ឃុំ Huu Lien (ខេត្ត ឡាងសឺន) – “ផ្ទះវប្បធម៌” នៅកណ្ដាលព្រៃភ្នំ

(VOVWORLD) - ក្រោយពីខេត្ត ឡាងសឺន បានរួមបញ្ចូលព្រំដែនរដ្ឋបាលមក លំហវប្បធម៌ និងអេកូឡូស៊ីនៃឃុំ Huu Lien ត្រូវបានពង្រីក។ ឃុំនេះទើបតែត្រូវបានវេទិកាទេសចរណ៍អាស៊ាន ប្រគល់ជូនពានរង្វាន់ទេសចរណ៍សហគមន៍អាស៊ាន ដែលជាការកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ឃុំក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃក្នុងស្រុកអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ឃុំ Huu Lien (ខេត្ត ឡាងសឺន) – “ផ្ទះវប្បធម៌” នៅកណ្ដាលព្រៃភ្នំ - ảnh 1ភូមិទេសចរណ៍សហគមន៍ Huu Lien គឺជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិជាច្រើនតាំងយូរមកហើយ។ (រូបថត៖ baolangson.vn)

ផ្ទះជញ្ជាំងដីជាប្រពៃណីរបស់ប្រជាពលរដ្ឋជនជាតិ Tay វាលស្រែកាំជណ្ដើរដែលឆ្លុះបញ្ចាំងពីរូបភាពភ្នំថ្មកំបោរ… ទាំងអស់នេះបង្កើតបានជាសម្រស់បែបរហោស្ថាននិងសាមញ្ញ តែទាក់ទាញយ៉ាងខ្លាំងនៃឃុំ Huu Lien។ ប៉ុន្តែអ្វីដែលធ្វើឱ្យភូមិទេសចរណ៍នេះ ឈ្នះពានរង្វាន់របស់អាស៊ាន មិនត្រឹមតែជាទេសភាពប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងរស់នៃវប្បធម៌ក្នុងស្រុក ជាកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ក្នុងការរក្សាតម្លៃផ្ទាល់ខ្លួនដោយមោទនភាព ជំនឿជាក់ និងរបៀបរស់នៅជារៀងរាល់ថ្ងៃទៀតផង។

លោក Ngo At Mao ម្ចាស់ផ្ទះសំណាក់ហូមស្ទេ Mao បានចែករំលែកថា៖ “យើងថែរក្សាលក្ខណៈវប្បធម៌ដ៏ពិសេសបំផុតនៃមូលដ្ឋាន។ ក្រៅពីនោះ យើងក៏កែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរផងដែរ។ យើងអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិយើង ដូចជាផ្ទះឈើផុតពីដី ទំនៀមទម្លាប់ក្នុងការហូបចុក ការរស់នៅ និងសកម្មភាពទទួលបទពិសោធន៍មួយចំនួននៅមូលដ្ឋាន ដូចជាការដាំដុះស្រូវ ដើមឈើ និងបទពិសោធន៍ផ្សេងៗទៀត”។

ឃុំ Huu Lien (ខេត្ត ឡាងសឺន) – “ផ្ទះវប្បធម៌” នៅកណ្ដាលព្រៃភ្នំ - ảnh 2ខ្លោងទ្វារនៃភូមិទេសចរណ៍សហគមន៍ Huu Lien មានសញ្ញាសម្គាល់ដ៏លេចធ្លោនៃអត្តសញ្ញាណក្នុងស្រុក។ (រូបថត៖ baolangson.vn)

ភ្ញៀវទេសចរអន្តរជាតិ មកកាន់ Huu Lien មិនត្រឹមតែដើម្បីស្វែងរក «កន្លែង check-in» ប៉ុណ្ណោះទេ ថែមទាំងស្វែងរក «ផ្ទះវប្បធម៌» មួយដើម្បីទទួលបទពិសោធន៍និងតភ្ជាប់ទៀតផង។ ភ្ញៀវទេសចរជាច្រើនបានចែករំលែកថា អ្វីដែលធ្វើឱ្យពួកគេស្រឡាញ់ទឹកដីនេះ គឺរបៀបដែលប្រជាជនគោរពធម្មជាតិ គោរពប្រពៃណី និងគោរពភ្ញៀវទេសចរ ដោយគ្មានការធ្វើអាជីវកម្ម ឬភាពវឹកវរនោះឡើយ។ អ្នកស្រី Larar ជាភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក បាននិយាយថា៖

"យើងជានិច្ចកាលពោរពេញទៅដោយសេចក្តីរីករាយ ដោយបានគយគន់ភូមិដ៏សុខសាន្ត ជួបជាមួយអ្នកស្រុកដ៏រួសរាយរាក់ទាក់ ហើយជាពិសេស កុមារតែងតែនិយាយ “hello” និងគ្រវីដៃស្វាគមន៍យើង។ ផ្ទះសំណាក់មានផាសុកភាពណាស់ ម្ហូបអាហារឈ្ងុយឆ្ងាញ់ ទេសភាពស្រស់ស្អាត ហើយមនុស្សមានភាពរាក់ទាក់"។

