ពិធីសែនដូនតា លក្ខណៈវប្បធម៌ដើមនិទាឃរដូវនៅតំបន់ Quang Yen ខេត្ត Quang Ninh

(VOVWORLD) - ទីរួមខេត្ត Quang Yen ខេត្ត Quang Ninh បច្ចុប្បន្នមានវង្សត្រកូលជាង ១២០។ នៅពេលនិទាឃរដូវមកដល់ម្ដងៗ វង្សត្រកូលនៅទីនេះតែងតែប្រារព្ធពិធីសែនដូនតា ដើម្បីរំលឹកដល់បុព្វការីជនដែលមានគុណបំណាច់រកឃើញ និងបង្កើតឡើងកោះ Ha Nam ដ៏ស្តុកស្តម្ភ ដែលសព្វថ្ងៃស្ថិតក្នុងទីរួមខេត្ត Quang Yen ខេត្ត Quang Ninh។
ពិធីសែនដូនតា លក្ខណៈវប្បធម៌ដើមនិទាឃរដូវនៅតំបន់ Quang Yen ខេត្ត Quang Ninh - ảnh 1ពិធីសែនដូនតា លក្ខណៈវប្បធម៌ដើមនិទាឃរដូវនៅតំបន់ Quang Yen ខេត្ត Quang Ninh (រូបថត៖ Vu Mien/VOV)

នៅដើមនិទាឃរដូវ ផ្ទះសក្ការៈបូជារបស់វង្សត្រកូលរាប់សិបនៅ Quang Yen ត្រូវបានតុបតែងលម្អដោយទង់ ៥ ពណ៌ និងក្ដារឆ្លាក់កំណាព្យឆ្លើយឆ្លងគ្នា ដើម្បីប្រារព្ធពិធីសែនដូនតា។ កូនចៅជំនាន់ក្រោយៗក្នុងវង្សត្រកូលដែលកំពុងទៅធ្វើការឬចេញទៅប្រកបរបរឆ្ងាយពីស្រុកកំណើត សុទ្ធតែវិលត្រឡប់មកស្រុកកំណើតវិញដើម្បីអុជធូបនៅផ្ទះសក្ការៈបូជាវង្សត្រកូល រំលឹកដល់ដូនតារបស់ខ្លួន៖

“ខ្ញុំបានរៀបការនៅឆ្ងាយពីផ្ទះ ដូច្នេះខ្ញុំពិតជាចង់នាំប្តី និងកូនត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យកូនខ្ញុំពេលធំដឹងក្តី អាចយល់អំពីតម្លៃវប្បធម៌នៃស្រុកកំណើត ប្រទេសជាតិនិងវង្សត្រកូលរបស់ខ្លួន”។

“នៅដើមឆ្នាំ កូនចៅនៃវង្សត្រកូលទាំងអស់នៅ Ha Nam សុត្ធតែត្រឡប់មកស្រុកកំណើតវិញក្នុងឱកាសថ្ងៃសែនដូនតាដើម្បីរំលឹកដល់ឫសគល់ខ្លួន។ នៅថ្ងៃនេះ គ្រួសារណាដែលមានមនុស្សវ័យចំណាស់ជាង ៨០ឆ្នាំ នឹងត្រៀមរៀបចំដង្វាយថ្វាយឡើងផ្ទះសក្ការៈបូជាវង្សត្រកូល រួមមាន៖ ក្បាលជ្រូក នំ day ផ្លែឈើ... នេះជាមោទនភាព និងទំនួលខុសត្រូវរបស់សមាជិកម្នាក់ៗ ដើម្បីកសាងវង្សត្រកូលឱ្យកាន់តែរុងរឿង”។

ជាវង្សត្រកូលមួយក្នុងចំណោមវង្សត្រកូលធំៗ នៃតំបន់កោះ Ha Nam នៅទីរួមខេត្ត Quang Yen នោះ វង្សត្រកូល Vu មានផ្ទះសក្ការៈបូជាបុព្វបុរសវង្សត្រកូល នៅឃុំ Phong Coc ដែលត្រូវបានគេទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិក្នុងឆ្នាំ ២០០១។ លោក Vu Trong Luu ប្រធានក្រុមប្រឹក្សាវង្សត្រកូល Vu Hong បានចែករំលែកថា៖

“ជារៀងរាល់ឆ្នាំ វង្សត្រកូលនៅតែចូលរួមពិធីបុណ្យ Tien Cong ហើយលើកទឹកចិត្តកូនចៅឲ្យឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងចូលរួមក្នុងពិធីសែនរបស់វង្សត្រកូល… ផ្នូររបស់ដូនតារហូតដល់បច្ចុប្បន្ន នៅតែត្រូវបានថែរក្សាបានល្អ”។

