Don ca tai tu - សិល្បៈទាក់ទាញភ្ញៀវទេសចរមកដល់ខេត្ត Long An

(VOVWORLD) - សំឡេង Don ca tai tu (ឌឺនកាតៃតឺ) លាន់លឺបន្ទរ តាមដងទន្លេ Vam Co មិនត្រឹមតែជាដួងព្រលឹងនៃតំបន់ស្រុកស្រែ Long An ប៉ុណ្ណោះទេ ថែមទាំងជា«កូនសោមាស» ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋានទៀតផង។ ដោយការរួមផ្សំសិល្បៈប្រពៃណីជាមួយនឹងខ្សែផ្លូវទឹក ខេត្ត Long An បានបង្កើត "ផលិតផលទេសចរណ៍ថ្មី" ក្នុងបំណងនាំភ្ញៀវទេសចរឱ្យខិតទៅជិតបទពិសោធន៍វប្បធម៌នៃតំបន់ដីសណ្តទន្លេខាងលិច។

Long An ត្រូវបានគេចាត់ទុកថាជា "លំយោល" នៃសិល្បៈច្រៀង Don ca tai tu នៅភូមិភាគខាងត្បូង ព្រោះទឹកដីនេះមានសិល្បករល្បីៗ ជាច្រើន ហើយចំណុចរបត់សំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍នៃសិល្បៈច្រៀង Don ca tai tu នៅតំបន់ដីសណ្ដទន្លេ Cuu Long គឺសុទ្ធតែផ្សារភ្ជាប់ជាមួយនឹង Long An ផងដែរ។ ប្រជាជន Long An ចាត់ទុក Don ca tai tu ជាមោទនភាពវប្បធម៌មួយអញ្ចឹង។

Don ca tai tu - សិល្បៈទាក់ទាញភ្ញៀវទេសចរមកដល់ខេត្ត Long An - ảnh 1Tan Tru ទាក់ទាញភ្ញៀវទេសចរមកទទួលយកបទពិសោធន៍ស្ដាប់ការច្រៀង Don ca នៅលើទន្លេ Vam Co។ រូបថត៖ Nguyen Quang/VOV

នៅស្រុក Tan Tru ខេត្ត Long An នៅពេលដែលសំឡេងច្រៀង Don ca tai tu លាន់លឺរំពង តាមដងទន្លេ Vam Co មិនថាពេលព្រឹកព្រលឹម ឬពេលថ្ងៃអស្តង្គត់នោះទេ ភ្ញៀវទេសចរគ្រប់រូប ក៏អាចទទួលបានអារម្មណ៍យ៉ាងជ្រាលជ្រៅនូវរសជាតិដ៏សម្បូរបែបនៃតំបន់ជនបទ។ លំហច្រៀង Don ca នៅលើទូកក៏នាំមកនូវអារម្មណ៍សុខសាន្ត ស្ងប់ស្ងាត់ និងពោរពេញទៅដោយទស្សនវិជ្ជាប្រជាប្រិយផងដែរ។ ដូច្នេះហើយ ស្រុក Tan Tru បានជ្រើសរើសអភិវឌ្ឍន៍គំរូនេះ ដើម្បីធ្វើអាជីវកម្មនូវសក្តានុពលទេសចរណ៍អេកូឡូស៊ី និងវប្បធម៌មូលដ្ឋានផង ព្រមទាំងលើកកំពស់តម្លៃបេតិកភណ្ឌក្នុងជីវភាពសហសម័យផង។ ការរៀបចំកម្មវិធីសម្ដែង Don ca tai tu ក្នុងដំណើរកំសាន្ត នៅពេលវេលាដ៏ពិសេស បានបង្កើតការចាប់អារម្មណ៍យ៉ាងច្បាស់លាស់ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ រួមចំណែកផ្សព្វផ្សាយ Tan Tru ដូចគោលដៅដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌នៅ ប៉ែកខាងលិចភូមិភាគខាងត្បូង។ លោក Ngo Van Quoc នាយកមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាន និងផ្សាយសំឡេង ស្រុក Tan Tru ខេត្ត Long An បានឲ្យដឹងថា៖

“យើងខ្ញុំយកចិត្តទុកដាក់ពិសេសដល់ការបង្កើតផលិតផលទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលរបស់មូលដ្ឋាន ដែលគ្មានកន្លែងណាផ្សេងទៀតបានធ្វើ ដើម្បីទាក់ទាញភ្ញៀវទេសចរមកដល់ Tan Tru។ ទន្ទឹមនឹងនេះ យើងខ្ញុំកំពុងជំរុញការតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីអភិវឌ្ឍន៍ដំណើរកំសាន្តនៅទីនេះផងដែរ”។ 

