រថយន្តត្រូវបំផ្លិចបំផ្លាញបន្ទាប់ពីករណីវាយប្រហារដោយកាំភ្លើងធំនៅទីក្រុង Severodonetsk ខេត្ត Lugansk ប្រទេសអ៊ុយក្រែន កាលពីពាក់កណ្ដាលខែមីនា។ (រូបថត៖ AFP)

ទោះបីជានៅមិនទាន់មានតួរលេខជាក់លាក់ក៏ដោយ ប៉ុន្តែរបាយការណ៍ពាក់ព័ន្ធទាំងអស់សុទ្ធតែប្រាកដថា ការប្រយុទ្ធគ្នាក្នុងអំឡុងពេលជាង ៣ ខែបានបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងជីវិតមនុស្ស និងសម្ភារៈសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល។ ជាពិសេស ចំពោះអ៊ុយក្រែន ជម្លោះមិនត្រឹមតែបានឆក់យកអាយុជីវិតរបស់ទាហាន និងជនស៊ីវិលរាប់ពាន់នាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួនចេញទៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងបានបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។ របាយការណ៍ខ្លះប៉ាន់ស្មានថា អ៊ុយក្រែនត្រូវការថវិការាប់រយពាន់លានដុល្លារអាមេរិក និងពេលវេលារាប់សិបឆ្នាំ សម្រាប់ការកសាងឡើងវិញនិងការជំនះពុះពារលើផលវិបាកដោយសារជម្លោះ។ សរុបមក ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានក្លាយជាវិបត្តិដ៏អាក្រក់បំផុតនៅអឺរ៉ុប ក្រោយពីសង្គ្រាមលោកលើកទី២មក។

ស្ថានការណ៍ស្មុគស្មាញ និងពិបាកទាយទុកជាមុន

រហូតមកដល់ចំណុចនេះ ការប្រយុទ្ធគ្នាភាគច្រើន ប្រមូលផ្ដុំនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុងសំខាន់ៗមួយចំនួន ព្រមទាំងជំរុញខ្លាំងការវាយប្រហារទៅលើទីក្រុង និងទីប្រជុំជនមួយចំនួនទៀត។ កងកម្លាំងរុស្ស៊ីត្រូវបានគេចាត់ទុកថា មានប្រៀបខ្លាំងលើសលុបលើអ៊ុយក្រែន ប៉ុន្តែជញ្ជីងកម្លាំងរវាងភាគីទាំងពីរកំពុងផ្លាស់ប្តូរបន្តិចម្តងៗ នៅពេលដែលលោកខាងលិចបានផ្គត់ផ្គង់អាវុធ និងយុទ្ធភ័ណ្ឌដ៏ខ្លាំងនិងទំនើបជាបន្តបន្ទាប់ឲ្យកងកម្លាំងអ៊ុយក្រែន។

ជាឧទាហរណ៍ កាលពីថ្ងៃទី ១ ខែមិថុនា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់បានប្រកាសក្នុងពេលដំណាលគ្នាថា គេនឹងផ្តល់អាវុធ និងមធ្យោបាយប្រយុទ្ធទំនើបៗ បន្ថែមទៀតដល់អ៊ុយក្រែន។ ក្នុងនោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសន្យាថា នឹងផ្ទេរប្រព័ន្ធការពារដែនអាកាស IRIS-T និងរ៉ាដារាវរកគោលដៅដ៏ទំនើបទៅកាន់អ៊ុយក្រែន។ ចាប់តាំងជម្លោះផ្ទុះឡើងរហូតមកដល់ពេលនេះ អាឡឺម៉ង់បានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវ បង់គ្រាប់ចំនួន ១៥ លាន គ្រាប់បែកដៃចំនួន ១សែនគ្រាប់ និងគ្រាប់មីនប្រឆាំងរថក្រោះជាង៥ពាន់គ្រាប់។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសថា ទីក្រុង ឡុងដ៍នឹងផ្ដល់កាំភ្លើងធំបាញ់រ៉ុក្កែត M270 ដែលមានចម្ងាយបាញ់រហូតដល់ ៨០ គីឡូម៉ែត្រដល់អ៊ុយក្រែន។