ពិធីសែនដូនតា លក្ខណៈវប្បធម៌ដើមនិទាឃរដូវនៅតំបន់ Quang Yen ខេត្ត Quang Ninh - ảnh 2នៅដើមឆ្នាំ វង្សត្រកូលនឹងផ្តល់រង្វាន់ដល់សិស្សានុសិស្សដែលមានស្នាដៃល្អក្នុងការសិក្សា។
រូបថត៖ Vu Mien/VOV

ក្នុងពិធីសែនដូនតារបស់វង្សត្រកូលនីមួយៗ គឺមិនអាចខ្វះបានពិធី Tien Cong ដើម្បីរំលឹកដល់គុណបំណាច់របស់បុព្វការិជនដែលបានគាស់រានដី បង្កើតភូមិ ហើយក៏ជាឱកាសដើម្បីកូនចៅប្រារព្វពិធីចម្រើនជន្មាយុជូនព្រឹទ្ធាចារ្យភូមិផងដែរ។ រូបភាពដ៏ស្រស់ស្អាតបំផុតនៃពិធី Tien Cong នោះ គឺព្រឹទ្ធាចារ្យភូមិដែលមានអាយុ ៨០ ៩០ និង ១០០ ឆ្នាំ ត្រូវបានសែងដោយគ្រែស្នែងឆ្លាក់រូបសត្វនាគ និងធ្វើក្បួនដង្ហែយ៉ាងឱឡារិកជាមួយនឹងសំឡេងស្គរបុណ្យនិងភាពសប្បាយរីករាយរបស់កូនចៅជំនាន់ក្រោយ។ 

ពិធីសែនដូនតាគឺជាឱកាសមួយដើម្បីបណ្ដុះបុគ្គលិកលក្ខណៈ និងណែនាំកូនចៅឱ្យទៅរកប្រការដ៏ល្អប្រសើរ។ នោះគឺជាប្រពៃណី “កតញូដឹងគុណដូនតា” និង “សាមគ្គីក្នុងវង្សត្រកូល”។ លោក Ngo Minh Tam អតីតប្រធានក្រុមប្រឹក្សាវង្សត្រកូល Ngo បានសម្តែងថា៖

“នៅថ្ងៃសែនដូនតាដើមឆ្នាំថ្មី តែងមានការក្រើនរំលឹកនិងវាយតម្លៃពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់កូនចៅ។ កូនចៅដែលមានភាពជឿនលឿន ត្រូវបានកោតសរសើរ។ យើងខ្ញុំមានវិធីសាស្រ្តអប់រំល្អណាស់ គឺពេលសរសើរគឺតែងតែសរសើរនៅកន្លែងប្រមូលផ្ដុំមនុស្សច្រើន ចំណែកពេលក្រើនរំលឹក គឺក្រើនរំលឹកដោយដាច់ដោយឡែកគ្នា។ ការប្រឡងប្រណាំងតាមច្បាប់ភូមិ របៀបធ្វើពិធីចម្រើនជន្មាយុ ៨០ ឆ្នាំយ៉ាងដូចម្ដ៉េច របៀបធ្វើពិធីដង្ហែអ្នកតាភូមិ ដង្ហែដែនតាយ៉ាងដូចម្ដ៉េច ប្រសិនបើមានវង្សត្រកូលណាធ្វើបានល្អជាង គឺគួរតែរៀនពីគេ”។

ពិធីសែនដូនតារបស់វង្សត្រកូលនានា មិនថាធំឬតូច សុទ្ធតែបង្កប់នូវអត្តសញ្ញាណវប្បធម៌នៃវង្សត្រកូលនោះ ហើយបង្ហាញពីការគោរពដល់ដូនតា។ លោក Nguyen The Nham ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Phong Coc ទីរួមខេត្ត Quang Yen បានឲ្យដឹងថា៖

“ការឃោសនា ចលនា តែងតែត្រូវបានអនុវត្តន៍តាមរយៈមេវង្សត្រកូល។ តាមនោះ ស្មារតីសាមគ្គីភាពរបស់ប្រជាជនកាន់តែប្រសើរឡើង; ប្រជាជនប្រតិបត្តិយ៉ាងល្អតាមគោលជំហរ គោលនយោបាយរបស់រដ្ឋ; ជំនាស់ទាំងអស់ត្រូវបានដោះស្រាយក្នុងវង្សត្រកូល ដែលរួមចំណែកនាំមកនូវភាពសុខសាន្តត្រាណដល់សហគមន៍”។

ពិធីសែនដូនតានៅ Quang Yen គឺជាស្ពានតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្ន។ ក្នុងដំណើរនោះ សេចក្តីស្នេហាចំពោះស្រុកកំណើត និងឫសគល់ត្រូវបានចិញ្ចឹមបីបាច់ ក្លាយជាកម្លាំងចលករដើម្បីជួយជំនាន់វ័យក្មេងខិតខំឈានឡើង រួមចំណែកកសាងស្រុកកំណើតដ៏កាន់តែស្រស់ស្អាតនិងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