នេះគឺជាលទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងបរិបទដែលប្រទេសទាំងមូលអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំឡើងវិញ និងអនុវត្តន៍គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាឲ្យដល់ដំណាច់ត្រីមាសទី ៣ ឆ្នាំនេះ អត្រាបញ្ចេញទុនវិនិយោគសាធារណៈនឹងសម្រេចបានយ៉ាងហោចណាស់ ៦០% នៃផែនការ ហើយពេញមួយឆ្នាំនឹងសម្រេចបាន ១០០% នៃផែនការ។
រូបថតឧទាហរណ៍៖ chinhphu.vn |
នាំយកដើមទុនចូលទៅក្នុងសេដ្ឋកិច្ចឲ្យបានឆាប់រហ័ស
ការបញ្ចេញទុនវិនិយោគសាធារណៈ មិនត្រឹមតែជាបញ្ហាហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងជាកត្តាសំខាន់ក្នុងការបង្កើតការងារ ជំរុញកំណើន កែលម្អហេដ្ឋារចនាសម្ព័ន្ធ ធានាសុខុមាលភាពសង្គម និងអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។
ក្នុងរយៈពេល ៨ ខែកន្លងមកនេះ វៀតណាមបានបញ្ចេញថវិកាជាង ៤៣៤ ទ្រីលានដុង (ជាង ១៩ ពាន់លានដុល្លារអាមេរិក) ដែលជាការកើនឡើងទាំងចំនួនដាច់ខាត និងអត្រា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស ដើមទុនថវិកាមូលដ្ឋាន បានកត់ត្រានូវអត្រាបញ្ចេញដើមទុនខ្ពស់រហូតដល់ ៥៨,៣% ដែលបង្ហាញពីតួនាទីដ៏សកម្មនិងខ្លាំងក្លា របស់មូលដ្ឋានក្នុងការអនុវត្តការវិនិយោគសាធារណៈ។
ចំណែកខាងក្រសួងនិងផ្នែកវិញ ក្រសួងសំណង់កំពុងពន្លឿនការបើកការដ្ឋានសាង់សងនៃគម្រោងធំៗចំនួន១៨ ក្នុងឆ្នាំនេះ ក្នុងនោះមានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា៖ ផ្លូវល្បឿនលឿន ផ្លូវដែក ស្ពានធំៗ... តាមការគ្រោងទុក នៅត្រីមាសទី៤ ឆ្នាំនេះ គម្រោងធំៗចំនួន៨ នឹងបើកការដ្ឋានសាងសង់ ដែលបង្កើតបានជា “គម្នាស់” សម្រាប់ការបញ្ចេញដើមទុនយ៉ាងខ្លាំងក្លានៅដំណាក់កាលចុងក្រោយ។ យោងតាមលោក Le Anh Tuan អនុរដ្ឋមន្ត្រីក្រសួងសំណង់ បានឲ្យដឹងថា បណ្ដាសំណង់ និងគម្រោងដែលប្រើប្រាស់ដើមទុនថវិការដ្ឋ នឹងបង្កើតក្របខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ពីនោះនាំផ្លូវនិងទាក់ទាញការវិនិយោគឯកជន។
កម្លាំងចលករដ៏សំខាន់សម្រាប់កំណើន
គោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលវៀតណាមគឺបញ្ចេញដើមទុនវិនិយោគសាធារណៈទាំង ១០០% ត្រឹមចុងឆ្នាំ២០២៥។
ក្នុងឆ្នាំ២០២៥ ផែនការវិនិយោគសាធារណៈសរុបពីថវិការដ្ឋ គឺមានចំនួនជាង ១,០៩ លាន ពាន់លានដុង ក្នុងនោះដើមទុនដែលនាយករដ្ឋមន្ត្រីបានប្រគល់ មានចំនួនជិត ៨៨៥ ពាន់ ពាន់លានដុង ហើយផ្នែកនៅសល់ជាទុនបដិភាគរបស់មូលដ្ឋាន និងដើមទុនផ្ទេរពីឆ្នាំមុន។ រហូតមកដល់ពេលនេះ ជាង៩៥% នៃដើមទុននេះ ត្រូវបានបែងចែកទៅរួច។
