នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA) |
វិនិយោគិនជាច្រើនក៏បានប្តេជ្ញាវិនិយោគរាប់សិបពាន់លានដុល្លារអាមេរិកនៅវៀតណាមផងដែរ។ ប្រការនេះបានបញ្ជាក់ពី ទំនុកទុកចិត្តរបស់វិនិយោគិនបរទេសចំពោះវៀតណាមបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីនិន្នាការទូទៅនៃការស្ដារឡើងវិញ និងកំណើនសេដ្ឋកិច្ចវៀតណាម។
ទាក់ទាញប្រភពទុនយ៉ាងច្រើនទៅក្នុងគ្រប់វិស័យ
ទីក្រុង Da Nang មានទីតាំងស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម ហើយមានលក្ខខ័ណ្ឌអំណោយផលជាច្រើនអំពីបច្ចេកវិទ្យាព័ត៌មាន និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ កម្លាំងពលករវ័យក្មេងមានសមត្ថភាព និងសម្បូរហូរហៀរ ហើយមានទីតាំងអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងព្រមៗគ្នា។ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ទីក្រុង Da Nang បានឈ្នះពានរង្វាន់ទីក្រុងឆ្លាតវៃជាប់ៗគ្នា។ បច្ចុប្បន្ន ទីក្រុង មានបុគ្គលិកផ្នែកព័ត៌មានវិទ្យាចំនួន ៤៤ ០០០ នាក់ ហើយជិតពាក់កណ្តាលជាអ្នកសរសេរកម្មវិធីនៃសហគ្រាសឌីជីថលចំនួន ២៤ ០០០ អង្គភាព។ យោងតាមប្រធានសម្ព័ន្ធក្រុមហ៊ុន FPT Technology លោក Truong Gia Binh បានឲ្យដឹងថា ទីក្រុង Da Nang កាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនបច្ចេកវិទ្យាពិភពលោក ហើយមុខព្រួញជាយុទ្ធសាស្ត្រមួយគឺ Da Nang ត្រូវតែក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម មជ្ឈមណ្ឌលសាកពិសោធន៍បច្ចេកវិទ្យាថ្មីៗ និងជា មជ្ឈមណ្ឌលអភិវឌ្ឍន៍ហ្គេមដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លោកបានឲ្យដឹងថា៖ "ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង Da Nang ក៏បានផ្លាស់ប្តូរជាច្រើនផងដែរ។ អ្នកជំនាញអន្តរជាតិមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមកទីក្រុង Da Nang ។ ការនាំចេញកម្មវិធីផ្នែកទន់របស់ Da Nang សម្រេចបាន ១០០ លានដុល្លារអាមេរិក ហើយកើនឡើងជាបន្តបន្ទាប់ជាមួយនឹងតួលេខពីរខ្ទង់។ សហគ្រាសបច្ចេកវិទ្យាព័ត៌មានរបស់ទីក្រុង Da Nang បានស្រូបយក ៨,២% នៃ GRDP ផងដែរ"។
បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនមានវត្តមាននៅទីក្រុង Da Nang ដូចជា Sumitomo Corporation របស់ជប៉ុន សម្ព័ន្ធក្រុមហ៊ុន Adani Ports & SEV របស់ឥណ្ឌា។ នៅក្នុងវេទិកាវិនិយោគទីក្រុង Da nang នាពេលថ្មីៗនេះ ប្រធាន សម្ព័ន្ធក្រុមហ៊ុន Adani Ports & SEV លោក Sandeep Mehta បាននិយាយថា លោកគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លាអាមេរិកនៅវៀតណាមលើវិស័យកំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងពេលនោះ លំហូរទុន FDI ក៏បានហូរចូលយ៉ាងគំហុកទៅកាន់ខេត្តភាគខាងត្បូងនាប៉ុន្មានខែដើមឆ្នាំ ២០២២ ដែលស្រូបយក ៨៨% នៃដើមទុនចុះបញ្ជីសរុប។ លើសពីនេះ ទៅទៀត តំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងក៏នាំមុខក្នុងប្រទេសអំពីដើមទុនចុះបញ្ជីថ្មីនៃគម្រោងរោងចក្រកែច្នៃ និងផលិតកម្មផងដែរ។ ជាក់ស្ដែង ទីក្រុង Tay Ninh បានផ្តល់វិញ្ញាបនបត្រវិនិយោគដល់ក្រុមហ៊ុន Libra International Investment (មានទីស្នាក់ការនៅសិង្ហបុរី) ជាមួយនឹងគម្រោងផលិតក្រណាត់លំដាប់ខ្ពស់នៅក្នុងមណ្ឌលឧស្សាហកម្ម Thanh Cong ដែលមានតម្លៃ ២១០ លានដុល្លារអាមេរិកជាដើម។
