ចូលរួមក្នុងគណៈប្រតិភូមាន៖ មន្ត្រីទទួលបន្ទុកមជ្ឈិមបូព៌ានៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Barbara Leaf; បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហាចំណាប់ខ្មាំង លោក Roger Carstens និងទីប្រឹក្សាជាន់ខ្ពស់ Daniel Rubinstein ទទួលបន្ទុកសកម្មភាពរបស់ក្រសួងការបរទេសអាមេរិកនៅប្រទេសស៊ីរី។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់អាជ្ញាធរអាមេរិកទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីកម្លាំងប្រឆាំងបានចូលកាន់កាប់រដ្ឋធានីដាម៉ាសនិងផ្ដួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី Bashar Al Assad នៅថ្ងៃទី ៨ ខែធ្នូ។
ជូនដំណឹងដល់អ្នកសារព័ត៌មានអំពីជំនួបផ្លូវការជាមួយមេដឹកនាំបណ្តោះអាសន្នថ្មីរបស់ស៊ីរីនៅទីក្រុងដាម៉ាសកាលពីថ្ងៃទី ២០ ធ្នូ លោកស្រី Barbara Leaf បានឲ្យដឹងថា នៅក្នុងការពិភាក្សា មេដឹកនាំប្រឆាំងនៅប្រទេសស៊ីរីបានសន្យាថា នឹងមិនអនុញ្ញាតឱ្យក្រុមភេរវជននៅក្នុងប្រទេសនេះ បង្កការគំរាមកំហែងទាំងក្នុងនិងក្រៅប្រទេសស៊ីរី។ ទាក់ទងនឹងវិធីសាស្រ្តអភិក្រមរបស់អាជ្ញាធរអាមេរិកលើបញ្ហាស៊ីរី លោកស្រី Barbara Leaf បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការនយោបាយដឹកនាំនិងគ្រប់គ្រងដោយប្រជាជនស៊ីរី សំដៅឆ្ពោះទៅរករដ្ឋាភិបាលមួយមានលក្ខណៈតំណាងនិងបរិយាប័ន្ន គោរពសិទ្ធិរបស់ប្រជាជនស៊ីរីទាំងអស់ រួមទាំងស្ត្រី ក៏ដូចជាភាពចម្រុះជាតិសាសន៍និងសហគមន៍នៃប្រទេសស៊ីរី៕