ដើម្បីពន្លឿនការបញ្ចេញដើមទុនវិនិយោគសាធារណៈ ដំណោះស្រាយដែលបានកំណត់គឺត្រូវបែងចែកដើមទុនដែលនៅសល់ទាំងអស់ឱ្យបានលឿនត្រឹមថ្ងៃទី ៣០ ខែកញ្ញា; ផ្តោតលើការដោះស្រាយឧបសគ្គនៅក្នុងការបោសសំអាតផ្ទៃដីសំណង់ - ដែលត្រូវបានចាត់ទុកថាជា "ដំណរភ្ជាប់" ដ៏ធំបំផុតនាពេលបច្ចុប្បន្ន; សុក្រិតយន្តការវិមជ្ឈការនិងសហវិមជ្ឈការ សមស្របតាមគំរូអាជ្ញាធរ ២ កម្រិត។
សម្រាប់គម្រោងជាតិសំខាន់ៗ ជាពិសេសក្នុងវិស័យគមនាគមន៍ រដ្ឋាភិបាលបានបញ្ជាឲ្យពន្លឿនវឌ្ឍនភាព ដើម្បីខិតខំបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនយ៉ាងហោចណាស់ ៣.០០០ គីឡូម៉ែត្រ និងផ្លូវតាមឆ្នេរយ៉ាងហោចណាស់ ១.០០០ គីឡូម៉ែត្រក្នុងឆ្នាំ ២០២៥ តែម្ដង។
ទន្ទឹមនឹងនោះ គម្រោងដែលប្រើប្រាស់ទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ត្រូវតែបំពេញបែបបទវិនិយោគ ការដេញថ្លៃ និងការចុះហត្ថលេខាលើកិច្ចសន្យាឲ្យបានឆាប់។
ដើម្បីសម្រេចបាននូវគោលដៅនៃការបញ្ចេញទុនវិនិយោគសាធារណៈ ១០០% តាមការណែនាំរបស់នាយករដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចាត់ទុកថា៖
“គ្រប់ក្រសួង ផ្នែកនិង មូលដ្ឋានបន្តពិនិត្យ បែងចែកដើមទុនដែលនៅសល់។ ក្នុងករណីមិនមានតម្រូវការប្រើប្រាស់ទេ ត្រូវអនុវត្តន៍នីតិវិធីឱ្យបានឆាប់ដើម្បីស្នើឡើងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដើម្បីកែសម្រួល កាត់បន្ថយ និងផ្ទេរកញ្ចប់ដើមទុននេះ ទៅឲ្យមូលដ្ឋាន ក្រសួង និងគម្រោងផ្សេងៗដែលត្រូវការ។ ការងាររៀបចំ និងអនុវត្ត ក៏ត្រូវតែពន្លឿនវឌ្ឍនភាពដើម្បីឱ្យមានបរិមាណនៃការបញ្ចេញទុន ជាពិសេសនៅចុងឆ្នាំ។ ពិនិត្យឡើងវិញជាបន្ទាន់នូវបញ្ហាជំពាក់ជំពិនក្នុងវិស័យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីសុក្រិតឲ្យបានឆាប់បំផុត”។
វៀតណាមបានកំណត់គោលដៅកំណើន GDP ពី ៨,៣ - ៨,៥% ក្នុងឆ្នាំ ២០២៥។ ការដែលវឌ្ឍនភាពនៃការបញ្ចេញទុនវិនិយោគសាធារណៈបន្តត្រូវបានអនុវត្តន៍ដោយស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនោះ នឹងជាមូលដ្ឋានដ៏សែនសំខាន់ដើម្បីសម្រេចគោលដៅពេញមួយឆ្នាំ ព្រមទាំងរីកសាយភាយឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចសង្គមជាច្រើននៅឆ្នាំបន្ទាប់ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
