ដូច្នេះ អ្នកភូមិបានរៀបចំពិធីបុណ្យនេះ ដើម្បីអរព្រះគុណដល់ទេវតា Blang ដែលបានការពារអ្នកភូមិ ហើយក្នុងពេលជាមួយគ្នានេះ បួងសួងសូមឲ្យអាកាសធាតុអំណោយផល ការប្រមូលផលដ៏បរិបូរណ៍។

មុនពេលពិធីនេះធ្វើឡើង ចាស់ទុំក្នុងភូមិ និងអ្នកមានកិត្យានុភាពបានប្រមូលផ្តុំអ្នកភូមិដើម្បីឯកភាពគ្នាលើកាលបរិច្ឆេទ និងទីតាំងសម្រាប់ដាំដើមឈើ Blang និងចាត់តាំងការងារជាក់ស្តែងដល់មនុស្សគ្រប់គ្នានៅក្នុងភូមិ។ យុវជនចូលទៅក្នុងព្រៃដើម្បីជ្រើសរើសដើមឫស្សីដ៏ស្រស់ស្អាតសម្រាប់ដំឡើងបង្គោលពិធី; ស្ត្រី​ធ្វើ​ពិធី​ត្រាំ​ស្រាពាង ចម្អិន​បាយ ហាត់​ច្រៀង និង​រាំ...។ នៅចំ​ថ្ងៃ​សំខាន់ ពិធីបុណ្យធ្វើរបងភូមិ និងដាំដើម Blang ​ត្រូវ​បាន​រៀបចំ​យ៉ាង​ឱឡារិក។

ចាប់ពី​ព្រឹក​ព្រលឹម មនុស្ស​ម្នាមួយ​ចំនួន​ធំ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីធ្លា​មជ្ឈមណ្ឌល​វប្បធម៌​សហគមន៍​នៃ​ភូមិ​ចារ៉ា ឃុំ​ណឹមណុង ខេត្ត​ឡឹម ដុង ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ Tam Blang M'prang Bon។ ក្នុង​បរិយាកាសរស់រវើសនៃសូរសំឡេង​គង ឃ្មោះនិង​ពណ៌​ស្រស់​ឆើតឆាយ​នៃ​ក្រណាត់​ប្រពៃណីចរបាប់ ប្រជាជន​បាន​រាំ​យ៉ាង​សប្បាយ​រីករាយ​តាម​បទ​ចម្រៀង​គង "ស្វាគមន៍​ភ្ញៀវ"។ Y’ Bằng យុវជនជនជាតិ M’nong ​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ បាន​ចែករំលែក​ថា៖ “ថ្ងៃនេះ ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​ក្រុម​ភូមិ ​ចារ៉ា ក្នុង​ការ​រៀបចំ​ពិធីបុណ្យ "Tam Blang M'prang Bon"។ ប្រជាជន​នៅ​ទីនេះ​តែងតែ​រក្សា​ជានិច្ចនូវវប្បធម៌​ប្រពៃណីពីជំនាន់មួយទៅជំនាន់មួយ ហើយអត្តសញ្ញាណវប្បធម៌ប្រពៃណីនេះ គឺមិនអាចបោះបង់ចោលបានឡើយ”

ពិធីបុណ្យធ្វើរបងភូមិ ដាំដើម Blang ជាពិធីសែនដ៏សំខាន់មួយ ដូច្នេះពិធីទាំងអស់ត្រូវបានអនុវត្តតាមបែបប្រពៃណី។ គ្រូសែនក្នុងពិធីឆ្នាំនេះគឺអ្នកស្រី H’Đêm ដែលជាសិប្បករដែលមានទេពកោសល្យច្រើន មកពីភូមិចារ៉ា ឃុំណឹមណុង។ អ្នកស្រី H’Đêm បានឲ្យដឹងថា៖ ពិធីបុណ្យ Tam Blang M'prang Bon ត្រូវបានប្រារព្ធឡើងបន្ទាប់ពីបញ្ចប់រដូវប្រមូលផល៖ “ក្នុងអំឡុងពេលពិធីបុណ្យ Tam Blang M'prang Bon ខ្ញុំតំណាងឱ្យអ្នកភូមិបួងសួងសុំឲ្យទេវតាអភ័យទោស ចំពោះអំពើបាបទាំងអស់របស់អ្នកភូមិ និងសុំឱ្យទេវតាការពារភូមិ និងរក្សាឲ្យអ្នកភូមិទាំងអស់រស់នៅប្រកបដោយភាពសុខសាន្តត្រាន”។