សិល្បៈ Don ca tai tu កំពុងត្រូវបានថែរក្សានិងអភិវឌ្ឍន៍ដោយការរួមដៃគ្នារវាងរដ្ឋនិងប្រជាជន។ ពីគោលនយោបាយជាប្រព័ន្ធរហូដល់សកម្មភាពជាក់ស្តែង ខេត្ត Long An បានខិតខំប្រឹងប្រែងបន្តិចម្ដងៗ ដើម្បីអភិរក្ស និងពង្រីកតម្លៃនៃទម្រង់សិល្បៈប្រពៃណីដ៏មានតម្លៃរបស់ប្រជាជាតិនេះ។ លោក Nguyen Tan Quoc នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Long An បានឲ្យដឹងថា ក្រៅពីមានធនធានវប្បធម៌ដ៏សម្បូរបែប និងទេសភាពទន្លេដ៏ស្រស់បំព្រងនោះ Long An បានផ្ដោតសំខាន់លើការអភិវឌ្ឍសិល្បៈ Don ca tai tu ក្នុងសកម្មភាពទេសចរណ៍ ជាពិសេសដំណើរកំសាន្តតាមដងទន្លេ។ លោក Nguyen Van Hien ប្រធានសមាគមទេសចរណ៍ខេត្ត Long An បានចែករំលែកថា៖

“បច្ចុប្បន្ន សមាគម និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ កំពុងធ្វើការរួមគ្នា ដើម្បីជំរុញខ្លាំងការផ្សព្វផ្សាយសកម្មភាពទេសចរណ៍ដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរ។ ជាពិសេស ភ្ញៀវនៅភាគខាងជើង ពេលមដល់ទីក្រុងហូជីមិញ អាចទៅទស្សនា ទទួលបទពិសោធន៍នៅទីក្រុង Tan An ក៏ដូចជានៅតាមស្រុកនានានៃខេត្ត Long An ថែមទៀត”។

Don ca tai tu - សិល្បៈទាក់ទាញភ្ញៀវទេសចរមកដល់ខេត្ត Long An - ảnh 2ផ្លូវ Ong Do Nghi នៅ Tan Tru មានប្រវែងជាង ២ គីឡូម៉ែត្រ បច្ចុប្បន្នជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅភាគខាងលិចភូមិភាគខាងត្បូង។ រូបថត៖ Nguyen Quang/VOV

ដើម្បីអភិរក្ស និងពង្រីកតម្លៃពិសេសនៃសិល្បៈ Don ca tai tu ខេត្ត Long An កំពុងអនុវត្តន៍
គម្រោងការពារ និងអភិវឌ្ឍន៍សិល្បៈ Don ca tai tu ភូមិភាគខាងត្បូងនៅខេត្ត Long An ដំណាក់កាលទី ១ (២០២៤-២០២៦) និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ តាមនោះ រួមជាមួយនឹងការរៀបចំការជួបប្រាស្រ័យ និងការប្រកួតចម្រៀង Don ca tai tu ភូមិភាគខាងត្បូងនោះ ខេត្ត Long An បានរៀបចំវគ្គបណ្តុះបណ្តាល និងបង្រៀនសិល្បៈ Don ca tai tu ដល់សិប្បករ និងអ្នកដែលស្រឡាញ់ Don ca tai tu រាប់ពាន់នាក់។

“ពីមុនខ្ញុំគ្រាន់តែច្រៀងខារ៉ាអូខេ ឬច្រៀងក្នុងភូមិប៉ុណ្ណោះ ឥឡូវខ្ញុំទៅរៀន ត្រូវបានលោកគ្រូអ្នកគ្រូបង្រៀនយ៉ាងយកចិត្តទុកដាក់ ដើម្បីរៀនបន្ថែមអំពីតន្ត្រី ភ្លេង ហើយច្រៀងឲ្យបានច្បាស់និងពិរោះជាង។ ខ្ញុំគិតថានេះជារឿងល្អណាស់”។

“Don ca tai tu បង្កប់នូវលក្ខណៈវប្បធម៌ជាតិរបស់វៀតណាម។ រូបខ្ញុំផ្ទាល់ នៅពេលបញ្ចប់ការសិក្សា ខ្ញុំអាចបង្រៀនដល់សិស្សានុសិស្ស នូវការបំផុសគំនិតដើម្បីស្វែងយល់អំពីប្រភេទសិល្បៈនេះ”។

ជាមួយនឹងការបោះជំហានជាប្រព័ន្ធ និងការវិនិយោគចំទិសដៅត្រឹមត្រូវ តម្លៃវប្បធម៌ដ៏វិសេសវិសាលដូចជា Don ca tai tu កំពុងក្លាយជា "បទពិសោធន៍ពិសេស" ដែលភ្ញៀវទេសចរមិនអាចរំលងបាន នៅពេលមកដល់ខេត្ត Long An ម្ដងៗ។ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងខេត្តកំពុង សរសេរជាបន្តនូវរឿងរ៉ាវស្ដីពីការអភិរក្សនិងអភិវឌ្ឍន៍ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