ក្នុងពេលនោះ បើទោះបីជាមិនសូវមានគម្រោងចុះបញ្ជីថ្មីក្នុងរយៈពេល ៣ ខែដើមឆ្នាំក៏ដោយប៉ុន្តែ តំបន់សេដ្ឋកិច្ចពិសេសភាគខាងជើងបានបំពេញបន្ថែមដើមទុនកែសម្រួលមួយចំនួនធំពីគម្រោងដែលកំពុងដំណើរការនៅលើទីផ្សារ។ តួរយ៉ាងគឺ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនគរ និងសេវាកម្ម VSIP ដែលត្រូវបានសិង្ហបុរី កែសម្រួលទុនវិនិយោគជិត ៩៤១ លានដុល្លារអាមេរិក។ លើសពីនេះទៅទៀត ហុងកុង (ចិន) បានកែសម្រួលបង្កើនទុនវិនិយោគជិត ៣០៦ លានដុល្លារអាមេរិកនៅរោងចក្រ Goertek Vina ដើម្បីជំរុញការផលិតឧបករណ៍អេឡិចត្រូនិកជាដើម។
ការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាម
ក្នុងវេទិកាវិនិយោគទីក្រុង Da Nang ឆ្នាំ ២០២២ ក្រោមការធ្វើសាក្សីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh គម្រោងរាប់សិបត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ (រូបថត៖ VNA) |
នាពេលថ្មីៗនេះ វៀតណាមត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកជំនាញវាយតម្លៃខ្ពស់ជាបន្តបន្ទាប់អំពីកម្រិតកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ស្ថិរភាពនយោបាយ និងការស្ដារឡើងវិញយ៉ាងខ្លាំងក្លា និងរឹងមាំរបស់ខឿនសេដ្ឋកិច្ច។ យោងតាមសន្ទស្សន៍រដ្ឋាភិបាលល្អដែលចេញផ្សាយដោយវិទ្យាស្ថានអភិបាលកិច្ច Chandler (សិង្ហបុរី) នាពេលថ្មីៗនេះបានឲ្យដឹងថា ការទាក់ទាញទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣៩ ក្នុងចំណោមប្រទេសទាំង ១០៤ ដែលត្រូវបានរៀបចំណាត់ថ្នាក់ កើនឡើង ១៨ កាំ បើប្រៀបធៀបនឹងឆ្នាំ ២០២១។
ក្រៅពីកត្តាភូមិសាស្ត្រនយោបាយ ទីតាំងភូមិសាស្រ្ត ភាពរស់រវើកនៃខឿនសេដ្ឋកិច្ចនោះ ការប្តេជ្ញាចិត្តឥតងាករេ និងសារច្បាស់លាស់របស់រដ្ឋាភិបាលវៀតណាមសម្រាប់វិនិយោគិនក៏ជាមូលដ្ឋានសម្រាប់បង្កើតទំនុកទុកចិត្តសម្រាប់វិនិយោគិនមកកាន់វៀតណាមផងដែរ។ នៅក្នុងវេទិកាវិនិយោគ Da Nang ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា៖ "យើងខ្ញុំមានគោលបំណងថា សហគ្រាសបន្តវិនិយោគជាច្រើនថែមទៀត ជាមួយភាពស្មោះត្រង់ ទំនុកទុកចិត្ត និងការទទួលខុសត្រូវជាមួយគ្នា។ យើងសហការរួមគ្នាដើម្បីឈ្នះ ហើយខ្ញុំសង្ឃឹមថា លោកអ្នកនឹងរួមជាមួយយើងខ្ញុំក្នុងការសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថាលោកអ្នកនឹង រួមជាមួយយើងខ្ញុំ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ប៉ុន្តែសកម្មធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ"។
ពិតណាស់ថា ការប្រែប្រួលជាសកលកំពុងបង្កឱ្យមានលំហូរទុនវិនិយោគ ក្រុមហ៊ុនពហុជាតិបានកំណត់គោលដៅវិនិយោគ ដោយធានាតំបន់ ផលិតកម្ម។ វៀតណាម មានគុណសម្បត្តិ និងសក្តានុពលជាច្រើនដែលមានស្រាប់ រួមជាមួយគោលនយោបាយទាក់ទាញការវិនិយោគ កំពុងក្លាយទៅជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព ទាក់ទាញ ហើយមានសក្តានុពលចំពោះវិនិយោគិនបរទេស ព្រមទាំងជាគោលដៅគួរឲ្យទុកចិត្ត និងប្រកបដោយចីរភាពរបស់ពាណិជ្ជសញ្ញាធំៗផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


