ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន និងភរិយា (រូបថត៖ VOV)

ដំណើរទស្សនកិច្ចនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងបន្តអះអាង ថា វៀតណាមជាសមាជិកសកម្ម ម្ចាស់ការ មានទំនួនខុសត្រូវ ក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

ពង្រីកតួនាទីរបស់សភាក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់

ដោយប្រធានបទ "សភានៅខ្សែជួរមុខ សម្រាប់អាស៊ានមួយមានកំណើនប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព" AIPA-៤៦ ផ្តោតលើខ្លឹមសារដូចជា៖ តួនាទីរបស់សភាក្នុងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព; ផ្លាស់ប្តូរបទពិសោធន៍លើក្របខណ្ឌច្បាប់ និងយន្តការត្រួតពិនិត្យ ដើម្បីគាំទ្រដល់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព; ពង្រឹងសមត្ថភាពសភាក្នុងការចាប់យកឱកាស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម; ជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងសភា និងអង្គការនយោបាយសង្គម វិស័យឯកជន អ្នកប្រាជ្ញ ដោយអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥; បង្កើតអនុសាសន៍លើការកែលម្អគោលនយោបាយ និងគំនិតផ្តួចផ្តើមផ្លូវច្បាប់ ដើម្បីលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានឲ្យដឹងថា៖ “ម៉ាឡេស៊ីបានជ្រើសរើសប្រធានបទ “សភានៅខ្សែជួរមុខសម្រាប់អាស៊ានមានកំណើនប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព” ដោយមានបំណងថា AIPA នឹងបន្តពង្រីកតួនាទីរបស់សភាក្នុងការជំរុញការតភ្ជាប់ក្នុងតំបន់ លើកកម្ពស់សំឡេងរបស់ប្រជាជន បង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខ្លឹមសារសម្រាប់លើកមកពិភាក្សាក៏បាន ផ្តោតលើកិច្ចសហប្រតិបត្តិការអនុតំបន់ សន្តិសុខស្បៀង ធនធានទឹក ការពារបរិស្ថាន និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី”។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA ចូលរួមពិធីបើក និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងសម័យប្រជុំពេញអង្គលើកទី ១ រួមជាមួយនឹងកិច្ចប្រជុំទ្វេភាគីផងដែរ។ ប្រការនេះបានអះអាងនូវតួនាទីសកម្ម និងការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងសកម្មភាពសភាក្នុងតំបន់ ជំរុញការពិភាក្សា និងតម្រង់ទិសលទ្ធផលនៃ AIPA ៤៦ និងពង្រីកទំនាក់ទំនងជាមួយសភានៃប្រទេសនានាជុំវិញពិភពលោក។ ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh បានអះអាងថា៖ “ដំណើរទស្សនកិច្ចនេះមានសារសំខាន់ បញ្ជាក់ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសពហុភាគី ពិពិធកម្ម ម្ចាស់ការ និងការទទួលខុសត្រូវ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀត ណាមបន្តបង្ហាញគោលនយោបាយការបរទេសយ៉ាងខ្ជាប់ខ្ជួន ផ្តល់អាទិភាពលើ ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជំរុញទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង និងមានបំណងចង់រួមចំណែកកាន់តែខ្លាំងឡើងក្នុងបញ្ហាតំបន់ និងអន្តរជាតិ”។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិននិងភរិយា ថតរូបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari Bin Abdul និងភរិយា នៅពេលថ្នាក់ដឹកនាំសភាជាន់ទាបម៉ាឡេស៊ី មកបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ (ប្រភព៖ Quochoi.vn)

អនុវត្តជាក់ស្តែងនូវទំនាក់ទំនងទ្វេភាគី

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី ប្រធានរដ្ឋ សភាលោក ត្រឹន ថាញ់ មិន នឹងមានជំនួបពិភាក្សាសំខាន់ៗជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ប្រធានសភាជាន់ទាបម៉ាឡេស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតនៃប្រទេសម៉ាឡេស៊ី។ នេះមិនត្រឹមតែជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរក្នុងការបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងពង្រីកកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសំខាន់ៗ និងប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ឯកអគ្គរដ្ឋទូត លោក Dinh Ngoc Linh ជឿជាក់ថា៖ “នេះគឺជាដំណាក់កាលដែលយើងត្រូវក្តាប់ជាប់សម្រាប់កិច្ចសហប្រតិបត្តិការ បង្កើតលក្ខខណ្ឌអំណោយផល ជាពិសេសលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរមានលក្ខខណ្ឌ និងទំនាក់ទំនងកាន់តែច្រើន ចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច ដែលជាវិស័យមួយមានសក្កានុពលជាច្រើន។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ ១០,៦៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទាំងនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសទាំងពីរក្នុងការសម្រេចឱ្យបានឆាប់នូវគោលដៅដែលបានកំណត់ ជាពិសេសក្នុងវិស័យដែលភាគីទាំងពីរចាប់អារម្មណ៍ និងមានគោលនយោបាយឈានមុខគេ ដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងឧស្សាហកម្មហាឡាល”។

ដំណើរទស្សនកិច្ចនេះមានសារសំខាន់ បញ្ជាក់ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសពហុភាគី ពិពិធកម្ម ម្ចាស់ការ និងការទទួលខុសត្រូវ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ ដំណើរទស្សនកិច្ចនេះរួមចំណែកក្នុងការអនុវត្តជាក់ស្តែងនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងរវាងវៀតណាមនិងម៉ាឡេស៊ីនាពេលថ្មីៗនេះ ហើយទន្ទឹមនឹងនោះក៏បង្ហាញការគាំទ្រដល់ម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥។ តាមរយៈនោះ វៀតណាមបន្តបង្ហាញនូវគោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់ខ្លួន ផ្តល់អាទិភាពលើការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជំរុញទំនាក់ទំនងមិត្តភាពជាមួយប្រទេសជិតខាង និងមានបំណងរួមចំណែកកាន់តែសំខាន់ជាងក្នុងបញ្ហាតំបន់ និងអន្តរជាតិ៕