តួរលេខស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិគិតត្រឹមថ្ងៃទី ២៩ ខែធ្នូ បានបង្ហាញថា ជាមួយនឹងកំណើន GDP ប៉ាន់ស្មានសម្រេចបាន ៨,០២% អតិផរណា (គិតតាម CPI ជាមធ្យម) គឺ ៣,១៥% នោះ ឆ្នាំ ២០២២ គឺជាឆ្នាំដែល GDP របស់វៀតណាមកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ១២ ឆ្នាំកន្លងមក ព្រមទាំងក៏ជាឆ្នាំទី ៧ ជាប់ៗគ្នាដែរ ដែលវៀតណាមបានគ្រប់គ្រងអតិផរណាប្រកបដោយជោគជ័យ។

ការងើបឡើងវិញគួរឱ្យចាប់អារម្មណ៍

ផ្ទាំងគំនូរនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ ស្ថិតនៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកត្រូវជួបប្រទះនឹងបញ្ហាប្រឈមធំៗ និងមានអស្ថិរភាពខ្ពស់; អតិផរណានៅប្រទេសជាច្រើនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្រោយរយៈពេលជាច្រើនទសវត្សរ៍ ដែលចាប់បង្ខំប្រទេសនានាត្រូវតែរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

ទន្ទឹមនឹងនោះ ការប្រកួតប្រជែងយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ ជម្លោះយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន; គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ... បានបង្កើនហានិភ័យលើទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុ សន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារសកលផងដែរ។

នៅក្នុងបរិបទនោះ កំណើន GDP ចំនួន ៨,០២% របស់វៀតណាម មិនត្រឹមតែជាអត្រាកំណើន GDP ខ្ពស់បំផុតក្នុងទសវត្សរ៍កន្លងទៅប៉ុណ្ណោះទេ ថែមទាំងនេះត្រូវបានព្យាករណ៍ថា ជាអត្រាកំណើនឈានមុខគេក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។

ក្រោមទស្សនៈទីផ្សារ និងធុរកិច្ច ចំនួនសហគ្រាសដែលត្រូវបានបង្កើតថ្មី និងបើកដំណើរការឡើងវិញ មានលើសពី ២០៨ ពាន់អង្គភាព ដែលខ្ពស់ជាង ១០ ដងបើធៀបនឹងរយៈពេលដំបូងនៃសម័យកាលផ្លាស់ប្ដូរថ្មី ហើយកើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដែលច្បាប់សហគ្រាសចូលជាធរមាន (ខែមករា ឆ្នាំ២០២១)។ ប្រការនេះបង្ហាញថា ស្មារតីសហគ្រិនភាពរបស់សហគ្រាស និងប្រជាជនបន្តត្រូវបានពង្រឹង។ ចំនួនដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានបើកចំណាយអនុវត្តន៍ សម្រេចបានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ គួរកត់សម្គាល់ថា ការវិនិយោគពីបរទេសបានបង្វែរទិស ដោយផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យាខ្ពស់ នាំសេដ្ឋកិច្ចវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងបណ្តាញផ្គត់ផ្គង់សកល។

លោកសាស្រ្តាចារ្យ បណ្ឌិតសេដ្ឋកិច្ច Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី។

ទន្ទឹមនឹងនោះ ទំហំនាំចូល-នាំចេញសរុប សម្រេចបានកំណត់ត្រា ជាង ៧៣០ ពាន់លានដុល្លាអាមេរិក នាំវៀតណាមឈានចូលក្រុមសេដ្ឋកិច្ចទាំង ២០ ដែលមានសកម្មភាពពាណិជ្ជកម្មបរទេសធំជាងគេលើពិភពលោក។ លោកសាស្រ្តាចារ្យ បណ្ឌិតសេដ្ឋកិច្ច Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាមនិងអាស៊ាន នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានវាយតម្លៃថា៖

