(VOVWORLD) - និទាឃរដូវ ជារដូវកាលដែលគូស្នេហ៍រៀបការថ្មីថ្មោងបានក្លាយជាប្ដីប្រពន្ធ តាមរយៈពិធីមង្គលការដ៏កក់ក្តៅ និងសុភមង្គល។ សម្រាប់ជនជាតិ Tay នៅស្រុក Quang Binh ខេត្ត Ha Giang ពិធីមង្គលការមិនត្រឹមតែជាឱកាសសម្រាប់គូស្នេហ៍ក្លាយជាប្ដីប្រពន្ធប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ជាមួយនឹងបទចម្រៀង Quan lang (ក្វាន ឡាង) ទៀតផង។ បទចម្រៀងឆ្លើយឆ្លងគ្នា ត្រូវបាន Pu Quan lang (មន្ត្រីភូមិ) ច្រៀងដោយមានលក្ខណៈប្រៀនប្រដៅ និងជូនពរកូនកំលោះកូនក្រមុំជួបតែសិរីមង្គលក្នុងជីវិត។
ការច្រៀង Quan Lang គឺមិនអាចខ្វះបានក្នុងពិធីមង្គលការរបស់ជនជាតិ Tay ។
រូបថត៖ Vinh Phong/VOV5 |
ការច្រៀង Quan lang គឺជាទំនៀមទម្លាប់ដ៏ស្រស់ស្អាតនៅក្នុងពិធីមង្គលការប្រពៃណីរបស់ជនជាតិ Tay ជាមួយនឹងកម្រងកំណាព្យ និងចម្រៀងដែលបែងចែកជាផ្នែកជាក់លាក់។ សិល្បៈករ Hoang Van Bien នៅភូមិ Yen Trung ឃុំ Tien Yen ស្រុក Quang Binh ខេត្ត Ha Giang បានឲ្យដឹងថា៖
“ខ្ញុំជាជំនាន់ទីបីក្នុងគ្រួសារដែលត្រូវបានជីដូនជីតាបង្រៀនចម្រៀង Quan lang។ លក្ខណៈវប្បធម៌ប្រជាប្រិយដែលជីដូនជីតាបន្សល់ទុកមក ក៏ជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tay បានជំរុញខ្ញុំឱ្យរៀនច្រៀងតាំងពីមានអាយុ ១៥ ឆ្នាំមក។ ខ្ញុំបានរៀនបទចម្រៀងពេលទៅដល់ផ្ទះកូនក្រមុំ ចាប់តាំងពីការយកទឹកលាងជើង ឡើងជណ្ដើរ បើកទ្វារចូលផ្ទះ ក្រាលកន្ទេល អុជចង្កៀង បើកកន្ត្រកជំនូន ជម្រាបជូនក្រុមគ្រួសារកូនក្រមុំ រួចសុំដូនតានាំកូនក្រមុំមកផ្ទះវិញ។ ខ្ញុំបានរក្សាទំនៀមទម្លាប់ជនជាតិ Tay តាមរយៈបទចម្រៀង”។
អ្នកច្រៀង Quan lang (ជនជាតិ Tay ហៅថា Pu Quan lang) ក៏ជាអ្នកតំណាងឱ្យគ្រួសារកូនកំលោះនាំយកថាសម្លូស្លាទៅជូនគ្រួសារកូនក្រមុំដើម្បីធ្វើពិធីភ្ជាប់ពាក្យ សុំលាភសំណាង និងរៀបចំជំនូនអាពាហ៍ពិពាហ៍រហូតដល់ថ្ងៃទទួលកូនក្រមុំមកផ្ទះ។ មន្ត្រីភូមិ ត្រូវបានចាត់ទុកថាជាអ្នកតំណាងខ្ពស់បំផុតរបស់គ្រួសារកូនកំលោះ ក៏ដូចជាគ្រួសារកូនក្រមុំដែរ ដោយតាងនាមឪពុកម្ដាយ និងសាច់ញាតិក្នុងគ្រប់ការងារទាំងអស់។ សិល្បៈករ Hoang Van Bien បានឲ្យដឹងបន្ថែមទៀតថា៖
“មុនរៀបការ គ្រួសារកូនកំលោះត្រូវតែរក “អ្នកទទួល” ដែលយកជំនូនទៅជូនគ្រួសារកូនក្រមុំ ដែលត្រូវតែជាអ្នកមានកិត្យានុភាព មានគ្រួសារសុខដុម និងជោគជ័យក្នុងការងារ… គ្រួសារកូនក្រមុំក៏ត្រូវរៀបចំ "អ្នកជូនដំណើរ" ដើម្បីឆ្លើយតបនឹងការសម្តែងនីមួយៗរបស់គ្រួសារកូនកំលោះ”។
ពិធីមួយក្នុងពិធីមង្គលការរបស់ជនជាតិ Tay។ រូបថត៖ Vinh Phong/VOV5 |
បទចម្រៀង Quan lang មានខ្លឹមសារណែនាំមនុស្សអំពីរបៀបប្រតិបត្តិដ៏ប៉ិនប្រសប និងសុភាពរាបសារក្នុងជីវភាពរស់នៅ ដោយមានតម្លៃអប់រំប្រពៃណីខ្ពស់ និងប្រៀនប្រដៅពីរបៀបប្រតិបត្តិរវាងកូនប្រសារស្រីជាមួយប្តី និងគ្រួសារប្តី និងរវាងកូនប្រសារប្រុសជាមួយប្រពន្ធនិងគ្រួសារប្រពន្ធ។ ការច្រៀង Quan lang ក្នុងពិធីមង្គលការប្រពៃណីរបស់ជនជាតិ Tay ច្រើនតែចែកជាដំណាក់កាលចំនួន ៣ រួមមាន៖ ការទទួល (គ្រួសារកូនកំលោះមកសុំកូនក្រមុំ) ការជូន (ខណៈពេលដែលគ្រួសារកូនក្រមុំប្រគល់កូនក្រមុំ) និងការអមដំណើរ (គ្រួសារកូនកំលោះអមដំណើរកូនក្រមុំមកផ្ទះ)។ សិល្បៈករ Hoang Van Bien បាននិយាយថា៖
