតិបត្តិការនៃប្រព័ន្ធនយោបាយ។ ថ្នាក់ដឹកនាំ ប្រមុខគណៈកម្មាធិការបក្ស និងទីភ្នាក់ងារនានា ត្រូវធ្វើជាគំរូ មានភាពម្ចាស់ការ និងការប្ដេជ្ញាចិត្ត ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូនដោយស្មារតី "ថ្នាក់មជ្ឈិមមិនរង់ចាំថ្នាក់ខេត្ត ថ្នាក់ខេត្តមិនរង់ចាំថ្នាក់ស្រុក ថ្នាក់ស្រុកមិនរង់ចាំថ្នាក់មូលដ្ឋាន"; “មជ្ឈិមធ្វើជាគំរូ មូលដ្ឋានយកតម្រាប់តាម”។

លោកអគ្គលេខាបក្សបានស្នើឱ្យលំដាប់ថ្នាក់នីមួយៗ ផ្នែកនីមួយៗ ច្បាមជាប់នូវផែនការដើម្បីបូកសរុបនិងស្នើឡើងគំរូសម្រាប់ទីភ្នាក់ងារ និងអង្គភាពរបស់ខ្លួន ឲ្យទាន់ពេលវេលា (បណ្ដាក្រសួង ផ្នែកត្រូវសម្រេចនៅក្នុងខែធ្នូ ឆ្នាំ២០២៤); ឆ្ពោះទៅរកគោលដៅរួមនោះគឺការសម្រេចនិងរាយការណ៍ជូនមជ្ឈិមអំពីផែនការរៀបចំ ពង្រឹងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយនៅក្នុងត្រីមាសទីមួយឆ្នាំ២០២៥។

អនុវត្តន៍ការបង្រួមក្បាលម៉ាស៊ីនរដ្ឋកាន់តែឆាប់ គឺកាន់តែល្អសម្រាប់ប្រទេសជាតិ - ảnh 2លោកអគ្គលេខាបក្ស តូ ឡឺម ថ្លែងនៅសន្និបាត។ (រូបថត៖ VOV)

ដាក់ពង្រាយអនុវត្តន៍យ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែត្រូវធានាបាននូវភាពប្រុងប្រយ័ត្ន ភាពប្រាកដប្រជា រក្សារឹងមាំនូវគោលការណ៍ ទទួលមតិយោបល់ពីការបូកសរុបស្ថានភាពជាក់ស្តែង អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ រួមទាំងបទពិសោធន៍បរទេស... ដើម្បីមានសំណើរល្អបំផុតសម្រាប់ការបង្រួមក្បាលម៉ាស៊ីនរដ្ឋ។

អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍៖ ទីភ្នាក់ងារមួយទទួលបន្ទុកការងារជាច្រើន ប្រគល់ឱ្យទីភ្នាក់ងារតែមួយគត់ធ្វើជាអធិបតីលើកិច្ចការមួយ និងទទួលខុសត្រូវចម្បង; ដោះស្រាយយ៉ាងដាច់អហង្ការនូវស្ថានភាពត្រួតស៊ីគ្នាទាំងខាងមុខងារនិងភារកិច្ច ការបំបែកគ្នាខាងភូមិសាស្ត្រនិងវិស័យ; កំណែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ត្រូវតែផ្សារភ្ជាប់ជាមួយការជ្រួតជ្រាបនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលជំហររបស់បក្ស អំពីការផ្លាស់ប្ដូរថ្មីវិធីសាស្ត្រដឹកនាំ ធ្វើវិមជ្ឈការអំណាចយ៉ាងខ្លាំងក្លាដល់មូលដ្ឋាន ជំរុញកំណែទម្រង់រដ្ឋបាល ការប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយ ការផ្លាស់ប្តូរឌីជីថលជាតិ ការធ្វើសង្គមភាវូបនីយកម្មនៃសេវាសាធារណៈ។ ល។

“តម្រូវការទូទៅគឺថាក្បាលម៉ាស៊ីនថ្មី ត្រូវតែប្រសើរជាងក្បាលម៉ាស៊ីនចាស់ ហើយដាក់ឱ្យដំណើរការភ្លាមៗ។ កុំរំខានការងារ កុំទុកចន្លោះពេល កុំទុកទំនេរតំបន់ឬវិស័យណាមួយ; កុំទុកឲ្យប៉ះពាល់ដល់សកម្មភាពធម្មតារបស់សង្គម និងប្រជាជន... ការបង្រួមក្បាលម៉ាស៊ីន ដើរទន្ទឹមគ្នាជាមួយការបង្រួមជួរបុគ្គលិក រៀបចំរចនាសម្ព័ន្ធជួរបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមត្ថភាពស្មើនឹងភារកិច្ច។ ការបង្រួមជួរបុគ្គលិកមិនមានន័យថា ការកាត់បន្ថយបរិមាណសុទ្ធសាធនោះទេ ប៉ុន្តែជាការលុបបំបាត់មុខតំណែងដែលមិនចាំបាច់ កាត់បន្ថយការងារដែលគ្មានប្រសិទ្ធភាព ដោយហេតុនេះផ្តោតធនធានលើវិស័យសំខាន់ៗ និងមនុស្សដែលពិតជាសក្តិសម និងសមរម្យ”។

ការស្រុះចិត្តគំនិតក្នុងសង្គម

ការអនុវត្តបដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនរដ្ឋក្រោមស្មារតីដ៏ជាក់ស្ដែងនិងបន្ទាន់បំផុត បានទទួលការស្រុះចិត្តគំនិតក្នុងសង្គមទាំងមូល ជាមួយនឹងការជឿជាក់ និងការគាំទ្រពីប្រជាជនគ្រប់មជ្ឈដ្ឋាន។

“នេះជាការកាត់បន្ថយជួរបុគ្គលិកដែលមិនធ្លាប់មានពីមុនមក ដែលបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់បំផុត ជាមួយនឹងគោលបំណងចង់ផ្គាប់ចិត្តប្រជាជន ហើយដរាបណាមានការគាំទ្រពីប្រជាជន ខ្ញុំជឿថាវានឹងទទួលបានជោគជ័យ”។

“នៅពេលដែលយើងបង្រួមក្បាលម៉ាស៊ីន គឺមានន័យ ក្បាលម៉ាស៊ីននឹងមានទំហំតូចជាងមុន ប៉ុន្តែគុណភាពនឹងប្រសើរឡើង។ អាស្រ័យហេតុនោះ នឹងជួយសម្រួលដល់ប្រជាជន ក៏ដូចជាអង្គការនានាឱ្យដំណើរការយ៉ាងរលូន”។

ប្រទេសវៀតណាមកំពុងឈរនៅមុខទ្វារប្រវត្តិសាស្ត្រ ដើម្បីឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខ។ ការងារនៃបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនរដ្ឋ ដែលកំពុងត្រូវបានអនុវត្តន៍ក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកនៅសព្វថ្ងៃនេះ នឹងសម្រេចលើអនាគតដ៏ខ្លាំងមាំមួនរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