ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដោយផ្អែកលើសំណើរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងសំណើដើម្បីពង្រីកប្រតិបត្តិការនៅតំបន់ហ្គាហ្សា។ យោងតាមសេចក្តីសម្រេចនេះ អ៊ីស្រាអែលអនុញ្ញាតឱ្យផ្ទេរស្បៀងអាហារមូលដ្ឋានទៅកាន់តំបន់ហ្គាហ្សាសម្រាប់ប្រជាជន ដើម្បីជៀសវាងហានិភ័យនៃវិបត្តិមនុស្សធម៌នៅទីនោះ។ អ៊ីស្រាអែលនឹងចាត់វិធានការដើម្បីធានាថា កងកម្លាំងហាម៉ាសមិនអាចគ្រប់គ្រងការចែកចាយជំនួយមនុស្សធម៌បានទេ ដោយមានគោលដៅរារាំងជំនួយទាំងនេះ មិនទៅដល់ដៃសមាជិកក្រុមហាម៉ាស់។

ការសម្រេចចិត្តដកបទហ៊ុំពទ្ធ័ និងស្តារឡើងវិញការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសដោយមិននឹកស្មានដល់ថា គណៈប្រតិភូចរចារបស់ប្រទេសនេះនៅទីក្រុងដូហា ប្រទេសកាតា កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីលទ្ធភាពនៃការសសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា រួមទាំងលក្ខណ្ឌនៃការបញ្ឈប់ការប្រយុទ្ធគ្នា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នេះគឺជាការផ្លាស់ប្តូរជាមូលដ្ឋាននិងសំខាន់របស់រដ្ឋាភិបាលអ៊ីស្រាអែលចំពោះសង្រ្គាមនៅតំបន់ហ្គាហ្សា ព្រោះកាលពីមុននោះ ទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីមតិសាធារណៈក្នុងស្រុកនិងអន្តរជាតិក៏ដោយ លោក Netanyahu បានបញ្ជាក់ថា លោកនឹងមិនបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាឡើយ មុនពេលកម្ចាត់ក្រុមហាម៉ាស់ទាំងស្រុង និងជួយសង្គ្រោះចំណាប់ខ្មាំងទាំងអស់៕