“ទៅកាន់ផ្ទះកូនក្រមុំរួច គេនឹងធ្វើពិធីថ្វាយដូនតា ហើយច្រៀងបទចម្រៀងមួយបទដែលភាសា Tay ហៅថា “ខៃហាប់” រួច គ្រួសារកូនក្រមុំក៏ឆ្លើយតបជាមួយបទចម្រៀង «”អញ្ជើញបាយថ្ងៃត្រង់” បន្ទាប់មកទើបធ្វើពិធីសុំកូនក្រមុំ។ ក្រោយពីសុំកូនក្រមុំ៣ដងទើបសម្រេចរួចរាល់។ ពេលត្រៀមសុំកូនក្រមុំ យើងក្រោកឈរសុំគ្រួសារកូនក្រមុំ សុំអនុញ្ញាតឲ្យកូនក្រមុំចុះតាមជណ្តើរទៅផ្ទះប្តី”។
ពិធីរៀបមង្គលការរបស់ជនជាតិ Tay នៅស្រុក Quang Binh ក៏មានទំនៀមទម្លាប់ជាច្រើនដូចជា៖ ទំនៀមទម្លាប់លើកខ្សែបិទផ្លូវ; ទំនៀមទម្លាប់សុំក្រាលកន្ទេល; ច្រៀងអញ្ជើញទឹក និងម្លូស្លា; ពិធីថ្វាយថ្លៃបណ្ណាការ; ពិធីសុំទទួលកូនក្រមុំ... សម្រាប់ទំនៀមទម្លាប់នីមួយៗ ការច្រៀង Quan lang ត្រូវបានសម្តែងតាមរបៀបខុសៗគ្នា។ លោកស្រី Ly Thi Coi ជនជាតិ Tay ឃុំ Vi Thuong ស្រុក Quang Binh បានឲ្យដឹងថា៖
“ក្នុងពិធីមង្គលការរបស់ខ្ញុំកាលពីជាង១០ឆ្នាំមុន ការច្រៀង Quan lang ពេលសុំទទួលកូនក្រមុំពិតជាមានអត្ថន័យណាស់ ។ បទចម្រៀងសរសើរដំណើរឪពុកម្ដាយថែទាំកូនតាំងពីក្មេងរហូតដល់ធំពេញវ័យនិងរៀបការ។ ពេលគ្រួសារកូនកំលោះមកដល់ គេនឹងប្រគល់ជំនូនដូចការដឹងគុណឪពុកម្តាយកូនក្រមុំ
អញ្ចឹង”។
សព្វថ្ងៃនេះ ពិធីមង្គលការរបស់ជនជាតិ Tay លែងមានទំនៀមទម្លាប់ហួសសម័យច្រើនដូចពីមុនទៀតហើយ ត្រឹមតែរក្សាទំនៀមទម្លាប់សំខាន់ៗដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួនប៉ុណ្ណោះ។ លោកស្រី Nguyen Thi Tuc ប្រធានការិយាល័យវប្បធម៌ស្រុក Quang Binh បានឲ្យដឹងថា៖
“បណ្ដាគ្រួសារបានស្វែងយល់យ៉ាងហ្មត់ចត់អំពីទំនៀមទម្លាប់ដ៏បុរមបុរាណរបស់ជនជាតិខ្លួន ដើម្បីឲ្យដំណើរការអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅបានត្រឹមត្រូវ។ នាបច្ចុប្បន្ន ស្រុក Quang Binh បានរួមបញ្ចូលកម្មវិធីប្រចាំមូលដ្ឋាន ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិ Tay។ ចំពោះការច្រៀង Quan lang យើងខ្ញុំបានបើកថ្នាក់បង្រៀនការច្រៀង Quan lang ហើយរួមបញ្ចូលការបង្រៀនទៅក្នុងសាលារៀន ដើម្បីឲ្យសិស្សានុសិស្សយល់ដឹងពីតម្លៃវប្បធម៌របស់ជនជាតិខ្លួន”។
ការច្រៀង Quan lang គឺជាម្ហូបអាហារខាងស្មារតីដែលមិនអាចខ្វះបានរបស់ជនជាតិ Tay ដែលបង្កប់ដោយតម្លៃវប្បធម៌ប្រពៃណី។ ដើម្បីពង្រីកតម្លៃដ៏ធំធេងសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋជនជាតិ Tay និយាយដោយឡែក និងរតនៈសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រជាប្រិយវៀតណាមនិយាយរួម ខេត្ត Ha Giang បានជំរុញខ្លាំងការអភិវឌ្ឍនិងថែរក្សាទំនៀមទម្លាប់ច្រៀងចម្រៀង Quan lang។ ទន្ទឹមនឹងនោះ សមាគមសិល្បករប្រជាប្រិយខេត្ត Ha Giang និងស្រុក Quang Binh ក៏កំពុងរៀបចំការប្រមូលផ្ដុំឯកសារ និងសៀវភៅបុរាណអំពីការច្រៀង Quan lang ក្នុងប្រជាជន ដើម្បីឲ្យការច្រៀង Quan lang ត្រូវបានប្រជាជនស្គាល់ដល់កាន់តែច្រើនថែមទៀត៕