កាលពីថ្ងៃទី ២២ ខែកញ្ញា ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងបានទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន។ ជាមួយ នឹងការសម្រេចចិត្តនេះ ប្រទេសបារាំងបានក្លាយជាប្រទេសលោកខាងលិចថ្មីបំផុត ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីកាណាដា ចក្រភពអង់គ្លេស បែលហ្សិក អូស្ត្រាលី និងព័រទុយហ្គាល់។
ជំហានជាប្រវត្តិសាស្ត្រ
ការសម្រេចចិត្តជាប្រវត្តិសាស្ត្រពីបណ្តាប្រទេសលោកខាងលិច ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៊ីស្រាអែល គឺជារបត់ការទូតដ៏សំខាន់សម្រាប់ដំណើរការសន្តិភាព ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍នៅមជ្ឈិមបូព៌ា ក៏ដូចជាចំពោះស្ថានភាព បច្ចុប្បន្ននៃជម្លោះនៅតំបន់ហ្គាហ្សាផងដែរ។
មុននឹងបារាំង កាណាដា និងអង់គ្លេស បានក្លាយជាប្រទេសដំបូងគេក្នុងក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង ៧ (G7) ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិកក៏ ដោយ។ គួរឲ្យកត់សម្គាល់ថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសដែលទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅចក្រភពអង់គ្លេស (ថ្ងៃទី ១៧-១៩ ខែកញ្ញា) ដែលជាសញ្ញា បង្ហាញថារ ដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Keir Starmer មិនបានរាថយនៅ ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោនឡើយ។ ដោយពន្យល់ពីការសម្រេចចិត្តរបស់ទីក្រុង ឡុងដ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយថា ការ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនត្រឹមតែជាកាតព្វកិច្ចផ្នែកសីលធម៌ប៉ុណ្ណោះទេ ថែមទាំងជា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីថែរក្សាក្តីសង្ឃឹមដ៏យូរអង្វែងសម្រាប់ដំណោះស្រាយ រដ្ឋពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមរស់ជាមួយគ្នាដោយសន្តិភាព និងសន្តិសុខ។ លោក Wolf-Christian Paes អ្នកជំនាញផ្នែកខាងជម្លោះប្រដាប់អាវុធនៅវិទ្យាស្ថាន អន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖
"គោលដៅនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន របស់ប្រទេសលោកខាងលិចមួយចំនួនគឺដើម្បីឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរដែលត្រូវបានយល់ព្រមគ្នាក្នុងកិច្ចព្រម ព្រៀង Oslo កាលពីជាង ៣០ ឆ្នាំមុន ប៉ុន្តែសម្រេចបាននូវវឌ្ឍនភាពយ៉ាងតិចតួច ណាស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ ចេតនានៅទីនេះគឺថា ការបោះជំហាន មួយ ទោះបីជាមានលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះក៏ដោយ ក៏នឹងបង្កើតសន្ទុះថ្មីសម្រាប់ ដំណើរការដែលនាំទៅដល់ដំណោះស្រាយរដ្ឋពីរ"។
ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកថា ប្រការដ៏សំខាន់ក្នុងបរិបទសន្តិសុខបច្ចុប្បន្ននៅមជ្ឈិមបូព៌ា គឺភាគីនានាមានជម្រើសយ៉ាងតិចតួចបំផុត សូម្បីតែគ្មានជម្រើសណាដ៏យូរអង្វែងនិង ប្រកបដោយចីរភាពជាង ដើម្បីអាចជំនួសឲ្យ ដំណោះស្រាយរដ្ឋពីរសម្រាប់អ៊ីស្រាអែលនិង ប៉ាឡេស្ទីននោះឡើយ។
