អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញទទួលលោក Kudryashov Sergei Ivanovich អគ្គនាយកនៃក្រុមហ៊ុនភាគហ៊ុនរួម Zarubezhneft (រូបថត៖ Van Hieu/VOV) |
ទទួលជួបលោក Kudryashov Sergei Ivanovich អគ្គនាយកក្រុមហ៊ុនភាគហ៊ុនរួម Zarubezhneft ដែលជាដៃគូឈានមុខគេមួយរបស់ វៀតណាមក្នុងវិស័យប្រេងនិងឧស្ម័ន លោកអគ្គលេខាបក្ស តូ ឡឹម បានស្វាគមន៍ចំពោះលទ្ធផលសហប្រតិបត្តិការ រវាងក្រុមហ៊ុនភាគហ៊ុនរួម Zarubezhneft និងសមព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ថាមពលវៀតណាម (PVN) នាពេលថ្មីៗនេះ។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមជានិច្ចកាល គាំទ្រធុរកិច្ចនៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការ លើមូលដ្ឋានច្បាប់របស់ប្រទេសនីមួយៗ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលលោក Vladimir Yevtushenkov ស្ថាបនិកក្រុមហ៊ុនភាគហ៊ុនសាធារណៈ AFK Sistema (រូបថត៖ Van Hieu/VOV) |
ក្នុងជំនួបជាមួយលោក Vladimir Yevtushenkov ស្ថាបនិកក្រុមហ៊ុនភាគហ៊ុនសាធារណៈ AFK Sistema ដែលជាក្រុមហ៊ុនវិនិយោគឯកជនពហុឧស្សាហកម្មឈានមុខគេនៅសហព័ន្ធរុស្ស៊ី អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកទេស ជាមួយសហគ្រាសឈានមុខ និងអ្នកវិនិយោគនៃសហព័ន្ធរុស្ស៊ី រួមទាំងក្រុមហ៊ុនភាគហ៊ុនសាធារណៈ AFK Sistema ផងដែរ។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ AFK Sistema ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការនៅវៀតណាមនាពេលឆាប់ៗ ជាពិសេសលើវិស័យព័ត៌មានវិទ្យា បន្ទះឈីប ថែទាំសុខភាព បច្ចេកវិទ្យាខ្ពស់ជាដើម។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបអតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev (រូបថត៖ Van Hieu/VOV) |
ក្នុងជំនួបជាមួយលោក Yuri Maximo សហស្ថាបនិកក្រុមហ៊ុន Positive Technology Company លោកអគ្គលេខាបក្សបានស្វាគមន៍ចំពោះក្រុមហ៊ុនជាគោលដៅសក្តានុពលសម្រាប់គម្រោងវិនិយោគសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត។ លោកអគ្គលេខាបក្សបានអះអាងថា លោកនឹងដឹកនាំស្ថាប័នពាក់ព័ន្ធពិចារណាជួយក្រុមហ៊ុនក្នុងការស្វែងរកព័ត៌មាន និងដៃគូសមស្របនៅវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
នៅក្នុងបណ្តាជំនួប ថ្នាក់ដឹកនាំធុរកិច្ចរុស្ស៊ីបានអះអាងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងយូរអង្វែងជាមួយដៃគូវៀតណាម ព្រមទាំងបង្ហាញការត្រៀមខ្លួនពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។
នាថ្ងៃដដែល អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបប្រធានក្រុមប្រឹក្សាដែនសមុទ្រ អតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrusev ផងដែរ៕