“បើប្រៀបធៀបជាមួយប្រទេសដទៃទៀត វៀតណាមបានបង្ហាញលទ្ធផលដ៏អស្ចារ្យ ដែលត្រូវបានទទួលស្គាល់ដោយអ្នកជំនាញនៃទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ។ ខ្ញុំគិតថា វៀតណាមអាចត្រូវបានចាត់ទុកជា សត្វខ្លាសេដ្ឋកិច្ចថ្មីនៃទ្វីបអាស៊ី ដែលមានន័យថា ជាគំរូមួយក្នុងការអភិវឌ្ឍប្រកបដោយជោគជ័យ”។

ជោគជ័យកើតចេញពីគោលនយោបាយប្រកបដោយភាពបត់បែន និងការខិតខំប្រឹងប្រែងដើម្បីជំនះលើការលំបាក

លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ រួមមានតួនាទីប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពបត់បែន របស់រដ្ឋាភិបាល។ ទន្ទឹមនឹងការរួមដំណើរដោយមានប្រសិទ្ធភាពរបស់រដ្ឋសភា គោលនយោបាយ និងដំណោះស្រាយជាច្រើនត្រូវបានចេញផ្សាយ និងអនុវត្តន៍នៅពេលវេលាត្រឹមត្រូវ។

លោកស្រីបណ្ឌិត Irina Korgun នាយិកាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីប្រចាំអាស៊ី។

លោកស្រីបណ្ឌិត Irina Korgun នាយិកាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីប្រចាំអាស៊ី បានវាយតម្លៃថា ការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតបច្ចេកវិទ្យាដោយឡែក គឺជាវិធីដែលវៀតណាមកំពុងជំរុញកំណើនសេដ្ឋកិច្ច៖

“អាចនិយាយបានថា វៀតណាមកំពុងបន្តដើរតាមមាគ៌ាឧស្សាហូបនីយកម្ម។ យើងឃើញនៅប្រទេសវៀតណាម កំពុងបង្កើតឡើងវិស័យឧស្សាហកម្មឯកទេសជាច្រើន ហើយនេះគឺជាវិស័យផលិតកម្ម ដោយចាប់ផ្តើមពីរោងចក្រដែលដំឡើងអ្វីៗដ៏សាមញ្ញបំផុត រហូតដល់ទំនិញបច្ចេកវិទ្យាស្មុគស្មាញបំផុត។ ពិតណាស់ថា យើងខ្ញុំបានឃើញការអភិវឌ្ឍក្នុងគោលដៅឆ្ពោះទៅរកឧស្សាហកម្មរបស់វៀតណាមនិងរចនាសម្ព័ន្ធទូទៅនៃខឿនសេដ្ឋកិច្ច”។

តាមទស្សនៈរបស់អ្នកជំនាញផ្នែកអភិបាលកិច្ចសាជីវកម្ម និងបរិយាកាសវិនិយោគ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Hung គ្រូបង្រៀនជាន់ខ្ពស់នៃសាកលវិទ្យាល័យអភិបាលកិច្ចក្រុងប៉ារីស (ប្រទេសបារាំង) បានចែករំលែកថា៖

“កត្តាគន្លឹះសម្រាប់ការអភិវឌ្ឍរបស់វៀតណាមគឺកម្លាំងផ្ទៃក្នុង។ គោលនយោបាយវិនិយោគល្អ គោលនយោបាយពលករនិងការងារល្អ ការយកចិត្តទុកដាក់ដល់កត្តាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព បានបង្កើតឡើងទំនុកចិត្តរបស់ពិភពលោកនិងសហគមន៍ធុរកិច្ច ហើយគេនឹងមកវៀតណាម។ ប្រការនេះត្រូវបានសម្លឹងមើលតាមទស្សនៈថា វៀតណាមមិនត្រឹមតែជាទីផ្សារសម្រាប់ការធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដើម្បីផលប្រយោជន៍ទៅវិញទៅមក។ នេះគឺជាជាប្រការដ៏សំខាន់”។

នៅក្នុងឆ្នាំ ២០២៣ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើន GDP ៦,៥% ។ យោងតាមអ្នកជំនាញ នេះគឺជាគោលដៅដ៏លំបាក។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងដំណោះស្រាយទូទៅជាច្រើនរបស់រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងការលំបាកឧបសគ្គនាពេលខាងមុខ ដើម្បីបន្តអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញ៕