“អ្នកដែលប្រឆាំងត្រូវតែឆ្លើយបានសំណួរជាមូលដ្ឋានថា៖ តើដំណោះស្រាយ ជំនួសជាអ្វី? តើវាជាសេណារីយ៉ូរដ្ឋតែមួយ ដែលប្រជាជនប៉ាឡេស្ទីនត្រូវគេបដិសេធ សិទ្ធិជាមូលដ្ឋានទាំងអស់ដែរឬទេ? តើរឿងនេះអាចកើតឡើងក្នុងសតវត្សទី ២១ បាន ទេ? ពេលនោះ នឹងគ្មានសន្តិភាព និងយុត្តិធម៌ទេ ហើយយើងត្រូវតែបញ្ជាក់ឱ្យច្បាស់ថា រដ្ឋសម្រាប់ប៉ាឡេស្ទីនគឺជាសិទ្ធិមួយ មិនមែនជារង្វាន់នោះទេ”។
មិនមែនជាភារកិច្ចងាយស្រួល
ការដែលប្រទេសលោកខាងលិចជំរុញការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានទទួលការគាំទ្រពីប្រទេសជាច្រើនដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan បានអំពាវនាវឱ្យប្រទេស ទាំងអស់ធ្វើតាមគំរូនៃប្រទេសលោកខាងលិច ហើយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ក៏បាននិយាយផងដែរថា ចលនា ការទូតគាំទ្រប៉ាឡេស្ទីនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គឺជាការអំពាវនាវឱ្យអង្គការសហ ប្រជាជាតិផ្តល់សមាជិកភាពពេញលេញដល់ប៉ាឡេស្ទីន។
ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍បានវាយតម្លៃថា នេះមិនមែនជាភារកិច្ចងាយស្រួលសម្រាប់ប៉ាឡេស្ទីននោះទេ។ អ្នកជំនាញ Victor J.Willi នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាមជ្ឈិមបូព៌ារបស់ស្វីស (MEIS) បានចាត់ទុកថា ក្នុងរលក នៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយបណ្ដាប្រទេសលោកខាងលិចក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មានប្រទេសមួយចំនួនបានធ្វើសកម្មភាព ដោយសារកត្តាសីលធម៌ និងឧត្តមគតិប៉ុណ្ណោះ ខណៈដែលប្រទេសខ្លះទៀតធ្វើសកម្មភាពដោយសម្ពាធក្នុងស្រុក ប៉ុន្តែបញ្ហាប្រឈម ដ៏ធំបំផុតគឺថា តើប្រទេសខាងលើនឹងធ្វើសកម្មភាពបន្ទាប់ទៀតយ៉ាងដូចម្ដ៉េចដើម្បីការពារ ផលប្រយោជន៍របស់រដ្ឋប៉ាឡេស្ទីន ជាពិសេសក្នុងករណីមានជម្លោះផលប្រយោជន៍ ជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តលេខ ១ របស់អ៊ីស្រាអែល ហើយនៅតែ ប្រឆាំងនឹងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ អ្នកជំនាញ Victor J.Willi បានវាយតម្លៃថា៖
"នេះគឺជាការផ្លាស់ប្តូរដែលមានលក្ខណៈនិមិត្តរូប ហើយអាចជះឥទ្ធិពលផ្នែក យុត្តិធម៌បន្តិច ប៉ុន្តែបើនិយាយពីតុល្យភាពអំណាច ឬបញ្ហាធំជាងនេះ រឿងនេះមិន ផ្លាស់ប្តូរច្រើននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រហែលជាក្នុងរយៈពេលវែង ពី ១០ ទៅ ២០ ឆ្នាំខាងមុខ ប្រវត្តិវិទូនឹងពិនិត្យមើលឡើងវិញ ហើយវាយតម្លៃថា នេះពិតជា ពេលវេលាដែលនាំទៅដល់កំណើតនៃរដ្ឋប៉ាឡេស្ទីន”។
ក្តីបារម្ភដ៏ធំរបស់ប្រទេសលោកខាងលិចដែលទើបតែទទួលស្គាល់រដ្ឋប៉ាឡេស្ទីនគឺការព្រមានសងសឹកពីអ៊ីស្រាអែល។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មន្ត្រីអ៊ីស្រាអែលជាច្រើនបានគំរាមកំហែងជាសាធារណៈថា គេនឹងច្របាច់បញ្ចូលតំបន់ West Bank ដែល បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន ចូលក្នុងទឹកដីអ៊ីស្រាអែល។ សេណារីយ៉ូនេះអាចបណ្ដាលឲ្យវិបត្តិនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