នាំរបាំ xoe របស់ជនជាតិ Thai ទៅបញ្ចូលក្នុងសាលារៀននៅខេត្ត Son La

(VOVWORLD) - Xoe គឺជាទម្រង់វប្បធម៌ប្រជាប្រិយរបស់ជនជាតិ Thai នៅវៀតណាមដែលត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ថ្មីៗនេះ ការប្រឡងរបាំ Xoe Thai ត្រូវបានគេបញ្ចូលទៅក្នុងសាលារៀននៅខេត្ត Son La ជាលើកដំបូង។ នោះគឺជាការប្រលង “ស្វែងយល់អំពី Xoe Thai” ដែលរៀបចំឡើងក្នុងកម្មវិធីសិក្សាក្រៅម៉ោង “វិលមកតំបន់បេតិកភណ្ឌ” របស់សាលាបឋមសិក្សា មធ្យមសិក្សានិងវិទ្យាល័យ Chu Van An ចំណុះមហាវិទ្យាល័យ Tay Bac នៅទីក្រុង Son La ខេត្ត Son La។ 

នាំរបាំ xoe របស់ជនជាតិ Thai ទៅបញ្ចូលក្នុងសាលារៀននៅខេត្ត Son La - ảnh 1សិស្សានុសិស្សហាត់រាំមុនពេលទៅប្រឡង។ (រូបថត៖ VOV)

សំឡេងតន្ត្រី Xoe ដ៏គគ្រឹកគគ្រេងលាន់លឺឡើង ក៏ជាពេលដែលសិស្សសាលាបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យ Chu Van An មហាវិទ្យាល័យ Tay Bac នៅទីក្រុង Son La មានវត្តមាននៅទីធ្លាគោរពទង់ជាតិរបស់សាលា ដើម្បីចូលរួមកម្មវិធីសិក្សាក្រៅម៉ោងពិសេស។ នេះជាលើកដំបូងដែល សិស្សានុសិស្សនៅកម្រិតពីរ គឺមធ្យមសិក្សា និងវិទ្យាល័យ ត្រូវបានជក់អារម្មណ៍ទៅក្នុងបរិយាកាសវប្បធម៌ជនជាតិ Thai; រួមគ្នាពិសោធន៍ និងស្វែងយល់ អំពីលក្ខណៈដ៏វិសេសវិសាលនៃរបាំ Xoe បុរាណទាំង ៦ របស់ជនជាតិ Thai នៅតំបន់ភាគពាយ័ព្យ។ ប្អូន Nguyen Ngoc Bao An សិស្សថ្នាក់ទី ៨B បានឲ្យដឹងថា៖

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងកម្មវិធីនេះ។ តាមរយៈកម្មវិធី ខ្ញុំអាចស្វែងយល់បន្ថែមពីអ្វីដែលខ្ញុំមិនទាន់ដឹងអំពីរបាំ Xoe របស់ជនជាតិ Thai ហើយក៏បានយល់ពីលក្ខណៈដ៏ល្អប្រសើរជាច្រើនអំពីវប្បធម៌ជនជាតិរបស់ប្រទេសយើងផងដែរ”។

នាំរបាំ xoe របស់ជនជាតិ Thai ទៅបញ្ចូលក្នុងសាលារៀននៅខេត្ត Son La - ảnh 2ការសម្ដែងសិល្បៈរាំ xoe របស់ជនជាតិ Thai។ (រូបថត៖ VOV)

នៅលើឆាក ដែលត្រូវបានរចនាដូចរូបគែនអញ្ចឹង រួមជាមួយនឹងកន្សែង pieu របស់ជនជាតិ Thai ដោយមានក្បូរក្បាច់រចនាចម្រុះពណ៌ បណ្ដាក្រុមប្រកួតបានអនុវត្តន៍ឈុតសម្ដែងរបស់ខ្លួនដូចជា៖ ការឧទ្ទេសនាមអំពីក្រុមប្រកួតរបស់ខ្លួន; ធ្វើបទបង្ហាញ និងការសម្តែងឧទ្ទេសនាមអំពីរបាំបុរាណចំនួន ៦ របស់ជនជាតិ Thai រួមមាន៖ របាំលើកកន្សែងដៃអញ្ជើញស្រា; ចែកជាបួន; បោះកន្សែង; ទៅវិញទៅមកដោយរលូន; កាន់ដៃគ្នារាំ xoe និងទះដៃជារង្វង់។

