ទេសចរណ៍តន្ត្រីជំរុញឧស្សាហកម្មវប្បធម៌នៃទីក្រុងហាណូយ
(VOVWORLD) - ទីក្រុងហាណូយបានដាក់ចេញគោលដៅថា ដល់ឆ្នាំ២០៣០ ឧស្សាហកម្មវប្បធម៌នឹងក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដែលប្រាក់ចំណូលពីឧស្សាហកម្មនេះ នឹងរួមវិភាគទានប្រហែល ៨% នៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង។ បច្ចុប្បន្ននេះ ទេសចរណ៍តន្ត្រី ដែលជាសមាសធាតុមួយនៃឧស្សាហកម្មវប្បធម៌ កំពុងត្រូវបានរដ្ឋធានីធ្វើអាជីវកម្ម ដោយបើកឱកាសដ៏ធំធេងសម្រាប់ការជំរុញឧស្សាហកម្មវប្បធម៌របស់ទីក្រុង។
ទស្សនិកជនរីករាយនឹងការសម្តែងបើកឆាករបស់ក្រុមតន្រ្តី Dragon Pony នៅឯព្រឹត្តិការណ៍ Korea Spotlight ឆ្នាំ២០២៥។ (រូបថត៖ bvhttdl.gov.vn) |
នៅដើមខែវិច្ឆិកាកន្លងទៅ "ស្តេចចម្រៀង K-Pop" G-Dragon មានកម្មវិធីសម្ដែងចំនួនពីរនៅទីក្រុងហាណូយក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ G-Dragon ២០២៥ World Tour។ កម្មវិធីនីមួយៗបានទាក់ទាញទស្សនិកជននិងអ្នកគាំទ្រចំនួន ៥ ម៉ឺននាក់ មកពីវៀតណាម និងប្រទេសជាច្រើនជុំវិញពិភពលោក ដូចជា៖ ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី ថៃ... ក្នុងអំឡុងពេលនេះ ចំនួននៃការស្វែងរកកន្លែងស្នាក់នៅក្នុងរដ្ឋធានីបានកើនឡើងជាង ២៥០%។ មនុស្សជាច្រើនក៏បានរៀបចំផែនការទៅទស្សនាទីក្រុងហាណូយ សាកភ្លក់មុខម្ហូបឆ្ងាញ់ៗដូចជា ហ្វើ នំបញ្ចុកខ្យង នំប៉័ង ឬពិសារកាហ្វេ ទទួលទានអំបុក ដើម្បីទទួលបានអារម្មណ៍អំពីលក្ខណៈពិសេសនៃសរទៈរដូវនៅតំបន់ភាគខាងជើងវៀតណាម។
ទស្សនិកជនរាប់ពាន់នាក់នៅឯកម្មវិធី "V Fest - Vietnam Today"។ (រូបថត៖ VOV2) |
នាពេលថ្មីៗនេះ កម្មវិធី “V Concert - រុងរឿងវៀតណាម” ឬ “បងប្រុស say hi” ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានី ដែលបង្កើតជាការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅដល់អ្នកគាំទ្រ ជាពិសេសយុវជន។ នេះត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មកម្សាន្តនិយាយដោយឡែក និងឧស្សាហកម្មវប្បធម៌និយាយរួម។ ក្នុងពេលជាមួយគ្នានោះ តាមរយៈព្រឹត្តិការណ៍តន្ត្រីទាំងនេះ ក៏រួមចំណែកដល់ការលើកកម្ពស់រូបភាពនៃទីក្រុងហាណូយជាគោលដៅដ៏រួសរាយរាក់ទាក់ មានគុណភាពខ្ពស់ និងទំនើបផងដែរ។ លោក Pham Duy Nghia នាយកក្រុមហ៊ុនទេសចរណ៍ ជើង
វៀតណាម បានឲ្យដឹងថា៖
“រូបភាពនៃទីក្រុងហាណូយដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ និងរស់រវើក នៅពេលដែលតន្ត្រីត្រូវបានរីកសាយភាយ។ ព្រឹត្តិការណ៍ដ៏ជោគជ័យមួយ រូបភាពនៃទីក្រុងហាណូយនឹងត្រូវបានផ្សព្វផ្សាយដល់មនុស្សរាប់ពាន់នាក់ តាមរយៈវីដេអូជាមួយនឹងអ្នកចូលមើលរាប់លានលើក។ ហើយនេះគឺជាឱកាសមាសដើម្បីយើងដាក់ទីក្រុងហាណូយជាគោលដៅដ៏ស៊ីវិល័យ និងរស់រវើក។ តន្ត្រីកំពុងក្លាយជាកូនសោរថ្មី ដើម្បីបើកទ្វារទេសចរណ៍ទីក្រុងហាណូយ។ ប្រសិនបើយើងចេះគួបផ្សំព្រឹត្តិការណ៍វប្បធម៌ សេវាកម្ម និងសារព័ត៌មានប្រកបដោយភាពសុខដុមរមនា រដ្ឋធានីហាណូយនឹងមិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាកម្មវិធីតន្ត្រីប៉ុណ្ណោះទេ ថែមទាំងក៏ជាគោលដៅគួរឲ្យស្រឡាញ់ និងគួរឲ្យត្រឡប់មកវិញទៀតផង”។
កម្មវិធីតន្ត្រីទាក់ទាញទស្សនិកជនវ័យក្មេងយ៉ាងច្រើនសន្ធឹកសន្ធាប់។ (រូបថត៖ bvhttdl.gov.vn) |
