ប្រជាជនប៉ាឡេស្ទីនប្រមូលផ្តុំគ្នាដើម្បីទទួលអាហារពីផ្ទះបាយសប្បុរសធម៌ ខណៈពេលមានជម្លោះអ៊ីស្រាអែល-ហាម៉ាស នៅភាគខាងជើងហ្គាហ្សា នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ REUTERS/Mahmoud Issa)

នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធា ដើម្បីវាយប្រហារលើតំបន់ហ្គាហ្សា ដែលពេលនោះស្ថិតក្រោមការគ្រប់គ្រង របស់ចលនាហាម៉ាស់ សំដៅសងសឹកការវាយលុកជាបន្តបន្ទាប់របស់ក្រុមហាម៉ាស់ ពីមុន ដែលបានសម្លាប់ទាហាន និងចាប់ចំណាប់ខ្មាំងនៅតាមភូមិជាច្រើនរបស់ អ៊ីស្រាអែល។

ស្ថានភាពសោកនាដកម្ម

បន្ទាប់ពីជម្លោះរយៈពេល ២ ឆ្នាំ តំបន់ហ្គាហ្សា កំពុងមើលឃើញពីគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតដែលពិភពលោកបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ តួរលេខដែលចេញផ្សាយដោយស្ថាប័នសុខាភិបាលហ្គាហ្សា បានបង្ហាញថា គិតត្រឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ មនុស្សជាង ៦៧.០០០ នាក់បានស្លាប់ និងជិត ១៧ ម៉ឺននាក់រងរបួសដោយសារជម្លោះ ដែលប្រហែល ៨០% គឺជាជនស៊ីវិលប៉ាឡេស្ទីន ក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ។ ចំណែកខាង អ៊ីស្រាអែលវិញ ចំនួនអ្នកស្លាប់ក៏កើនឡើងដល់រាប់ពាន់នាក់ដែរ ក្នុងនោះដោយឡែកការ វាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានធ្វើឲ្យមនុស្ស ជិត ១២០០ នាក់ស្លាប់ រាប់រយនាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយចំណាប់ខ្លាំងជា ច្រើនក៏បានស្លាប់ក្នុងអំឡុងពេលជាប់ឃុំឃាំងផងដែរ។ ក្រៅពីចំនួនអ្នកស្លាប់ និងរបួស ជាច្រើន ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងនឹងអគ្គិសនី ទឹក និងសាលារៀន នៃតំបន់ហ្គាហ្សា ក៏ត្រូវបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ លើសពីនេះទៅទៀត នៅថ្ងៃទី ២២ ខែកញ្ញា អង្គការសហប្រជាជាតិបានប្រកាសអំពីគ្រោះអត់ឃ្លាននៅហ្គាហ្សា ជាកន្លែងដំបូង គេនៅមជ្ឈិមបូព៌ាដែលទទួលរងស្ថានភាពនេះ ខណៈដែលមនុស្ស ៥០ ម៉ឺននាក់បាន ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លានកម្រិត “មហន្តរាយ"។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ (រូបថត៖ REUTERS/Mike Segar)

ស្ថានភាពនៅតំបន់ហ្គាហ្សា បន្ទាប់ពីជម្លោះរយៈពេល ២ ឆ្នាំបានធ្វើឱ្យពិភពលោកទាំងមូលតក់ស្លុតយ៉ាងខ្លាំង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានប្រសាសន៍ថា៖

"អ្វីដែលកំពុងកើតឡើងនៅហ្គាហ្សាថ្ងៃនេះពិតជាគួរឱ្យរន្ធត់។ យើងកំពុងឃើញការបំផ្លិចបំផ្លាញលំនៅឋានទ្រង់ទ្រាយធំ ការបំផ្លិចបំផ្លាញជាប្រព័ន្ធនៅទីក្រុងហ្គាហ្សា ការសម្លាប់ជនស៊ីវិលតាមរបៀបដែលខ្ញុំមិនអាចចងចាំបាន នៅក្នុងជម្លោះណាមួយចាប់ តាំងពីខ្ញុំជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ មិនថាគេហៅអ្វីដែលកំពុងកើត ឡើងនាពេលបច្ចុប្បន្នយ៉ាងដូចម្ដ៉េច ការពិតគឺថា វា មិនអាចអត់ឱនបាន ទាំងខាងសីលធម៌ នយោបាយ ឬផ្លូវច្បាប់នោះឡើយ"។

ជម្លោះនៅហ្គាហ្សាក៏បាននិងកំពុងប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសសន្តិសុខក្នុងតំបន់ និងផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិយ៉ាងស៊ីជម្រៅផងដែរ។ ក្នុងឆ្នាំទីពីរនៃជម្លោះ អំពើហិង្សាពីតំបន់ហ្កាហ្សាបានបញ្ឆេះភ្លើងជម្លោះដ៏ធ្ងន់ធ្ងរដទៃទៀតនៅមជ្ឈិមបូព៌ា។ នៅកម្រិតពិភពលោក ការមិនពេញចិត្តនឹងគោលនយោបាយដ៏តឹងតែង របស់អ៊ីស្រាអែល ក៏ដូចជាសោកនាដកម្មមនុស្សធម៌នៅតំបន់ហ្គាហ្សា ក៏បានបណ្តាល ឱ្យសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន របស់អ៊ីស្រាអែល ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយរុញច្រានអ៊ីស្រាអែលចូលទៅក្នុងភាពឯកោ។ អ្នកជំនាញ Sanam Vakil នាយិកា កម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នៅ វិទ្យាស្ថាន Chatham House (អង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖

"ផលវិបាកនៃវិធីអភិក្រមរបស់អ៊ីស្រាអែល តាមបែបយោធា មិនធ្វើសប្បទាន និងមិនច្បាស់ថាពេលណានឹងបញ្ចប់ គឺជាការវាយបក ដែលអ៊ីស្រាអែលកំពុងទទួលរង ទាំងកម្រិតតំបន់ និងអន្តរជាតិ ដែលអ៊ីស្រាអែលត្រូវគេដាក់ឲ្យនៅឯកោជាងពេល ណាៗទាំងអស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក"។

ជំរំតង់របស់ជនប៉ាឡេស្ទីននៅតំបន់ Mawasi នៃ Khan Younis នៅភាគខាងត្បូងហ្គាហ្សា នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Ramadan Abed)

ពន្លឺនៅចុងផ្លូវរូងក្រោមដី

នៅពេលដែលជម្លោះហ្គាហ្សា ឈានដល់ឆ្នាំទីបី សម្ពាធ នៃការបញ្ចប់ជម្លោះជាបន្ទាន់ក៏កាន់តែធ្ងន់ធ្ងរឡើងចំពោះភាគីទាំងអស់។ នៅសហរដ្ឋអាមេរិក និងប្រទេសជា ច្រើននៅអឺរ៉ុបដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីស្រាអែល កំហឹងរបស់សាធារណៈជនចំពោះ សោកនាដកម្មមនុស្សធម៌នៅហ្គាហ្សា កាន់តែកើនឡើង ដែលបង្កឲ្យមានហានិភ័យនៃ ភាពចលាចលក្នុងសង្គមនៅប្រទេសទាំងនេះ ហើយបង្ខំឱ្យរដ្ឋាភិបាលត្រូវជ្រៀតជ្រែក កាន់តែខ្លាំងដើម្បីស្វែងរកដំណោះស្រាយសម្រាប់តំបន់ហ្គាហ្សា។ សូម្បីតែនៅក្នុង ប្រទេសអ៊ីស្រាអែលផងដែរ បាតុកម្មទាមទារឱ្យរដ្ឋាភិបាលឆាប់សម្រេចបានកិច្ច ព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស់ និងបញ្ចប់ជម្លោះក៏បានកើត ឡើងក្នុងទ្រង់ទ្រាយកាន់តែធំ ខណៈដែលមជ្ឈដ្ឋានអ្នកនយោបាយ និងអ្នកប្រាជ្ញ អ៊ីស្រាអែល ក៏បានបញ្ចេញសំឡេងដោយចាត់ទុកថា អ្វីដែលកំពុងកើតឡើងនៅ ហ្គាហ្សាបានឆ្លងកាត់ "ខ្សែបន្ទាត់ក្រហម" ជាច្រើនទាក់ទងនឹងសីលធម៌ និងផ្លូវច្បាប់។ នៅក្នុងបរិបទនោះ កាលពីថ្ងៃទី ២៩ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការសន្តិភាព ២០ ចំណុចសម្រាប់តំបន់ហ្គាហ្សា ដោយផ្តោត លើការដកខ្លួនចេញពីតំបន់ហ្គាហ្សារបស់កងទ័ពអ៊ីស្រាអែល ការរំសាយអាវុធរបស់ ក្រុមហាម៉ាស់និងប្រគល់សិទ្ធិគ្រប់គ្រងបណ្តោះអាសន្នលើតំបន់ហ្គាហ្សាទៅឱ្យគណៈ កម្មាធិការសន្តិភាពអន្តរជាតិ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ប្រកាសថា ប្រសិនបើភាគីនានាយល់ព្រមលើកិច្ចព្រមព្រៀងនោះ បទឈប់បាញ់នឹង ចូលជាធរមានភ្លាមមួយរំពិចនៅហ្គាហ្សា ហើយការកសាងឡើងវិញតំបន់ដីនេះលើ គ្រប់ជ្រុងជ្រោយ អាចចាប់ផ្តើម។

ទោះបីជានៅតែមានការប្រុងប្រយ័ត្នក៏ដោយ ប៉ុន្តែប្រតិកម្មដំបូងពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏កំពុងនាំមកនូវក្តីសង្ឃឹមសម្រាប់ "ពន្លឺនៅចុងផ្លូវរូងក្រោមដី" ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា។ ក្នុងរយៈពេលខាងមុខនេះ ភាគីអ៊ីស្រាអែលបានយល់ព្រម លើខ្សែបន្ទាត់ដំបូងសម្រាប់ការដកទ័ព ចេញពីហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់ក៏ បានយល់ព្រមលើចំណុចសំខាន់ៗមួយចំនួន រួមទាំងបញ្ហានៃការដោះលែងចំណាប់ ខ្មាំងផងដែរ។ កាលពីថ្ងៃទី៦ ខែតុលា តំណាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក៏បានបើក ការចរចាដោយប្រយោលនៅរដ្ឋធានីគែររបស់អេហ្ស៊ីប ស្តីពីផែនការសន្តិភាពចំនួន២០ ចំណុច ដោយបើកចេញឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពកាន់តែធំក្នុងរយៈ ពេលប៉ុន្មានថ្ងៃខាងមុខ៕