លោក Robin ក៏ជាភ្ញៀវទេសចរអាមេរិកម្នាក់ដែរ មិនអាចលាក់បាំងការរំភើបរបស់ខ្លួនបានទេ ដោយចែករំលែកថា៖ "ពិតជាអស្ចារ្យណាស់! យើងបានជិះកង់ទៅកាន់ជ្រោះ ហើយទេសភាពនៅសងខាងផ្លូវគឺស្រស់ស្អាតមែនទេន។ ពេលទស្សនាភូមិ វាលស្រែ និងទេសភាពជុំវិញ ខ្ញុំអាចទទួលបានអារម្មណ៍ពីសម្រស់បែបសាមញ្ញ ប៉ុន្តែពោរពេញទៅដោយកម្លាំងរស់។ សូម្បីតែពេលឡើងភ្នំ ហើយមើលចុះក្រោមទេសភាពគ្រប់យ៉ាងនៅជុំវិញយើង ពិតជាធ្វើឱ្យយើងភ្ញាក់ផ្អើលយ៉ាងខ្លាំង"។

ឃុំ Huu Lien (ខេត្ត ឡាងសឺន) – “ផ្ទះវប្បធម៌” នៅកណ្ដាលព្រៃភ្នំ - ảnh 3ផ្ទះសំណាក់ហូមស្ទេភាគច្រើនត្រូវបានសាងសង់ដោយផ្អែកលើស្ថាបត្យកម្មផ្ទះឈើប្រពៃណី ដែលរក្សាបាននូវភាពទាក់ទាញបែបជនបទ ខណៈពេលដែលត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ។ (រូបថត៖ baolangson.vn)

ចំណុចមួយដែលធ្វើឲ្យវេទិកាទេសចរណ៍អាស៊ាន វាយតម្លៃខ្ពស់ចំពោះឃុំ Huu Lien នោះ គឺការចូលរួមយ៉ាងពេញលេញពីសហគមន៍។ ចាប់ពីម្ចាស់ផ្ទះសំណាក់ អ្នកបម្រើ រហូតដល់ក្រុមសិល្បៈ... ទាំងអស់សុទ្ធតែជាអ្នកស្រុក។ ពួកគេមិនសម្តែងទេ ប៉ុន្តែពួកគេកំពុងរស់នៅយ៉ាងប្រាកដ។ ដូច្នេះ នៅពេលដែលភ្ញៀវទេសចរមកទីនេះ រីករាយនឹងសេវាកម្ម គឺពួកគេសុទ្ធតែទទួលបានអារម្មណ៍ពីភាពពិតប្រាកដនិងភាពជិតស្និទ្ធ។

ដើម្បីអភិរក្សនិងលើកកម្ពស់គុណសម្បត្តិដែលមានស្រាប់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ លោក Hoang Minh Tien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Huu Lien បានចែករំលែកថា៖

“នៅឆ្នាំ២០២៥ ឃុំ Huu Lien មានកិត្តិយសទទួលបានពានរង្វាន់ភូមិទេសចរណ៍សហគមន៍អាស៊ាន។ ទាក់ទងនឹងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌អរូបីនៅក្នុងឃុំ បច្ចុប្បន្នយើងកំពុងផ្តោតលើការលើកកម្ពស់តម្លៃវប្បធម៌របស់សហគមន៍ជនជាតិ Dao ហើយបានបង្កើតក្រុមសិល្បៈចំនួន ៦ ក្រុម។ ចំពោះការគ្រប់គ្រងផ្ទះសំណាក់ហូមស្ទេ យើងតែងតែណែនាំម្ចាស់ផ្ទះ ឱ្យសហការជាមួយក្រុមសិល្បៈ ដើម្បីរួមបញ្ចូលគ្នា និងរក្សាការផ្សព្វផ្សាយតម្លៃវប្បធម៌អរូបីរបស់ភូមិ និងគ្រួសារធ្វើទេសចរណ៍”។

ឃុំ Huu Lien (ខេត្តឡាងសឺន) បានបង្កើតសញ្ញាសម្គាល់របស់ខ្លួននៅលើផែនទីទេសចរណ៍តំបន់។ ប៉ុន្តែតម្លៃដ៏ធំបំផុតនៃទឹកដីនេះ ស្ថិតនៅការពិតដែលថា៖ Huu Lien មិនដេញតាមរកទេសចរណ៍បែបទំនើបទេ ប៉ុន្តែជ្រើសរើសវិធីសាស្រ្តយឺតៗ ស្ថិរភាព និងពោរពេញទៅដោយអត្តសញ្ញាណ។

សហគមន៍ទេសចរណ៍នៅ Huu Lien នឹងថែរក្សាតម្លៃដែលមានស្រាប់ជានិច្ច ដើម្បីឱ្យភ្ញៀវទេសចរម្នាក់ៗនៅពេលមកទីនេះ អាចមើលឃើញ ឮ និងរស់នៅក្នុងបរិយាកាសវប្បធម៌ក្នុងស្រុកយ៉ាងពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