នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ (រូបថត៖ VGP/Nhat Bac)

ពិធីទទួលស្វាគមន៍ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅទីលាន Perdana ខាងមុខទីស្តីការនាយករដ្ឋមន្ត្រីក្នុងទីក្រុង គួរឡាឡាំពួរ។ នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអញ្ជើញនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញត្រួតកងពលកិត្តិយស។

បន្ទាប់ពីពិធីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃប្រទេសទាំងពីរ ដំណើរការកិច្ចចរចារ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាការងារខ្លីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Duong Giang/TTXVN)

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពលើគោលដៅ និងការប្តេជ្ញាចិត្តក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់ លានដុល្លារ ក្នុងរយៈពេល១ ទៅ ២ ឆ្នាំខាងមុខ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព។ ភាគីទាំងពីរបានឯកភាពជំរុញទេសចរណ៍ តភ្ជាប់វប្បធម៌ និងលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Duong Giang/TTXVN)

វៀតណាមនិងម៉ាឡេស៊ីបានអះអាងជាថ្មីនូវគោលជំហរខ្ជាប់ខ្ជួន ក្នុងការរក្សាសាមគ្គីភាព និងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពជំរុញការស្វែងរកដំណោះស្រាយសន្តិភាពនិងនិរន្តរភាពចំពោះបញ្ហាមីយ៉ាន់ម៉ា។ បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិប ត្តិការសំខាន់ៗក្នុងវិស័យការទូត ព័ត៌មាន និងអប់រំ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម អញ្ជើញជួបជាមួយសារព័ត៌មាននៃប្រទេសទាំងពីរ (រូបថត៖ Duong Giang/TTXVN)

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងទស្សនៈថា វៀតណាមជាមិត្តជិតស្និទ្ធិ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី។

នាព្រឹកថ្ងៃទី ២៥ ឧសភា នៅរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សឺន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន គណៈ កម្មការសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៩ និងសម្របសម្រួលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍អាស៊ានលើកទី ៣៦។ នារសៀលថ្ងៃស្អែក (២៦ ឧសភា) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឈូងសមុទ្រពែក្ស (GCC)៕