ក្នុងសំឡេងតន្ត្រីដ៏អ៊ូអរ និងសំឡេងទះដៃកងរំពង អ្នកសម្ដែងប្រុសស្រី បានចូលតួសម្ដែងជាកំលោះក្រមុំជនជាតិ Thai។

ប្អូន Lo Duc Anh សិស្សថ្នាក់ទី ១២A ជាអ្នកដែលបានរៀបចំឈុតសម្ដែងដោយខ្លួនឯងសម្រាប់ក្រុមរបស់ខ្លួនបានចែករំលែកថា៖

“ខ្ញុំមានអារម្មណ៍រីករាយនិងអន្ទះសារណាស់។ ក្នុងនាមជាកូនជនជាតិ Thai និងជាយុវជនម្នាក់ ខ្ញុំពិតជាចង់ស្វែងយល់បន្ថែម និងផ្សព្វផ្សាយដល់មិត្តភក្តិរបស់ខ្លួន អំពីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិ Thai រួមទាំងរបាំ Xoe បុរាណទាំង ៦ ផងដែរ។ ខ្ញុំនឹងរួមជាមួយមិត្តភក្តិ ដើម្បីថែរក្សា និងបន្សល់ទុកនូវភាពស្រស់ស្អាតនៃវប្បធម៌ Xòe រហូតដល់ពេលអនាគត”។

ចំណែកប្អូន Ha Thuy Vy ជាសិស្សរៀនថ្នាក់ទី ៨B បានសម្ដែងថា៖

“ខ្ញុំសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងណាស់ ដោយបានចូលរួមក្នុងកម្មវិធី ដោយសារខ្ញុំជាកូនរបស់ជនជាតិ Thai ប៉ុន្តែមិនទាន់បានចូលរួមក្នុងពិធីបុណ្យរបស់ជនជាតិ Thai នៅឡើយ។ ខ្ញុំគិតថា នេះក៏ជាឱកាសមួយដើម្បីឲ្យខ្ញុំបានចូលរួម និងយល់ដឹងពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន។ តាមរយៈនេះ ខ្ញុំចង់ឧទ្ទេសនាមអំពីអត្តសញ្ញាណរបស់ជនជាតិ Thai ដើម្បីឲ្យមិត្តភក្តិ និងញាតិសន្ដានបានស្គាល់ ហើយសង្ឃឹមថាមនុស្សគ្រប់គ្នានឹងថែរក្សា និងអភិវឌ្ឍន៍អត្តសញ្ញាណដ៏វិសេសវិសាលរបស់ជនជាតិ Thai នៅវៀតណាម”។

លោកគ្រូ Nguyen Anh Dan ជាគ្រូបង្រៀនវិញ្ញាសារតន្ត្រីរបស់សាលា និងជាអ្នកដឹកនាំរឿងនៃកម្មវិធី បានឲ្យដឹងថា បរិយាកាសវប្បធម៌ “វិលមកតំបន់បេតិកភណ្ឌ” ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីប្រពៃណីវប្បធម៌ដ៏វិសេសវិសាល លើកកំពស់មនសិការ និងទំនួលខុសត្រូវរបស់សិស្សានុសិស្សក្នុងការថែរក្សា និងផ្សព្វផ្សាយតម្លៃវប្បធម៌នៃបេតិកភណ្ឌ Xoe Thai។

“នេះជាលើកដំបូងដែលយើងខ្ញុំធ្វើកម្មវិធីអំពីសិល្បៈ Xoe Thai។ លើកទី២ យើងខ្ញុំនឹងធ្វើអំពីរបាំគែនរបស់ជនជាតិ Mong។ ហើយលើកក្រោយៗ យើងខ្ញុំនឹងរៀបចំការប្រឡងដើម្បីស្វែងយល់ពីបេតិកភណ្ឌរបស់ជនជាតិផ្សេងទៀតដែលត្រូវបានចុះបញ្ជី។ ជារៀងរាល់ឆមាសម្ដង សាលានឹងរៀបចំកម្មវិធីប្រឡងមួយ”។

ការនាំទម្រង់វប្បធម៌ប្រជាប្រិយបញ្ចូលទៅក្នុងកម្មវិធីបង្រៀន ហើយសម្តែងនៅក្នុងសាលារៀន បានជួយធ្វើឱ្យបរិយាកាសសាលារៀន កាន់តែមានភាពរស់រវើក ក៏ដូចជាជួយវប្បធម៌ប្រជាប្រិយរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងជីវភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