ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ រ៉យទ័រ)

បន្ទាប់ពីកិច្ចចរចារនៅប្រទេសស្វីស សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធលើទំនិញចិនពី ១៤៥% ចុះត្រឹម ៣០% ខណៈដែលចិននឹងកាត់បន្ថយពន្ធលើទំនិញរបស់អាមេរិកពី ១២៥% ចុះត្រឹម ១០%។ ការសម្រេចចិត្តនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១៤ ខែឧសភា។ ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី ១២ ខែឧសភា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានស្វាគមន៍ចំពោះការដែល ចិនបើកទ្វារទីផ្សារសម្រាប់អង្គភាពអាជីវកម្មអាមេរិក។

“យើងបានកំណត់ឡើងវិញទាំងស្រុងនូវទំនាក់ទំនងរបស់យើង ជាមួយប្រទេសចិនបន្ទាប់ពីការចរចាប្រកបដោយប្រសិទ្ធភាពនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ភាគីទាំងពីរបានយល់ព្រមកាត់បន្ថយពន្ធដែលបានដាក់បន្ទាប់ពីថ្ងៃទី ២ ខែមេសា មកត្រឹម ១០% ក្នុងរយៈពេល ៩០ ថ្ងៃ។ អ្វីដែលខ្ញុំយល់ឃើញសំខាន់បំផុតនោះគឺប្រទេសចិនបានយល់ព្រម បើកទីផ្សាររបស់ខ្លួនដល់អង្គភាពអាជីវកម្មអាមេរិក។ ការដែលចិនបើកទ្វារទីផ្សារ នឹងធ្វើឱ្យអង្គភាពអាជីវកម្មអាមេរិក អាចប្រកួតប្រជែងជាមួយចិន និងនាំមកនូវការងារកាន់តែច្រើនដល់ប្រទេសនេះ”។

លោកប្រធានាធិបតី ដូណាល់ ត្រាំបានឲ្យដឹងថា លោកអាចនិយាយតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក ស៊ីជីន ពីង នៅចុងសប្តាហ៍នេះ ហើយក្នុងករណីដែលប្រទេសទាំងពីរមិនឈានដល់កិច្ចព្រមព្រៀងក្រោយរយៈពេល ៩០ ថ្ងៃ អាមេរិកនឹងមិនវិលត្រឡប់មកពន្ធ ១៤៥% វិញទេ ប៉ុន្តែទំនិញរបស់ចិននឹងនៅតែទទួលរងការយកពន្ធសំខាន់ៗ ពីសហរដ្ឋ អាមេរិក៕