នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ (រូបថត៖ VOV)

នេះគឺជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីនៅប្រទេសបារាំងចាប់តាំងពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ (ខែតុលា ឆ្នាំ ២០២៤) ព្រម ទាំងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីនៅអេស្តូនីចាប់តាំងពី ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២។

ទាញយកប្រយោជន៍ពីវិស័យសហប្រតិបត្តិការសក្ដានុពលជាមួយបណ្តាប្រទេសអឺរ៉ុប

សាធារណរដ្ឋអេស្តូនីគឺជាទីបង្អង់ដំណើរដំបូងក្នុងដំណើរទស្សនកិច្ចការងាររបស់លោកនាយរដ្ឋមន្ត្រី ហ្វាម មិញជីញ។ ក្នុងនាមជាប្រទេសអឺរ៉ុបខាងជើង ដែលមានទំនាក់ទំនងការទូតជាមួយវៀតណាមតាំងពីឆ្នាំ ១៩៩២ អេស្តូនីបានអះអាងម្តងហើយ ម្តងទៀតថា វៀតណាមជាដៃគូអាទិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានបំណងចង់ ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀត។

ទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅតែមានកម្រិតទាបក៏ដោយ ភាគីទាំងពីរមានការវាយតម្លៃរួមថា មានសក្តានុពលសហប្រតិបត្តិការលើវិស័យដែលប្រទេសមួយមានប្រៀបខ្លាំង ហើយប្រទេសមួយទៀតមានតម្រូវការខ្ពស់ដូចជា៖ បច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាល
អេឡិចត្រូនិក បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល ឡូជីស្ទីកឆ្លាតវៃ កំពង់ផែសមុទ្រឌីជីថល។ល។

សម្រាប់ស៊ុយអែត នេះជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបដំបូងគេដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ក្នុងឆ្នាំ ១៩៦៩) ដោយបានគាំទ្រយ៉ាងសកម្មចំពោះវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យ និងបង្រួបបង្រួមប្រទេសជាតិកាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្នផងដែរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១,៥ ពាន់លានដុល្លារអាមេរិក។ ស៊ុយអែតជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងចំណោមប្រទេស និងដែនដីទាំង ១៤៩ ដែលវិនិយោគនៅវៀតណាមជាមួយនឹងវិស័យសក្តានុពលដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចបៃតង ឌីជីថល និងវិលជុំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ឧស្សាហកម្មការពារជាតិ ជាដើម។

ក្នុងពេលជាមួយគ្នានោះ សាធារណរដ្ឋបារាំងគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមចាប់តាំងពីប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ខែតុលាឆ្នាំ២០២៤)។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅវៀតណាមរបស់ប្រធានាធិបតីបារាំង លោក Emanuel Macron ដោយទទួលបានលទ្ធផលដ៏មានប្រសិទ្ធភាពនិងជាក់ស្ដែងជាច្រើន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា៖

“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកំពុងបើកលំហសហប្រតិបត្តិការកាន់តែទូលំទូលាយ ស៊ីជម្រៅ ដោយផ្តោតលើវិស័យអាទិភាព និងយុទ្ធសាស្ត្រ ស្របតាមផលប្រយោជន៍ និងសក្តានុពលរបស់ទាំងវៀតណាម និងបារាំង។ លើសពីនេះ ប្រទេសទាំងពីរមានប្រៀបខ្លាំងជាច្រើន ដើម្បីប្រាស្រ័យទាក់ទង សម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងលើកកំពស់ឋានៈរបស់ប្រទេសនីមួយៗ។ សហគ្រាស និងក្រុមហ៊ុនបារាំងមានប្រៀបខ្លាំងខាងបច្ចេកវិទ្យាខ្ពស់ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ឱសថ និងអាកាសចរណ៍អវកាស ខណៈដែលវៀតណាមមានទីផ្សារក្នុងស្រុកដ៏មានសក្តានុពល ធនធានមនុស្សសម្បូរបែប ហើយកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល”។

រួមចំណែកយ៉ាងសកម្មដល់ការអភិរក្សមហាសមុទ្រប្រកបដោយនិរន្តរភាព

ចំណុចលេចធ្លោនៃដំណើរបំពេញការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកនេះគឺជាលើកដំបូងដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ (UNOC 3) ក្នុងនាមជាភ្ញៀវពិសេសរបស់ប្រធានាធិបតីបារាំង លោក Emanuel Macron។ ដោយប្រធានបទ “ការពន្លឿនសកម្មភាព និងកៀងគរភាគីទាំងអស់ឱ្យចូលរួមក្នុងការអភិរក្ស និងការប្រើប្រាស់សមុទ្រប្រកបដោយនិរន្តរភាព” នោះ UNOC 3 នឹងពិភាក្សាអំពីបញ្ហាដែលសហគមន៍អន្តរជាតិកំពុងប្រឈម និងទាមទារឲ្យជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញ និងធ្វើពិពិធកម្មធនធានហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

នៅក្នុងសន្និសីទលើកនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងថ្លែងសុន្ទរកថាដ៏សំខាន់ ដោយអះអាងសារថា វៀតណាមត្រៀមខ្លួនជាដៃគូដែលអាចទុកចិត្តបានក្នុងក្របខ័ណ្ឌនិងគំរូសហប្រតិបត្តិការនានា។ ទស្សនៈដ៏ខ្ជាប់ខ្ជួននេះក៏ត្រូវបានបញ្ជាក់ដោយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Le Minh Ngan ក្នុងសន្និសីទអន្តរជាតិស្តីពីសេដ្ឋកិច្ចមហាសមុទ្រប្រកបដោយនិរន្តរភាពដែលបានធ្វើឡើងនៅទីក្រុងហាណូយនាពេលថ្មីៗនេះ៖

“វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេស និងដៃគូដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ធនធាន និងគំនិតផ្តួចផ្តើមគ្រប់គ្រងចម្រុះ ដើម្បីសេដ្ឋកិច្ចសមុទ្របៃតង ប្រកបដោយនិរន្តរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមជានិច្ចកាលជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងសកម្មរបស់សហគមន៍អន្តរជាតិ”។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ គឺសំដៅបញ្ជាក់នូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងនិងជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប ក្នុងនោះមានបារាំង អេស្តូនី និងស៊ុយអែត។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ដំណើរទស្សនកិច្ចក៏ផ្សព្វផ្សាយដល់សហគមន៍អន្តរជាតិអំពីទិសដៅនិងអាទិភាពអភិវឌ្ឍន៍របស់វៀតណាមនាពេលខាងមុខ ជាពិសេសសេចក្ដីប្រាថ្នាឈានចូលយុគសម័យថ្មីរបស់ប្រទេសជាតិផងដែរ៕