បច្ចុប្បន្ននេះ ទស្សនិកជន ជាពិសេសយុវជន បានត្រៀមខ្លួនធ្វើដំណើររវាងខេត្តនិងទីក្រុងនានា ដើម្បីចូលរួមព្រឹត្តិការណ៍តន្ត្រីផ្ទាល់ ដែលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងរបៀបកំសាន្តជាមួយនឹងតន្ត្រី សិល្បៈរបស់ទស្សនិកជនសម័យទំនើប។ និន្នាការនេះតម្រូវឱ្យអ្នករៀបចំ ត្រូវធ្វើឱ្យប្រសើរឡើងនូវរបៀបអនុវត្តន៍ដើម្បីធ្វើឱ្យព្រឹត្តិការណ៍តន្ត្រីនិងសិល្បៈ ត្រូវបានវិនិយោគកាន់តែមានរបៀបរៀយរយ និងវិជ្ជាជីវៈ ចាប់ពីស្គ្រីប សំឡេង ពន្លឺ ការតុបតែងវេទិកា ដំណើរការបម្រើ និងបទពិសោធន៍ទូទៅរបស់ទស្សនិកជន។ ទស្សនិកជនមិនត្រឹមតែមកស្តាប់តន្ត្រីប៉ុណ្ណោះទេ ថែមទាំងចូលមកក្នុងលំហសិល្បៈដែលត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយមានប្រធានបទ និងអារម្មណ៍ច្បាស់លាស់ទៀតផង។ ដោយក្ដាប់ជាប់និន្នាការទាំងនេះ ទីក្រុងហាណូយអាចក្លាយជាគោលដៅសម្រាប់ព្រឹត្តិការណ៍តន្ត្រីនៅក្នុងតំបន់អាស៊ី។ តន្ត្រីករ Nguyen Tien Manh អនុប្រធានសមាគមតន្ត្រីហាណូយ បានឲ្យដឹងថា៖
“ទីក្រុងហាណូយមានគុណសម្បត្តិជាច្រើន ជាពិសេសជម្រៅវប្បធម៌ និងអត្តសញ្ញាណទីក្រុង ជាមួយនឹងវប្បធម៌ប្រពៃណីរួមផ្សំជាមួយនឹងលក្ខណៈទំនើប។ ប្រសិនបើយើងចេះគួបផ្សំតន្ត្រី ស្ថាបត្យកម្ម ទេសភាពជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្ត្រនោះ ទីក្រុងអាចបង្កើត មហោស្រពតន្ត្រីសិល្បៈ កម្មវិធីតន្ត្រី
រយៈពេលវែង ដែលមានម៉ាកយីហោហាណូយ។ នៅពេលដែលកត្តាទាំងបីគឺហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ និងអត្តសញ្ញាណ មានការអភិវឌ្ឍន៍ដោយស៊ីសង្វាក់គ្នា ទីក្រុងហាណូយអាចក្លាយជាគោលដៅសម្រាប់កម្មវិធីសម្ដែង ជាគោលដៅសម្រាប់រៀបចំព្រឹត្តិការណ៍តន្ត្រីនៃតំបន់អាស៊ី ដែលទាក់ទាញមិនត្រឹមតែទស្សនិកជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរអន្តរជាតិទៀតផង”។
យោងតាមលោកបណ្ឌិត Le Quang Dang មកពីវិទ្យាស្ថានវប្បធម៌ សិល្បៈកីឡា និងទេសចរណ៍
វៀតណាម ក្រៅពីមហោស្រពតន្ត្រីធំៗ និងកម្មវិធីតន្ត្រីដែលធ្វើឡើងនៅកណ្ដាលវាលនោះ ទីក្រុងហាណូយក៏ត្រូវការវិនិយោគលើប្រភេទតន្ត្រីអាជីព និងឯកទេស ដើម្បីទាក់ទាញទស្សនិកជនដែលមានចំណេះដឹងស៊ីជម្រៅអំពីសិល្បៈនិងតន្ត្រី។
“ព្រឹត្តិការណ៍តន្ត្រីរបស់ទីក្រុងហាណូយដែលផ្សាភ្ជាប់នឹងទេសចរណ៍គួរតែត្រូវបានរៀបចំឡើង រួមជាមួយព្រឹត្តិការណ៍តន្ត្រីខ្នាតតូចៗ ដែលសម្តែងនៅក្នុងទីកន្លែងសិល្បៈអាជីពដូចជារោងមហោស្រព។ ចាំបាច់ត្រូវគួបផ្សំជាមួយព្រឹត្តិការណ៍វប្បធម៌ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងទៀតនៅក្នុងរដ្ឋធានី ដើម្បីធានាថាភ្ញៀវទេសចរអាចចូលរួមបាន។ ពីនោះ បង្កើនរយៈពេលស្នាក់នៅរបស់ភ្ញៀវ ក៏ដូចជាបង្កើនការចំណាយនៅទីក្រុងហាណូយផងដែរ។ ចាំបាច់ត្រូវនាំយកព័ត៌មានទៅកាន់ទីផ្សារភ្ញៀវទេសចរ និងមុខសញ្ញាភ្ញៀវដែលមានតម្រូវការ ចំណងចំណូលចិត្តដ៏សមស្រប ដើម្បីឱ្យភ្ញៀវទេសចរមានពេលវេលាត្រៀមខ្លួន និងរៀបចំផែនការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ”។
ទេសចរណ៍តន្ត្រីរបស់ទីក្រុងហាណូយមានលក្ខណៈនិងសក្តានុពលជាច្រើន ដែលជាបណ្តាញសំខាន់មួយដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌របស់រដ្ឋធានី និងរួមចំណែកដល់ការបង្កើនកម្លាំងប្រកួតប្រជែងរបស់ទីក្រុងហាណូយនៅលើផែនទីទេសចរណ៍៕