ទិដ្ឋភាពបាក់បែក(រូបថត៖ Reuters)

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា នាយករដ្ឋមន្ត្រី Netanyahu បានចោទប្រកាន់ក្រុមហាម៉ាស់ថាមិនបានឆ្លើយតបទៅនឹងសំណើកិច្ចព្រមព្រៀងដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងទទួលយកដោយអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកតំណាងចរចាវិលត្រឡប់ទៅដំណើរការចរចានៅកន្លែងណាក៏ដោយ ប្រសិនបើក្រុមហាម៉ាស់ផ្លាស់ប្តូរជំហរ និងទទួលយកសំណើរបស់សហរដ្ឋអាមេរិក។

ការសម្រេចចិត្តដកខ្លួន គណៈប្រតិភូចរចារបស់អ៊ីស្រាអែលត្រូវបានលោក Netanyahu នាំចេញត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសលក្ខខណ្ឌថ្មីមួយចំនួនដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា លោកនឹងទទួលយកតែការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាជាមួយនឹងលក្ខខណ្ឌច្បាស់លាស់ រួមមានៈ ចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាសចាប់ខ្លួនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ក្រុមហាម៉ាសត្រូវតែទម្លាក់អាវុធរបស់ខ្លួន បោះបង់អំណាច ហើយមេដឹកនាំរបស់ខ្លួនត្រូវតែចាកចេញពីហ្គាហ្សា ហើយនិរទេសខ្លួន។ គ្មានអាវុធនៅតំបន់ហ្គាហ្សាទាំងមូល និងអនុវត្តផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការតាំងទីលំនៅថ្មីនៅតំបន់ហ្គាហ្សា នៅក្នុងតំបន់ផ្សេងទៀតនៅខាងក្រៅតំបន់នោះ៕