នៅទីនេះ គ្រឿងដង្វាយថ្វាយជូនទេវតា ត្រូវបានអ្នកភូមិរៀបចំយ៉ាងយកចិតុ្តទុកដាក់។ គ្រឿងដង្វាយរួមមានស្រាបីពាង ក្បាលជ្រូកមួយ ទៀនក្រមួនឃ្មុំ ធ្យូងរុំដោយសំឡី បាច់អំបោះពណ៌សលាបឈាមមាន់ រូបចម្លាក់សត្វពាហនៈដូចជាក្របី គោ ពពែ និងមាន់ ផលិតផលកសិកម្មជាច្រើនប្រភេទ និងម្ហូបប្រពៃណីរបស់ជនជាតិ M’nong។ ហើយវត្ថុដែលមិនអាចខ្វះបានគឺដើមឈើ Blang (ដើមកប្បាស់) ដែលប្រើសម្រាប់ធ្វើរបងភូមិ។ នៅក្នុងទីសក្ការៈបូជា គ្រូសែនធ្វើការសូត្រមន្ត។

បន្ទាប់ពីបានសូត្ររួច គ្រូសែនអញ្ជើញព្រឹទ្ធាចារ្យក្នុងភូមិឱ្យផឹកស្រាពាង ដោយប្រកាសជាផ្លូវការថា ពិធីបុណ្យនេះបានចាប់ផ្តើម។ មុនពិធីចាប់ផ្តើម ព្រឹទ្ធាចារ្យភូមិ និងអ្នកមានកិត្យានុភាពក្នុងភូមិបានប្រមូលផ្តុំអ្នកភូមិ ដើម្បីឯកភាពគ្នាលើកាលបរិច្ឆេទ និងទីតាំងសម្រាប់ដាំដើមឈើ BLang និងចាត់តាំងការងារជាក់ស្តែងដល់មនុស្សគ្រប់គ្នានៅក្នុងភូមិ។

សិប្បករឆ្នើម Y Xuyên ព្រឹទ្ធាចារ្យភូមិចារ៉ា បាននិយាយថា នេះជាពិធីដ៏យូរលង់របស់ជនជាតិ M’Nông ដែលបង្ហាញពីសេចក្តីរីករាយបន្ទាប់ពីឆ្នាំប្រមូលផលដ៏ជោគជ័យ ភូមិមានសុខសាន្តត្រាននិងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីកាន់តែល្អប្រសើរ។ ព្រឹទ្ធាចារ្យភូមិ Y Xuyên បានចែករំលែកដោយមោទនភាពថា ពិធីបុណ្យ Tam Blang M'prang Bon ទើបតែត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

“អត្ថន័យសំខាន់នៃពិធីបុណ្យ “Tam Blang M'prang Bon” គឺដើម្បីការពារ ប្រឆាំងនឹងអំពើរញុះញង់អាក្រក់ និងការបំផ្លិចបំផ្លាញសន្តិភាពភូមិ និងជូនពរឱ្យកូនចៅក្នុងភូមិមានតែសុខភាពល្អនិងសុភមង្គល។ ហើយវាលស្រែ មិនត្រូវរងសត្វព្រៃ និងមនុស្សអាក្រក់បំផ្លាញ់ឡើយ។ នេះគឺជាវប្បធម៌ប្រពៃណីរបស់ជនជាតិ M’Nông យើងដែរ”

បន្ទាប់ពីបានបញ្ចប់រួចរាល់ពិធី ម្ចាស់ពិធីនឹងអញ្ជើញអ្នកភូមិ និងភ្ញៀវរីករាយជាមួយគ្នាផឹកស្រាពាង ពិសារបាយដំណើបក្នុងបំពង់ឫស្សី សាច់អាំង ហើយពិធីបុណ្យចាប់ផ្តើមនៅពេលដែលភ្លើងឆេះឡើង។ អ្នកភូមិផ្តល់ជូនភ្ញៀវនូវស្រាពាង រីករាយជាមួយម្ហូបពិសេសក្នុងស្រុកដែលប្រមូលផលពីព្រៃឈើ និងវាលស្រែ និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈប្រពៃណី។ នៅពេលយប់កាន់តែជ្រៅ បទភ្លេង និងបទចម្រៀងរបស់សិល្បករ មនុស្សចាស់ យុវជន បុរស និងស្ត្រី បន្លឺឡើង និងលាយឡំគ្នាយ៉ាងពិរោះរណ្ដំនៅក្នុងខ្យល់ភ្នំ… ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពរបស់ក្រុមជនជាតិភាគតិចនៅក្នុងតំបន់។ ពិធីធ្វើរបងភូមិ ដាំដើមឈើ Blang ក៏ជាឱកាសមួយសម្រាប់មនុស្សជំនាន់មុនបង្រៀនកូនចៅជំនាន់ក្រោយឲ្យចេះថែរក្សា និងការពារអត្តសញ្ញាណវប្បធម៌ដ៏ស្រស់ស្អាតរបស់ក្រុមជនជាតិខ្លួនផងដែរ៕