ប្រព័ន្ធកាំភ្លើងធំបាញ់រុក្កែតចល័ត M142 របស់អាមេរិក។ (រូបថត៖ Gagadget)

ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃដដែល ក៏បានប្រកាសកញ្ចប់ជំនួយអាវុធថ្មីក្នុងតម្លៃ ៧០០លានដុល្លារសម្រាប់អ៊ុយក្រែន។ កញ្ចប់ជំនួយរួមមានប្រព័ន្ធកាំភ្លើងធំចល័ត M142 ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយ ៨០ គីឡូម៉ែត្រ ជាមួយនឹងគ្រាប់ រ៉ាដាប្រឆាំងកាំភ្លើង រ៉ាដាឃ្លាំមើលអាកាស កាំជ្រួចប្រឆាំងរថក្រោះ Javelin ជាច្រើនផងដែរ។

យោងតាមក្រុមអ្នកវិភាគ ការដែលលោកខាងលេចបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់ និងទំនើប ដល់កងកម្លាំងអ៊ុយក្រែន នឹងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នូវជញ្ជីងកងកម្លាំងនៅលើសមរភូមិអ៊ុយក្រែន ដែលធ្វើឲ្យស្ថានភាពជម្លោះកាន់តែស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានព្រមានថា ជំនួយសព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែនមិនអាចដោះស្រាយជម្លោះបានទេ ផ្ទុយទៅវិញវាអាចបង្កើនហានិភ័យនៃការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី ជាមួយប្រទេសលោកខាងលិច។

ខិតខំព្យាយាមធ្វើការសន្ទនាដើម្បីបញ្ចប់ជម្លោះ

ក្នុងបរិបទដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្តវិវឌ្ឍយ៉ាងស្មុគស្មាញ ហើយភាគីទាំងពីរមិនទាន់រកឃើញសំឡេងរួមនៅឡើយ បើទោះបីជាការចរចាជាច្រើនជុំ ត្រូវបានធ្វើឡើងក្រោមការគាំពារអន្តរជាតិក៏ដោយ មេដឹកនាំពិភពលោកបន្តអំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តរក្សាកិច្ចខិតខំប្រឹងប្រែងការទូតនិងកិច្ចសន្ទនា ដើម្បីបញ្ចប់ជម្លោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានស្នើឲ្យរុស្ស៊ី និងអ៊ុយក្រែនរៀបចំកិច្ចចរចាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល ហើយបានបញ្ជាក់ថា ទីក្រុងអង់ការ៉ាត្រៀមខ្លួនជាស្រេចទទួលតួនាទីជាអ្នកសង្កេតការណ៍ ហើយនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនាដោយមានការគាំទ្រ របស់អង្គការសហប្រជាជាតិ។ ប៉ុន្មានថ្ងៃមុននោះ ថ្លែងនៅក្នុងសន្និសីទមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger ក៏បានសង្កត់ធ្ងន់ថា លោកខាងលិចចាំបាច់ត្រូវសន្ទនាជាមួយរុស្ស៊ីដើម្បីដោះស្រាយវិបត្តិ។ យោងតាមលោកអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកខាងលិចត្រូវចងចាំ ហើយវាយតម្លៃឲ្យបានត្រឹមត្រូវពីសារៈសំខាន់របស់រុស្ស៊ីចំពោះអឺរ៉ុប។

រីឯខ្លួនវិញ មន្ត្រីរុស្ស៊ីបន្តបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចជួបចរចាជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះ។ ប្រធានគណៈកម្មាធិការការពារជាតិនៃឌូម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរបស់រុស្ស៊ី) លោក Andrey Kartapolov បានប្រកាសកាលពីថ្ងៃទី ១ ខែមិថុនាថា ប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនអាចបញ្ចប់ប្រសិនបើក្រុងកៀវយល់ព្រមចរចា។ មួយថ្ងៃមុននោះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភារបស់រុស្ស៊ី) លោកស្រី Valentina Matviyenko ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្ពោះទៅរកសន្តិភាពជាមួយអ៊ុយក្រែនផងដែរ៕