ធ្វើឲ្យសុក្រិតស្ថាប័នអំពីវប្បធម៌ត្រូវបានកំណត់ថា ជារបកគំហើញយុទ្ធសាស្ត្រមួយ ដែលដើរតួនាទីនាំមុខគេក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
ស្ថាប័នជាគំនាស់ស្នូល ដែលបើកទូលាយធនធាន
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានចេញផ្សាយស្ថាប័នវប្បធម៌ជាច្រើន ដែលរួមចំណែកដល់ការលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ លើកកំពស់កម្រិតទទួលវប្បធម៌សម្រាប់ប្រជាជន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ជាពិសេស នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៨០ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។ នេះគឺជាសេចក្តីសម្រេចចិត្ត គូសសញ្ញាសម្គាល់ចំណុចរបត់មួយក្នុងការត្រិះរិះយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់ជាពិសេស ព្រមទាំងដាក់ចេញតម្រូវការចាំបាច់ ក្នុងការចេញសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។ សាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ហោយ សឺន សមាជិកទទួលបន្ទុក នៃគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា និងជាសមាជិកនៃរដ្ឋសភានីតិកាលទី១៦ បានឲ្យដឹងថា៖ “យើងត្រូវការស្ថាប័នដ៏រឹងមាំគ្រប់គ្រាន់ និងយន្តការបើកចំហគ្រប់គ្រាន់ ដើម្បីបញ្ចេញធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌។ យើងត្រូវតែចាត់ទុកវប្បធម៌ជាមូលដ្ឋានគ្រឹះនៃសង្គម ជាធនធានធម្មជាតិ ជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ និងជាអំណាចទន់របស់ប្រទេសជាតិ។ ដូច្នេះ យើងត្រូវតែវិនិយោគយ៉ាងក្លាហានលើវប្បធម៌ដោយចាត់ទុកដូចជាវិស័យសក្តានុពលសម្រាប់ការអភិវឌ្ឍរយៈពេលវែងអញ្ជឹង។ ដល់ពេលណាដែលវប្បធម៌ត្រូវបានដាក់នៅក្នុងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍បើកចំហរ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ពេលនោះ វប្បធម៌ទើបមានសក្តានុពលសម្រាប់ការលួចលាស់”។
វប្បធម៌បានផ្លាស់ប្តូរពីតួនាទីទទួលបានការយកចិត្តទុកដាក់ ទៅជាតួនាទីត្រូវបានធានាតាមរយៈស្ថាប័ន។ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាមផ្តោតលើការធ្វើឱ្យមានលក្ខណៈស្ថាប័នពេញលេញ នូវទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយ។ រដ្ឋដើរតួនាទីណែនាំ ប៉ុន្តែសង្គម និងវិស័យឯកជនត្រូវតែក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍវប្បធម៌។ ជាមួយគ្នានោះ យន្តការ និងគោលនយោបាយមួយចំនួនដែលមានគោលបំណងទាក់ទាញការវិនិយោគនៅក្នុងវិស័យវប្បធម៌ក៏ត្រូវបានស្នើឡើងផងដែរ។ សាស្ត្រាចារ្យរងបណ្ឌិត ប៊ូយ ហោយ សឺន បានឲ្យដឹងថែមទៀតថា៖ "វប្បធម៌ត្រូវតែដាក់នៅចំកណ្តាលនៃការត្រិះរិះអភិវឌ្ឍន៍ ហើយមិនអាចនៅខាងក្រៅ ឬដើរពីក្រោយរាល់ការសម្រេចចិត្តធ្វើផែនការ ឬការបែងចែកធនធាននោះទេ។ ត្រូវតែមានសញ្ញាច្បាស់លាស់ ដូចជាការអនុគ្រោះលើពន្ធ ការកាត់បន្ថយថ្លៃសេវា ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា។ ហើយត្រូវមានយន្តការមួយ ទទួលស្គាល់មូលនិធិសម្រាប់វប្បធម៌ដូចជាការរួមចំណែកដល់ការអភិវឌ្ឍ។ ដូច្នោះ យើងនឹងមានបន្ថែមផលិតផលវប្បធម៌ លំហរប្រឌិតថ្មី និងពាណិជ្ជសញ្ញាវប្បធម៌វៀតណាមដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ”។
អភិវឌ្ឍន៍វប្បធម៌ឲ្យស្មើភាពនឹងនយោបាយ សេដ្ឋកិច្ច
វៀតណាមគឺជាប្រទេសដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍវប្បធម៌ ជាពិសេសជាមួយនឹងបេតិកភ័ណ្ឌវប្បធម៌ និងរមណីដ្ឋានល្បីៗ ជាច្រើន។ លោកសាស្ត្រាចារ្យ បណ្ឌិត ង្វៀន វ៉ាន់ គីម អនុប្រធានក្រុមប្រឹក្សាជាតិសម្រាប់បេតិកភណ្ឌវប្បធម៌ បានឲ្យដឹងថា៖ “វៀតណាមខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ នឹងមានតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៥ កន្លែងបន្ថែមទៀត ហើយដល់ឆ្នាំ ២០៤៥ នឹងមានតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៨-១០ កន្លែង ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និងចុះបញ្ជី នាំវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៣០ នៅលើពិភពលោក ដែលមានសន្ទស្សន៍អំណាចទន់វប្បធម៌ខ្ពស់។ យើងមានយន្តការនិងគោលនយោបាយដើម្បីផ្សព្វ ផ្សាយតម្លៃវប្បធម៌ វៀតណាមទៅក្រៅប្រទេស ក៏ដូចជាស្រូបយកសមិទ្ធផល បទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃក្នុងការអភិវឌ្ឍវប្បធម៌ពិភពលោក ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍវប្បធម៌វៀតណាម"។
ឋានៈថ្មីនៃវប្បធម៌នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែមើលឃើញយ៉ាងច្បាស់ លាស់និងត្រូវបានអះអាងជាបណ្តើរៗ។ ពីការត្រូវបានកំណត់ថា ជាគោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ វប្បធម៌ឥឡូវនេះបានអះអាងពីតួនាទីណែនាំរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ។ សាស្ត្រាចារ្យរង បណ្ឌិត ឌិញ កុង ទួន សាកលវិទ្យាធិការរងទទួលបន្ទុកនៃសាកលវិទ្យាល័យវប្បធម៌ហាណូយ បានសង្កត់ធ្ងន់ថា៖ "ដើម្បីសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី ចាំបាច់ត្រូវអភិវឌ្ឍវប្បធម៌ឱ្យស្មើភាពនឹងនយោបាយ សេដ្ឋកិច្ច និងសង្គម។ យើងត្រូវតែនាំវប្បធម៌ ក្លាយជាកម្លាំងផ្ទៃក្នុង ជាកម្លាំងចលករច្នៃប្រឌិត និងជាមូលដ្ឋានគ្រឹះប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រទេសជាតិ នៅក្នុងយុគសម័យថ្មី"។
ការកសាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ត្រូវបាន រំពឹងថា នឹងបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យសុក្រិតស្ថាប័ន កៀរគរធនធានទាំងអស់ និងជំរុញការអភិវឌ្ឍវប្បធម៌ដ៏ទូលំទូលាយ និងប្រកបដោយចីរភាព។ នៅក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ វប្បធម៌មានសារៈសំខាន់បំផុត ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ៕
