ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដោយវាយតម្លៃថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងបារាំងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទីក្រុងឆ្លាតវៃ កសិកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការត្រីភាគី។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ រូបថត៖ Le Tuyet/VOV

រីឯខ្លួនវិញ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយបារាំង; ស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ជាពិសេសបង្កើតលក្ខខណ្ឌសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាទ្វេភាគី។ លោកប្រធានាធិបតី Macron បានឲ្យដឹងថា លោកនឹងដឹកនាំភ្នាក់ងារពាក់ព័ន្ធឱ្យបំពេញនីតិវិធីក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម; បានឲ្យដឹងថា នឹងពិភាក្សាជាមួយ EC ដោយពិចារណាលើការដកកាតលឿង IUU ចំពោះការនាំចេញជលផលរបស់វៀតណាមក្នុងពេលឆាប់ៗ។

ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ Le Tuyet/VOV

មេដឹកនាំទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសរវាងរដ្ឋសភាវៀតណាម និងសភាបារាំង និងរវាងក្រុមសមាជិកសភាមិត្តភាពវៀតណាម-បារាំង ដែលជាស្ពានដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកប្រធានាធិបតី Macron បានអះអាងថា បារាំងប្តេជ្ញាការពារសេរីភាព សុវត្ថិភាពនាវាចរណ៍ និងអធិបតេយ្យភាពរបស់បណ្តាប្រទេសដោយផ្អែកលើច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