នាយទាហាននៃកងវិស្វកម្មលេខ ១ និងកងពេទ្យកម្រិត ២ លេខ៤ របស់វៀតណាម ត្រៀមចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅខែមេសា ឆ្នាំ ២០២២។ (រូបថត៖ Trong Duc/VNA) |
ជាង ៧ ទសវត្សរ៍ដែលវៀតណាមរួមដំណើរជាមួយក្រុមប្រឹក្សាសន្តិភាពពិភពលោក
ក្រុមប្រឹក្សាសន្តិភាពពិភពលោកនិងវៀតណាមមានទំនាក់ទំនងប្រវត្តិសាស្ត្រពិសេស។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅឆ្នាំ ១៩៤៩។ ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ ក្រុមប្រឹក្សាសន្តិភាពពិភពលោកជានិច្ចកាលរួមដំណើរជាមួយវៀតណាម សាមគ្គីនិងជួយគាំទ្រវៀតណាមក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ចាប់តាំងពីការតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ ឯកភាពនិងបូរណភាពទឹកដី រហូតដល់បុព្វហេតុកសាង និងការពារមាតុភូមិនាសព្វថ្ងៃផងដែរ។ វៀតណាមតែងតែជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក។ នេះជាហេតុផលដែលក្រុមប្រឹក្សាសន្តិភាពពិភពលោកបានជ្រើសរើសវៀតណាមជាប្រទេសម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី២២។ លោក Uong Chu Luu ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមបានបញ្ជាក់ថា៖
“ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោកត្រូវបានទទួលស្គាល់ដោយមិត្តភក្តិអន្តរជាតិនិងសមាជិកក្រុមប្រឹក្សា។ ទីពីរ វៀតណាមជាប្រទេសដែលមានសន្តិភាព ស្ថិរភាព កំពុងផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ ប្រជាជនវៀតណាមមានប្រពៃណីស្នេហាជាតិ គោរពស្រឡាញ់សន្តិភាព ហើយមានភាពរួសរាយរាក់ទាក់និងស្មោះត្រង់”។
វៀតណាមផ្ញើសារអំពីតម្លៃនៃសន្តិភាពនិងសាមគ្គីភាពអន្តរជាតិ
ប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានបង្ហាញពីឋានៈ និងតួនាទីក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ព្រមទាំងចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងសកម្មភាពនានារបស់ក្រុមប្រឹក្សា។ សកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ជួយជ្រោមជ្រែងចំពោះសេចក្ដីអំពាវនាវទីក្រុង Stockholm ស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ; ចូលរួមយ៉ាងសកម្មក្នុងវេទិកាប្រឆាំងអាវុធនុយក្លេអ៊ែរនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក… ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការសន្តិភាពវៀតណាមបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ។ ប្រទេសវៀតណាមក៏មានកិត្តិយសដោយត្រូវបានក្រុមប្រឹក្សាសន្តិភាពពិភពលោក បង្កើតរង្វាន់ហូជីមិញដើម្បីប្រគល់ជូនសកម្មជនសន្តិភាព និងយុទ្ធជនសន្តិភាព។ ឧទាហរណ៍ នៅឆ្នាំ១៩៨០ រង្វាន់នេះត្រូវបានប្រគល់ជូនមេដឹកនាំនៃចលនាសន្តិភាពនៅប៉ាឡេស្ទីន ណាមីប៊ី និងអាហ្រ្វិកខាងត្បូង។ ប្រការនេះបានបញ្ជាក់ពីសំឡេង តួនាទី និងកិត្យានុភាពរបស់វៀតណាម និងរបស់គណៈកម្មាធិការសន្តិភាពវៀតណាមចំពោះក្រុមប្រឹក្សាសន្តិភាពពិភពលោក។
ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu។ (រូបថត៖Van Diep/VNA) |
ការរៀបចំមហាសន្និបាតក្រុមប្រឹក្សាសន្តិភាពពិភពលោកលើកនេះ គឺជាទំនួលខុសត្រូវ និងជាកិត្តិយសដ៏ធំធេងរបស់វៀតណាមនិយាយរួម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ព្រមទាំងជាឱកាសដើម្បីឲ្យវៀតណាមឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ ប្រពៃណីនៃការតស៊ូ ការពារឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ ការតស៊ូរំដោះជាតិ ក៏ដូចជាសមិទ្ធិផលនានាក្នុងការផ្លាស់ប្ដូរថ្មីប្រទេសជាតិផងដែរ។ ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu បានសង្កត់ធ្ងន់ថា៖
“តាមរយៈមហាសន្និបាតលើកនេះ យើងចង់ផ្ញើជូនមិត្តភក្តិអន្តរជាតិនូវសារ និងរូបភាពនៃប្រទេសវៀតណាម ជាពិសេសក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មីនាបច្ចុប្បន្ន។ យើងក៏ចង់ណែនាំដល់មិត្តភក្តិអន្តរជាតិអំពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព និងការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមចំពោះសកម្មភាពរបស់ក្រុមប្រឹក្សានិយាយដោយឡែក និងចលនាសន្តិភាពពិភពលោកនិយាយរួម។ នេះក៏ជាឱកាសដើម្បីឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសជំនាន់យុវជនអំពីតួនាទី និងតម្លៃនៃសន្តិភាពចំពោះបុព្វហេតុកសាង និងការពារប្រទេសវៀតណាម ដើម្បីមើលឃើញថា សាមគ្គីភាពអន្តរជាតិ និងការគាំទ្ររបស់មិត្តភក្តិអន្តរជាតិក៏ជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលបានបង្កើតឡើងជ័យជំនះនៃបដិវត្តន៍វៀតណាម”។
សព្វថ្ងៃនេះ និយមន័យនៃការការពារ ថែរក្សាសន្តិភាព ត្រូវបានយល់យ៉ាងទូលំទូលាយជាងមុន។ សន្តិភាពមិនត្រឹមតែជាគ្មានសង្រ្គាមប៉ុណ្ណោះទេ សន្តិភាពក៏រួមបញ្ចូលខ្លឹមសារអំពីការអភិវឌ្ឍ បរិស្ថាន សិទ្ធិមនុស្ស យុត្តិធម៌និងភាពត្រឹមត្រូវផងដែរ។ ពីការយល់ដឹងនោះ វៀតណាមបាននិងកំពុងចូលរួមយ៉ាងស៊ីជម្រៅថែមទៀត ដូចសារក្នុងមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកឆ្នាំ ២០២២៖ នោះគឺជាសាមគ្គីភាពអន្តរជាតិ ការរួមដៃគ្នាធ្វើសកម្មភាពដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


