សន្និសីទនេះត្រូវបានប្រារព្ធធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំគណៈកម្មាធិការមជ្ឈិមបក្សដោយមានប្រតិភូជាង ៣០០ នាក់ និងប្រតិភូនៅមូលដ្ឋានចំនួន ២.២០០ នាក់ដែលចូលរួមតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) |
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ សន្និបាតមជ្ឈិមលើកទី ៥ (នីតិកាលទី ១៣) បានឯកភាពលើការបង្កើតគណៈកម្មាធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មថ្នាក់ខេត្ត។ ភ្លាមៗបន្ទាប់នោះ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ គណកម្មាធិការដឹកនាំថ្នាក់ខេត្តក្រុងចំនួន ៦៣ ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស។ ការបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្តក្រុងបាននាំមកនូវការផ្លាស់ប្តូរនិងប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មនៅមូលដ្ឋាន។
ស្រុះចិត្តគំនិតពីលើចុះក្រោម ការងារទាំងអស់បានរលូន
ចាប់តាំងពីបង្កើតឡើងមក ការធ្វើស្ថិតិមិនពេញលេញបានបង្ហាញថា គណៈកម្មាធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មថ្នាក់ខេត្តទាំង ៦៣ បានបើកកិច្ចប្រជុំរាប់រយដង តាមនោះដឹកនាំការត្រួតពិនិត្យ ហើយសម្រេចនាំយកសំណុំរឿងចំនួន ៣២៧ និងករណីចំនួន ១៧៩ ដែលទាក់ទងនឹងអំពើពុករលួយ អសកម្មដ៏ស្មុគស្មាញ ជាក្ដីកង្វល់នៃសាធារណៈមតិសង្គមនៅមូលដ្ឋាន ដាក់ស្ថិតក្រោមការតាមដានរបស់គណៈកម្មាធិការដឹកនាំ។ មូលដ្ឋានជាច្រើនបានបញ្ជាឱ្យចាត់ការយ៉ាងតឹងរ៉ឹងនូវករណីពុករលួយ អសកម្មជាច្រើន ដែលពាក់ព័ន្ធនឹងកម្មាភិបាលក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការបក្សខេត្ត ដូចជា Lao Cai, Quang Ninh, Thanh Hoa, Dong Nai, Khanh Hoa, ទីក្រុងហូជីមិញ Phu Yen, Thai Nguyen... ទន្ទឹមនឹងការយកចិត្តទុកដាក់លើការដឹកនាំចាត់ការសំណុំរឿង ករណីនានា គណៈកម្មាធិការដឹកនាំថ្នាក់ខេត្តមួយចំនួនបានកសាងកម្មវិធី ហើយធ្វើការត្រួតពិនិត្យ ឃ្លាំមើលដោយផ្តោតលើវិស័យនានាដែលងាយកើតមានអំពើពុករលួយ ភាពអសកម្ម បញ្ហាជំពាក់ជំពិននៅមូលដ្ឋាន។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ប្រធានគណៈកម្មាធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មទីក្រុងហាណូយបានឲ្យដឹងថា៖
“ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បានរកឃើញ និងដាក់ស្ថិតក្រោមការតាមដានរបស់គណៈកម្មាធិការដឹកនាំនូវសំណុំរឿង ករណីចំនួន ២៤ ដែលកើតឡើងនៅមជ្ឈមណ្ឌលចុះបញ្ជីយានយន្តនៅលើភូមិសាស្ត្រក្រុងហាណូយ។ យើងខ្ញុំក៏បានដឹកនាំស្ថាប័ន និងអង្គភាពនានា ពន្លឿនដំណើរការចាត់ការសំណុំរឿង ករណីតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍របស់ក្រុមការងារនៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម និងស្ថាប័នសមត្ថកិច្ចផ្សេងៗបានចង្អុលបង្ហាញផងដែរ”។
(រូបថត៖ VOV) |
យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម លទ្ធផលដែលសម្រេចបានបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្សនិងរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយទទួលបានការគាំទ្រនិងវាយតម្លៃខ្ពស់ពីសាធារណៈមតិសង្គមនិងប្រជាជន។ នៅឯកិច្ចប្រជុំត្រៀមសម្រាប់សន្និសីទបូកសរុបប្រតិបត្តិការ ១ ឆ្នាំ របស់គណៈកម្មាធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មថ្នាក់ខេត្ត ដែលបានធ្វើឡើងនាថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២៣ នៅទីក្រុងហាណូយនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃថា៖
“បទពិសោធន៍ក្នុងការសម្របសម្រួលគ្នារវាងបណ្ដាស្ថាប័នមានសមត្ថកិច្ចគឺល្អណាស់ ចាប់ពីដំណាក់កាលចាប់ផ្តើមអធិការកិច្ច របៀបត្រួតពិនិត្យ ប្រគល់ឲ្យស្ថាប័នណាធ្វើមុន ស្ថាប័នណាធ្វើក្រោយ ខ្ញុំគិតថានេះគឺជាបទពិសោធន៍ដ៏ល្អណាស់ ដូច្នេះមិនពឹងផ្អែកលើថ្នាក់លើទេ ទី២គឺសមមិត្តនៅមូលដ្ឋានផ្ទាល់ខ្លួន ត្រូវតែធ្វើជាគំរូមុនសិន ទើបអាចធ្វើបាន មានប្រសិទ្ធភាពល្អណាស់ ដែលយើងហៅថា ស្រុះចិត្តគំនិតគ្នាពីលើចុះក្រោម ការងារទាំងអស់បានរលូន”។
បញ្ជាក់ពីគោលជំហរត្រឹមត្រូវទាំងស្រុង
យោងតាមលោក Phan Dinh Trac ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយបានឲ្យដឹងថា គណៈកម្មាធិការដឹកនាំថ្នាក់ខេត្តទើបតែចូលដំណើរការ កំពុងស្ថិតក្នុងដំណាក់កាលធ្វើបណ្ដើរ រៀនបណ្ដើរ កែលម្អបណ្ដើរ និងដកបទពិសោធន៍បណ្ដើរ ប៉ុន្តែតម្រូវការចម្បងបង្អស់គឺគណៈកម្មាធិការដឹកនាំត្រូវតែជាសមូហភាពដ៏រឹងមាំ ត្រូវតែមានសាមគ្គីភាព ភាពស្អិតរមួត ស្របតាមស្មារតី "ស្រុះចិត្តគំនិតគ្នាពីលើចុះក្រោម ការងារទាំងអស់បានរលូន" នៅក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោក Phan Dinh Trac បានក្រើនរំលឹកថា៖
“នៅពេលជួបប្រទះនឹងបញ្ហាម ដែលមានតិខុសគ្នា ស្ថាប័ននានាគួរតែអង្គុយជាមួយគ្នាដើម្បីផ្លាស់ប្តូរ និងពិភាក្សាដោយឈរលើស្មារតីសមមិត្ត ហើយឈរលើមូលដ្ឋាននៃច្បាប់ និងបទប្បញ្ញត្តិរបស់បក្ស ជៀសវាងការខ្វែងគំនិតគ្នា។ នេះជាសតិអារម្មណ៍ដឹកនាំ និងជាបាវចនាសកម្មភាពរបស់បណ្ដាស្ថាប័នមានសមត្ថកិច្ចក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្មនាពេលខាងមុខ”។
លទ្ធផលប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត ក្រោយរយៈពេល១ឆ្នាំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការផ្លាស់ប្តូរកាន់តែច្ច្បាស់លាស់ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មនៅមូលដ្ឋាន ជាពិសេសក្នុងការរកឃើញ និងចាត់ការអំពើពុករលួយ និងអសកម្ម; ជំនះពុះពារជាជំហានៗលើស្ថានការណ៍ "ក្តៅខាងលើ ត្រជាក់ខាងក្រោម" ក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្មនៅមូលដ្ឋាន។ លទ្ធផលនេះបញ្ជាក់ថា គោលជំហរបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត គឺត្រឹមត្រូវ ចាំបាច់ ស្របតាមតម្រូវការជាក់ស្តែង បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់មូលដ្ឋាន ការស្រុះចិត្តគំនិតពីមជ្ឈិមដល់មូលដ្ឋាន ការគាំទ្រយ៉ាងពេញទំហឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនតាមការណែនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong “ស្រុះចិត្តគំនិតគ្នាពីលើចុះក្រោម ការងារទាំងអស់បានរលូន” ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្មនៅប្រទេសវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


