លោក Vinnie Lauria ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Ventures។ (រូបថត៖ baodautu.vn)

វៀតណាមគឺជា "គោលដៅល្អ" សម្រាប់លំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់

បណ្ដាមូលនិធិវិនិយោគបានសន្យាបណ្ដាក់ទុនចូលមកការចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្តន៍របស់វៀតណាម ជាមួយនឹងដើមទុនកាន់តែកើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ចាប់ពី ៤២៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ឡើងដល់ ៨១៥ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ហើយក្នុងដំណាក់កាល ២០២០ - ២០២២ តួលេខនេះឡើងដល់ជិត ២ ពាន់លានដុល្លារអាមេរិក។ សន្ទុះកំណើននេះត្រូវបានគេរំពឹងថា នឹងបន្តក្នុងឆ្នាំ ២០២៣។ លោក Vinnie Lauria ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Ventures បានសង្កត់ធ្ងន់ថា កត្តាដែលធ្វើឱ្យ វៀតណាមក្លាយជាចំណុចលេចធ្លោក្នុងការទាក់ទាញទុនវិនិយោគ រួមមានស្ថិរភាពនយោបាយ កម្លាំងពលករវ័យក្មេងនិងមានកម្រិតអប់រំខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន ជំនាញឌីជីថល និងសមត្ថភាពនវានុវត្តន៍។ ល។ វៀតណាមជា "គោលដៅល្អ" សម្រាប់លំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រកបដោយគុណភាពខ្ពស់ (FDI) នៅពេលដែលសហគ្រាសអន្តរជាតិធំៗកំពុងស្វែងរកឱកាសវិនិយោគដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើទីផ្សារចិនផងដែរ។ លោក Vinnie Lauria បានបញ្ជាក់ថា៖

“ល្បឿននៃការអភិវឌ្ឍនវានុវត្តន៍របស់វៀតណាមគឺលឿនណាស់ ជាពិសេសទីផ្សារបច្ចេកវិទ្យារបស់វៀតណាម។ ជាមួយនឹងល្បឿនកំណើនក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ នាពេលខាងមុខ វៀតណាមនឹងមានឱកាសជាច្រើនពីមូលដ្ឋានគ្រឹះដែលមានស្រាប់ ដូចជាការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃ-ផលិត។ ក្រុមហ៊ុនបច្ចេកវិជ្ជាសកលយក្ស មួយចំនួនបានមកបង្កើតក្រុមហ៊ុននៅវៀតណាមដូចជា៖ Google, Intel, Amazon, Samsung... ប្រការនេះបានបង្កើតឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ សហគ្រាស និងសកម្មភាពចាប់ផ្តើមអាជីវកម្មផ្នែកនវានុវត្តន៍”។

វៀតណាមមានសកម្មភាពខ្លាំងក្លាដើម្បីជំរុញនវានុវត្តភាព

វៀតណាមមានទីផ្សារក្នុងស្រុកដ៏ក្មេង ស្វាហាប់ ជាមួយនឹងទេពកោសល្យបច្ចេកវិទ្យាធំៗ និងការច្នៃប្រឌិតដោយឥតឈប់ឈរ ដូច្នេះហើយបានក្លាយជាអាស័យដ្ឋានទាក់ទាញសម្រាប់លំហូរទុនវិនិយោគនៃការចាប់ផ្តើមអាជីវកម្មនៅតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍របស់ក្រុមហ៊ុន Golden Gate Ventures ដែលមានចំណងជើងថា "ត្រីកោណមាសនៃការចាប់ផ្ដើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍" បានកត់សម្គាល់ថា “ការបំពេញឲ្យគ្នាទៅវិញទៅមក” នៃទីផ្សារសិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម នឹងបើកឱកាសសម្រាប់ការបង្កើនលំហូរទុនវិនិយោគនៃតំបន់។ របាយការណ៍នេះបានគូសបញ្ជាក់ថា វៀតណាមបានបង្ហាញឲ្យឃើញនូវការគួបផ្សំដ៏ល្អឥតខ្ចោះ រវាងទេពកោសល្យ បច្ចេកវិទ្យាកំពូល វប្បធម៌ចាប់ផ្តើមអាជីវកម្មដែលមានស្រាប់ និងទីផ្សារក្នុងស្រុកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ កត្តាទាំងនេះរួមបញ្ជូលគ្នា បានពន្យល់ពីមូលហេតុដែលវិនិយោគិន
សកលកាន់តែច្រើន កំពុងភ្នាល់ធំលើវៀតណាម។

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung។ (រូបថត៖ MPI)

ដោយមានគោលដៅរួមចំណែកបន្ទះភ្លឺក្នុងផ្ទាំងរូបភាពសេដ្ឋកិច្ចសកល ហើយលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិនោះ វៀតណាមកំពុងមានគោលជំហរនិងសកម្មភាពជាច្រើនដើម្បីជំរុញនវានុវត្តនភាព។ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ វៀតណាមជា “គោលដៅល្អ” សម្រាប់លំហូរទុន FDI ប្រកបដោយគុណភាពខ្ពស់ នៅពេលដែលសហគ្រាសអន្តរជាតិធំៗកំពុងស្វែងរកឱកាសវិនិយោគដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ។

“មូលនិធិវិនិយោគ និងសហគ្រាសនវានុវត្តន៍ នឹងជាដៃគូសំខាន់របស់រដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាដើម្បីចែករំលែក ជួយគាំទ្រ និងរួមចំណែកគំនិតក្នុងការតាក់តែងគោលនយោបាយស្ដីពីការវិនិយោគលើវិស័យចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ហើយជួយវៀតណាមមានបរិយាកាសអាជីវកម្មកាន់តែទាក់ទាញក្នុងតំបន់និងលើពិភពលោក។ នាពេលខាងមុខ ក្រសួងផែនការ និងវិនិយោគនឹងស្រាវជ្រាវនិងរាយការណ៍អំពីលទ្ធភាពកសាងច្បាប់ស្តីពីការវិនិយោគប្រកបដោយ ហានិភ័យ ហើយស្នើយន្តការបង្កើតមូលនិធិសម្រាប់ជួយទ្រទ្រង់នវានុវត្តនភាព ដែលកៀគរពីមូលធនសង្គម មិនប្រើប្រាស់ថវិការដ្ឋទេ ជាមួយនឹងគោលដៅជួយទ្រទ្រង់យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគម្រោងចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ដែលមានសក្តានុពល”។

នាបច្ចុប្បន្ន មូលនិធិវិនិយោគរបស់វៀតណាមបានជួយទ្រទ្រង់គ្រប់ជ្រុងជ្រោយសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មលើផ្នែកជំនួយហិរញ្ញវត្ថុ ចំណេះដឹង សមត្ថភាពប្រតិបត្តិការ ការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មនៃផលិតផល រួមចំណែកបង្កើតឡើងតម្លៃលេចធ្លោសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរបស់វៀតណាមនៅពេលឈានដល់ទីផ្សារអន្តរជាតិ ក៏ដូចជាជួយឲ្យប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្ដើមអាជីវកម្មនវានុវត្តន៍ជាតិ កាន់តែស្វាហាប់ ទាក់ទាញ និងមានគុណភាពថែមទៀត៕