អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា ទាហានរដ្ឋាភិបាលរាប់រយនាក់ត្រូវបានបញ្ជាឱ្យដកខ្លួនចេញពីអាកាសយានដ្ឋានអន្តរជាតិ ដាម៉ាស ហើយផ្លាស់ប្តូរឯកសណ្ឋានទៅជាសម្លៀកបំពាក់ធម្មតាវិញ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានលោកខាងលិចជាច្រើនបានរាយការណ៍ព័ត៌មានដែលមិនបានបញ្ជាក់ថា ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បានចាកចេញពីប្រទេស។ មួយថ្ងៃមុននោះ ខុទ្ទកាល័យប្រធានាធិបតីស៊ីរីបានបញ្ជាក់ថា លោក Al-Assad នៅតែបំពេញភារកិច្ចក្នុងរដ្ឋធានីដាម៉ាស។
កងកម្លាំងឧទ្ទាមក្នុងប្រទេសស៊ីរី ដណ្តើមបានទីក្រុងដារ៉ាកាលពីថ្ងៃទី៧ ធ្នូ។ រូបថត៖ Getty |
យោងតាមសាក្សីបានឱ្យដឹងថា ស្នូរកាំភ្លើងជាច្រើនបានផ្ទុះឡើងពាសពេញទីក្រុង ខណៈដែលចរាចរណ៍មានភាពកកស្ទះ ដោយសារប្រជាជនប្រើប្រាស់រថយន្តដើម្បីចាកចេញពីរដ្ឋធានី។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត នាថ្ងៃទី ៧ ខែធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគី បានឯកភាព អំពាវនាវឱ្យបញ្ឈប់អរិភាពនៅក្នុងប្រទេសស៊ីរី និងលើកសំណើរធ្វើការសន្ទនានយោបាយរវាងរដ្ឋាភិបាលស៊ីរី ជាមួយក្រុមប្រឆាំងស្របច្បាប់។ ភាគីនានាសម្រេចបានឯកភាពខាងលើនៅក្នុងសន្និសិទរដ្ឋមន្ត្រីការបរទេសទម្រង់ Astana ស្តីពីប្រទេសស៊ីរី ដែលបានប្រព្រឹត្តទៅនៅខាងក្រៅវេទិកា Doha ក្នុងប្រទេសកាតា។ ប្រទេសទាំងបីបានចូលរួមក្នុងការចរចាតាមទម្រង់ Astana ចាប់តាំងពីឆ្នាំ ២០១៧មក ដើម្បីស្វែងរកដំណោះស្រាយនយោបាយសម្រាប់បញ្ហាស៊ីរី៕

