អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានឌូម៉ាជាតិរុស្ស៊ី Vyacheslav Volodin (រូបថត៖ VOV) |
ប្រធានឌូម៉ាជាតិរុស្ស៊ី លោក Vyacheslav Volodin បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សនាពេលនេះ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម ក្នុងនោះមានបណ្តាញសហប្រតិបត្តិការសភាផងដែរ។ លោកប្រធានឌូម៉ាជាតិរុស្ស៊ី Volodin បានអះអាងថា គណបក្សនយោបាយទាំងអស់ក្នុងឌូម៉ាជាតិ សុទ្ធតែគាំទ្រវៀតណាមនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។
រីឯខ្លួនវិញ អគ្គលេខាបក្ស លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់ឌូម៉ាជាតិរុស្ស៊ីចំពោះកិច្ចសហប្រតិបត្តិការសភា វៀតណាម-រុស្ស៊ី។
លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមតែងតែគោរព និងមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយរុស្ស៊ី ដែលក្នុងនោះ បណ្តាញសភាមានតួនាទីជាក់ស្តែងក្នុងការជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ភាគីទាំងពីរគួរតែបន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញត្តិ និងសុក្រិតក្របខ័ណ្ឌច្បាប់; ជំរុញការដកចេញនូវរបាំងនីតិវិធី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្នុងការរស់នៅ សិក្សា និងធ្វើការនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក។
ក្នុងឱកាសនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញលោកប្រធាន Volodin មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗខាងមុខ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងរដ្ឋសភាវៀតណាម និងឌូម៉ាជាតិរុស្ស៊ី (គ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២៥)៕

